ជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា៖ អ្នករើសអើងចិន ដោយសារកូរ៉ូណាវីរុស ដូចជាសម្លាប់ខ្លួនឯង
× ភ្នំពេញ៖ អ្នករើសអើងចិន ដោយសារកូរ៉ូណាវីរុស ដូចជាកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងជាង៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ កុម្ភៈ។
សម្ដេច ហ៊ុន សែន ដែលឱ្យតម្លៃលើទំនាក់ទំនងចិន ក្នុងគ្រាលំបាកនេះ បាននិយាយថា បញ្ហាវីរុសកូរ៉ូណា គឺជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូល ពោលគឺមិនមែនជាផលលំបាករបស់ចិនតែម្នាក់នោះទេ។ ដោយមើលឃើញពីចំណុចនេះ សម្ដេច ហ៊ុន សែន ក៏បានឆ្លៀតរិះគន់ទៅប្រទេសដែលបិទជើងហោះហើរជាមួយចិនថា ជាទង្វើររើសអើង និងកំពុងសម្លាប់ចិន ដោយសារតែបញ្ហាកូរ៉ូណាវីរុស។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា សកម្មភាពរបស់ប្រទេសទាំងនោះ គឺជាទង្វើមិនត្រឹមត្រូវឡើយ។
លើកឡើងបែបនេះហើយ សម្ដេច ហ៊ុន សែន ក៏បាននិយាយផ្លែផ្កាជំនួសចិនវិញថា ប្រទេសដែលបិទជើងហោះហើរ និងរើសអើងចិននេះ ហាក់ដូចជាកំពុងប្រើប្រាស់វិធានការសម្លាប់សេដ្ឋកិច្ចខ្លួនឯង។ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ លោកនាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយដូច្នេះថា៖ « អ្នកដែលរើសអើងជាមួយចិន អ្នកចាំមើលលទ្ធផលថ្ងៃក្រោយ ចាំមើលចិននិយាយថាម៉េច? ជួនកាល(រដ្ឋ) ម្ចាស់ការបិទជាឯកតោភាគីជាមួយការធ្វើដំណើរជាមួយចិន ដល់ពេលសុំបើកវិញ ឧទាហរណ៍ ស្រាប់តែចិនថា ចាំពិចារណាសិន។ អាពាក្យចាំពិចារណាសិន គឺគ្រោះថ្នាក់(បានន័យថា ចិនអាចមិនបើកជើងហោះហើរវិញ)។ ខ្ញុំមិនប្រដៅអ្នកណាទេ…»។
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន បានអះអាងថា ជំហររបស់កម្ពុជា មិនរត់ចោលចិន ដែលប្រឈមមុខនឹងកូរ៉ូណាវីរុសនេះ គឺជារឿងត្រឹមត្រូវ។ បើតាមប្រមុខរដ្ឋាភិបាល ការរក្សាជំហរដោះស្រាយបញ្ហាលំបាកចិននេះ គឺជានយោបាយការទូត ដែលបម្រើផលប្រយោជន៍ដល់កម្ពុជា។
«មានអ្នកខ្លះដាក់ផ្លែ ដាក់ផ្កាឱ្យខ្ញុំ ឌឺសុទ្ធតែថារួមសុខរួមទុក្ខជាមួយចិន ក៏ប៉ុន្តែអ្នកឯងត្រូវយល់ឱ្យបាន ចំណងមិត្តភាពមួយនេះ វាជាផ្នែកមួយនៃដំណើរការនយោបាយនិងសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ អ្នកឯងត្រូវយល់ បើមិនយល់ទេ សុំទៅរៀនថែម»។ នេះជាអះអាងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែបើកដំណើរការជើងហោះហើរ និងធ្វើពាណិជ្ជកម្មជាមួយចិន។ ជាពិសេសទទួលភ្ញៀវទេសចរចូលមកកម្ពុជា ដោយគ្មានការរើសអើងឡើយ។
កាលពីថ្ងៃទី៥ កុម្ភៈ សម្ដេច ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនចិនក្នុងគ្រាលំបាកនេះ និងផ្ដល់ជំនឿចិត្តចំពោះប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅប្រទេសចិន។ សម្ដេច ហ៊ុន សែន អះអាងថា ដំណើរទស្សនកិច្ចទៅចិននេះ ក៏ដើម្បីលុបបំបាត់ការភ័យខ្លាច របស់ប្រជាពលរដ្ឋកម្ពុជាដែរ ។
កម្ពុជា បានរកឃើញករណីកូរ៉ូណាវីរុស លើបុរសជនជាតិចិនវ័យ៦០ឆ្នាំម្នាក់ ដែលស្នាក់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ មករាកន្លងមកដែរ។ ប៉ុន្តែបុរសនោះ ត្រូវបានក្រុមគ្រូពេទ្យជំនាញសុខាភិបាល ព្យាបាលជាសះស្បើយ នៅថ្ងៃទី១០ កុម្ភៈ ក្រោយពីសម្រាកថែទាំសុខភាពនៅបន្ទប់ដោយឡែក អស់រយៈពេលជិត២០ថ្ងៃ។ ជនជាតិចិនខាងលើនេះ បានត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីទទួលបានការព្យាបាលជោគជ័យ៕
Tag:
ហ៊ុន សែន
វីរុសកូរ៉ូណា
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com