ជាតិ
បុរសហូឡង់នៅលើនាវាទេសចរណ៍ក្នុងក្រុងព្រះសីហនុ មិនមានផ្ទុកកូរ៉ូណាវីរុសឡើយ
× រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ នេះ បានអះអាងថា ករណីជនជាតិហូឡង់ ឈ្មោះ Van Der Meer អាយុ ៧០ឆ្នាំ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ NORWEGIAN JADE នៅខេត្តព្រះសីហនុ មិនមានជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV) ឡើយ។
បុរសអ្នកទេសចរនោះ បានធ្វើដំណើរជាមួយនាវា ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយសារលោកមានអាការក្តៅខ្លួនទើបត្រូវបានបញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ អ្នកជំងឺមានអាការឡើងសំពាធឈាម តែកំដៅបានចុះមកធម្មតាវិញ។ ក្រុមគ្រូពេទ្យបានយកសំណាករបស់អ្នកជំងឺទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រដោយលទ្ធផលនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បញ្ជាក់ថាលោក Van Der Meer មិនមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV) នោះទេ។
ក្រោយមក ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រៀបចំបែបបទអនុញ្ញាតឱ្យលោកចាកចេញពីមន្ទីរពេទ្យវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com