អន្តរជាតិ
ហ្វីលីពីន នឹង​ផ្តាច់​កិច្ចព្រមព្រៀង​យោធា​មួយ​នឹង​សហរដ្ឋអាមេរិក​
11, Feb 2020 , 8:39 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (AFP)
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (AFP)
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ប្រាប់​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​លោក​ឲ្យ​ផ្តល់ដំណឹង​ផ្លូវ​ការជូន​ដល់​សហរដ្ឋអាមេរិក​ពាក់​ព័ន្ធ​ការផ្តាច់​កិច្ចព្រមព្រៀង (VFA: Visiting Forces Agreement) រវាង​យោធា​នៃ​ប្រទេស​ទាំងពីរ​។ អ្នកនាំពាក្យ​លោក អះអាង​បែបនេះ នៅ​ថ្ងៃ​អង្គារ ទី ១១ កុម្ភៈ​។

 
«​វា​ដល់ពេល​ហើយ​ដែល​យើង​ត្រូវ​ពឹង​អាស្រ័យ​លើ​ខ្លួន​យើង​។ យើង​នឹង​ពង្រឹងសមត្ថភាព​ការពារជាតិ​យើង និង​លែង​ពឹង​ផ្អែកលើ​ប្រទេស​ណា​ទៀតហើយ​»​។ អ្នកនាំពាក្យ​លោក ឌូ​ទើ​តេ គឺ​លោក Salvador Panelo បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​បែបនេះ ដោយ​ដកស្រង់​សម្តី​របស់លោក​ប្រធានាធិបតី​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Panelo អះអាងថា នីតិវិធី​កាត់ផ្តាច់​នេះ នឹង​ចាប់ផ្តើម ១៨០ ថ្ងៃ បន្ទាប់ពី​ជូនដំណឹង​ដល់​សហរដ្ឋ​អា​មេ​រិ​ករួ​ច​។ បើតាម​លោក Panelo លោក​ប្រធានាធិបតី ឌូ​ទើ​តេ ចង់បាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ដែល​ចាត់ទុក​ហ្វីលីពីន​ស្មើមុខស្មើមាត់​។​
 
​លោក ឌូ​ទើ​តេ ដែល​បង្ហាញ​ការមិន​យល់ព្រម​ជា​ចំហ​ចំពោះ​សម្ព័ន្ធ​យោធា​នៃ​ប្រទេស​ទាំងពីរ បាន​បង្កើត​ការសម្រេចចិត្ត​នេះ ក្រោយពី​មនុស្ស​ជំនិត​របស់លោក​ម្នាក់ បាន​អះអាងថា ទិ​ដ្ឋ​ការ​របស់លោក​សម្រាប់​ស​ហ​រដ្ឋ​អាមេរិក ត្រូវបាន​លុបចោល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី​។ 
 
​កិច្ចព្រមព្រៀង VFA ដែល​ត្រូវបាន​ចុះហត្ថលេខា ក្នុង​ឆ្នាំ ១៩៩៨ ផ្តល់ជូន​ភាពស្របច្បាប់​ដល់​កងទ័ព​អាមេរិក​រាប់ពាន់នាក់ ដែល​ស្នាក់នៅ​ក្នុងប្រទេស​ហ្វីលីពីន​មិន​អចិន្ត្រៃយ៍​សម្រាប់​ការធ្វើ​សមយុទ្ធ​យោធា និង​ជំនួយ​មនុស្សធម៌​។ កិច្ចព្រមព្រៀង VFA ជា​កិច្ចព្រមព្រៀង​មួយ​រវាង​រដ្ឋាភិបាល​ហ្វីលីពីន និង​រដ្ឋាភិបាល​អាមេរិក ដូច្នេះ​លោក​មាន​សិទ្ធិ​លុបចោល​បាន ដោយ​មិនចាំបាច់​ការយល់ព្រម​ពី​ភាគី​អាមេរិក​ឡើយ​។ 
 
​សូម​បញ្ចា​ក់ថា ចំណងទាក់ទង​ផ្នែក​ការពារជាតិ​រវាង​ប្រទេស​ហ្វីលីពីន និង​អតីត​មេ​អាណានិគម​ខ្លួន​គឺ សហរដ្ឋអាមេរិក បាន​បង្កើតឡើង​នៅ​ដើម​ទសវត្ស​ន៍​ឆ្នាំ​១៩៥០ ហើយ​ស្ថិតក្រោម​កិច្ចព្រមព្រៀង (MTD: Mutual Defence Treaty) ដែល​នៅតែ​បន្ត​អនុវត្ត ។ ហើយ​កិច្ចព្រមព្រៀង (EDCA: Enhanced Defence Cooperation Agreement) ដែល​បាន​ចុះហត្ថលេខា​ក្រោម​អាណត្តិ​លោក​ប្រធានាធិបតី អូ​បា​ម៉ា់ ក៏​នៅតែ​បន្ត​អនុវត្ត​ដោយ​ភាគី​ទាំងពីរ​ផងដែរ​៕

Tag:
 ហ្វីលីពីន​
  សហរដ្ឋអាមេរិក​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
© រក្សាសិទ្ធិដោយ thmeythmey.com