ជាតិ
សេដ្ឋកិច្ច
សមាគមរោងចក្រ ប្រកាសថា រោងចក្រមួយចំនួន នឹងត្រូវបិទទ្វារ១ខែឬដល់២ខែ
× សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC ) ប្រកាសជាផ្លូវការថា រោងចក្រមួយចំនួននៅកម្ពុជា នឹងត្រូវបិទទ្វារបណ្តោះអាសន្ន នៅចុងខែកុម្ភៈ និងក្នុងខែមីនា ឆ្នាំ២០២០។ មិនខុសពីមន្ត្រីនិងប្រមុខរដ្ឋាភិបាលនោះទេ សមាគមរោងចក្រ លើកមូលហេតុថា គឺដោយសារតែរោងចក្រទាំងនោះ អស់វត្ថុធាតុដើម ដែលនាំចូលពីចិន។
តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សមាគមរោងចក្រ បានបញ្ជាក់ថា៖«ប្រឈមនឹងបញ្ហានេះ រោងចក្រ គ្មានជម្រើសអ្វីក្រៅពីការផ្អាកប្រតិបត្តិការផលិតកម្មជាបណ្តោះអាសន្ន ដែលអាចមានរយៈពេល១ខែពេញ ឬដល់២ខែ»។
សមាគមរោងចក្រ អះអាងថា វត្ថុធាតុដើមប្រហែលជាង៦០ភាគរយ សម្រាប់បម្រើឲ្យផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវបាននាំចូលពីប្រទេសចិន។ សមាគមរោងចក្រ បន្តថា ដោយសារការរាលដាលនៃកូរ៉ូណាវីរុស នៅប្រទេសចិន រោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុន ផ្តល់សេវាជាច្រើន បានបិទដំណើរការបណ្តោះអាសន្ន ដែលបញ្ហានេះ នឹងបង្កឲ្យមានផលប៉ះពាល់ដល់ចង្វាកផ្គត់ផ្គង់រោងចក្រនៅកម្ពុជា។
សមាគមរោងចក្រ បកស្រាយថា ការដែលរោងចក្រមួយចំនួន ត្រូវផ្អាកជាបណ្តោះអាសន្ននេះ មិនពាក់ព័ន្ធនឹងដំណើរការនៃការដកប្រព័ន្ធអនុគ្រោះ EBA របស់សហភាពអឺរ៉ុបឡើយ។ សមគមនេះ សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ការសម្រេចណាមួយរបស់សហភាពអឺរ៉ុប នឹងត្រូវចូលជាធរមាននៅក្នុងរយៈពេលមិនតិចជាង៦ខែខាងមុខនោះទេ ដូច្នេះ ការភ្ជាប់បញ្ហាការផ្អាកដំណើរការបណ្តោះអាសន្នរបស់រោងចក្រមួយចំនួននៅកម្ពុជាក្នុងខែមីនាដ៏ខ្លីខាងមុនេះ ទៅនឹងបញ្ហា EBA មិនមែនជាការត្រឹមត្រូវទេ»៕
Tag:
បិទរោងចក្រ
EBA
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com