អន្តរជាតិ
មេទ័ព​ជើងគោក​ថៃ សុំទោស​ករណី​បាញ់រះ​ដោយ​ទាហាន​សម្លាប់​មនុស្ស​២៩​នាក់​
11, Feb 2020 , 4:12 pm        
រូបភាព
ប្រមុខកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Apirat Kongsompong ថ្លែងទាំងស្រក់ទឹកភ្នែក អំឡុងសន្និសីទកាសែត នៅថ្ងៃ ១១ ខែកុម្ភៈ (Reuters)
ប្រមុខកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Apirat Kongsompong ថ្លែងទាំងស្រក់ទឹកភ្នែក អំឡុងសន្និសីទកាសែត នៅថ្ងៃ ១១ ខែកុម្ភៈ (Reuters)
ដោយ:
​ប្រមុខ​កងទ័ពជើងគោក​ថៃ ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​សម្រាប់​ករណី​បាញ់រះ​ដ៏​ព្រៃផ្សៃ​ពី​សំណាក់​ទាហាន​ម្នាក់ កាលពី​ថ្ងៃ​សៅរ៍ ទី​៨ ខែកុម្ភៈ ដែល​បានសម្លាប់​មនុស្ស​២៩​នាក់​។ លោក​ឧ​ត្ត​ម​សេនីយ៍ អះអាងថា ខ្មាន់កាំភ្លើង​រូបនេះ គឺ​លែង​ជា​ទាហាន​ទៀតហើយ ចាប់តាំងពី​ពេល​លោក​បាន​កេះកៃ​កាំភ្លើង​ដំបូង​ម្ល៉េះ​។

 
​ដោយនិយាយ​ទាំង​ស្រក់​ទឹកភ្នែក លោក​ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong បានបង្ហាញ​ការសុំ​ទោស និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​អ្នករងគ្រោះ​ទាំងអស់​។ អំឡុង​សន្និសីទ​ព័ត៌មាន​នៅឯ​ទីបញ្ជាការដ្ឋាន​នៃ​កងទ័ព​ភូមិន្ទ​ថៃ នៅ​ថ្ងៃ​អង្គារ ទី​១១ ខែកុម្ភៈ លោក លើកឡើងថា​៖«​ក្នុងនាម​ជា​មេបញ្ជាការ​កងទ័ព ខ្ញុំ​សុំ​អភ័យទោស ហើយ​ខ្ញុំ​សោកស្តាយ​ជាខ្លាំង​ដែល​បុរស​នៅ​ពីក្រោយ​ហេតុការណ៍​ដ៏​អាក្រក់​នេះ គឺជា​ទាហាន​»​។ លោក សំដៅទៅ​ពលបាលឯក Jakrapanth Thomma អាយុ ៣២​ឆ្នាំ ដែលជា​ខ្មាន់កាំភ្លើង​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោក​ឧ​ត្ត​ម​សេនីយ៍ Apirat បញ្ជាក់ថា ពេលដែល លោក Jakrapanth បាន​ទាញ​កេះកៃ​កាំភ្លើង រូបគេ​បាន​ក្លាយជា​ឧក្រិដ្ឋជន​រួចហើយ ដោយ​មិនមែនជា​ទាហាន​ទៀត​ទេ​។ ម្យ៉ាងវិញទៀត លោក សង្កត់ធ្ងន់ថា លោក​នឹង​ទទួលកំហុស​ទាំងអស់​ចំពោះ​អ្វីដែល​បានកើត​ឡើង​។ ហើយ​លោក​ក៏​សុំ​ឲ្យ​ពលរដ្ឋ​ថៃ​កុំ​ស្តីបន្ទោស​លើ​ទាហាន​ទាំងមូល ដ្បិតថា​ក្រុម​យោធា​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ពួកគេ​ដើម្បី​ធានា​សន្តិសុខ​ជាតិ និង​ជួយ​ជនរងគ្រោះ​ពេល​មាន​គ្រោះមហន្តរាយ​នានា​។  
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អំឡុង​ពេលធ្វើ​សន្និសីទ​ព័ត៌មាន លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ព្យាយាម​ទប់ទឹក​ភ្នែក​ខណៈ​លោក​បាន​រៀបរាប់​ឈ្មោះ​មនុស្ស​ដែល​បានសម្លាប់​អំឡុងពេល​បាញ់ប្រហារ​។ ហើយ​លោក អះអាងថា ក្រុម​យោធា នឹង​ចេញថ្លៃ​សំណង​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ពួកគេ​ទាំងអស់​។ 
 
​ទន្ទឹមនេះ ប្រមុខ​កងទ័ពជើងគោក​ថៃ​រូបនេះ បាន​បញ្ជាក់ថា យោធា នឹង​បើក​ការស៊ើបអង្កេត​មេបញ្ជាការ​លោក​ដែល​ត្រូវបាន​សម្លាប់​។ ត្រង់នេះ លោក បាន​សារភាពថា មន្ត្រី​យោធា​ថ្នាក់លើ ពិតជា​បាន​កេង​ប្រយោជន៍​ពី​ខ្មាន់កាំភ្លើង​ក្នុង​កិច្ចព្រមព្រៀង​ដីធ្លី​មែន​។​
 
​សូមបញ្ជាក់ថា ហេតុការណ៍​បាញ់ប្រហារ​នេះ បានកើត​ឡើង​នៅ​ម៉ោង ៣ រសៀល ថ្ងៃ​សៅរ៍ ៨ ខែកុម្ភៈ ដោយ​ជន​ជា​ខ្មាន់កាំភ្លើង​ជា​ទាហាន មាន​ឈ្មោះថា Jakrapanth Thomma វ័យ ៣២ ឆ្នាំ បាន​បាញ់សម្លាប់​មេបញ្ជាការ​ខ្លួន មុន​បន្ត​លួច​អាវុធ​ពី​បន្ទាយ​ដើម្បី​ទៅធ្វើ​សកម្មភាព​បាញ់ប្រហារ ក្នុង​ទីតាំង​ផ្សារ​ទំនើប​មួយកន្លែង ឈ្មោះថា Terminal 21​។ ក្រោយមក ខ្មាន់កាំភ្លើង​រូបនេះ ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​នៅ​ម៉ោង ៩ ព្រឹក ថ្ងៃអាទិត្យ ៩ កុម្ភៈ​។ ក្នុង​ហេតុការណ៍​នេះ មនុស្ស ៥៧ នាក់​ផ្សេងទៀត បាន​រងរបួស និង​ស្លាប់ ២៩​នាក់​៕

Tag:
 ​ថៃ​
  មេទ័ព​ជើងគោក​
  Apirat Kongsompong
  បាញ់ប្រហារ​
© រក្សាសិទ្ធិដោយ thmeythmey.com