ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យ​ពាណិជ្ជកម្ម​៖ យើង​ត្រៀមខ្លួន​ទប់ទល់​យូរហើយ សម្រាប់​ការសម្រេច​របស់​សហភាព​អឺរ៉ុប
11, Feb 2020 , 9:19 pm        
រូបភាព
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពនិងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពនិងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
ដោយ: ថ្មីៗ
ទោះ​មេដឹកនាំ​កំពូល​របស់​កម្ពុជា ព្យាយាម​បង្ហាញ​ជំហរ​ថា មិន​បារម្ភ​ពី​ការបាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ក្តី តែ​កម្ពុជា នៅតែ​ចៀស​មិន​ផុត ពី​ការត្រៀមខ្លួន​ផ្នែក​បច្ចេកទេស ការរៀបចំ​ថវិកាបម្រុង និង​ដាក់ចេញ​វិធានការ​ផ្សេងៗ ដើម្បី​ទប់ទល់​នឹង​ការបាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។

 
​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជា មិនមែន ទើបតែនឹង​ត្រៀមខ្លួន​នាពេលនេះ​ទេ គឺ​បាន​ត្រៀម​យូរ​មកហើយ ដើម្បី​ទទួលយក​លទ្ធផល​ពី​ការសម្រេច​របស់​សហភាព​អឺ​រុ​ប​។ 
 
​អ្នកនាំពាក្យ​រូបនេះ ថ្លែង​ដូច្នេះ​ថា​៖«​តាមពិតទៅ​រឿង​ហ្នឹង មិនមែន​យើង ទើបតែ​ត្រៀ​ម​ថ្ងៃ​ហ្នឹង​ទេ។ ជំហ​របស់​យើង យើង​បានដឹង​យូរហើយ សម្តេច​ ហ៊ុន សែន ​ក៏បាន​លើក​ឡើងច្រើនដង ​ហើយក៏បាន​ធ្វើកំណែទម្រង់​ច្រើនណាស់​ដើម្បី​ត្រៀម​ខ្លួន ទទួលយក​លទ្ធផល​នៅ​ថ្ងៃទី​១២​ស្អែក​នេះ ទោះបីជា​យ៉ាងណាក៏ដោយ​»​។  
 
​សំឡេង​លោក ស៊ា​ង ថៃ៖


 

នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប នឹង​សម្រេច​ចុងក្រោយ​ថា ព្យួរ EBA នៅ​កម្ពុជា ឬ​មិន​ព្យួរ​។ បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរមែន រយៈពេល​៦​ខែក្រោយ​មក​ទៀត សេចក្តីសម្រេច​នោះ នឹង​ចូល​ជា​ធរមាន​។ វា មានន័យថា ពេល​សេចក្តីសម្រេច​ចូល​ជា​ធរមាន កម្ពុជា ត្រូវ​បង់ពន្ធ ពេល​នាំ​ទំនិញ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។ 

លោក ស៊ា​ង ថៃ ប្រាប់ថា លោក មិនទាន់​អាចសន្និដ្ឋាន​បានឡើយ នឹងមាន​​វិនិយោគិន ឬ​អ្នក​ថៅ​កែរោងចក្រ​ខ្លះ អាច​នឹង​ដកខ្លួន​ចេញពី​កម្ពុជា បើ​សហភាព​អឺរ៉ុប សម្រេច​ព្យួរ EBA ។  លោក មានប្រសាសន៍ថា​៖«​យើង​មិនទាន់​អាចនិយាយបាន​ទេ ព្រោះ​មិនទាន់​មកដល់​។ អ្វីដែល​យើង​ខិតខំ​ធ្វើ គឺ​យើង​បាន​ជួយ​គាត់​ហើយ​...»​។ 

សំឡេង​លោក ស៊ា​ង ថៃ៖




កន្លងមក លោក ហាវ រតនៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថវិកា​នៃ​ក្រសួង​សេដ្ឋកិច្ច  ធ្លាប់​បង្ហើប​ថា កម្ពុជា រដ្ឋាភិបាល​កម្ពុជា មាន​ប្រាក់​បម្រុង​ដល់​ទៅ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​ឯណោះ ដើម្បី​ដោះស្រាយ​នឹង​វិបត្តិ​ឬ​ហានិភ័យ (​ផ្នែក​សេដ្ឋកិច្ច​)​។​

សម្តេចនាយក​រដ្ឋមន្ត្រី​មន្ត្រី ហ៊ុន សែន រក្សា​ជំហរ​ដដែល​ថា មិន​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប បន្ត​ផ្តល់ EBA ដល់​កម្ពុជា​នោះទេ​។ ក្នុង​ពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ នា​ព្រឹក​ថ្ងៃ​១១ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែងថា ព្យួរ EBA ឬ​មិន​ព្យួរ គឺជា​សិទ្ធិ​របស់​សហភាព​អឺរ៉ុប​។

យ៉ាងណា ប្រមុខ​រដ្ឋាភិបាល ចាត់ទុកថា​ជា​រឿង​ង​ល្អ​សម្រាប់​កម្ពុជា បើ​សហ​ភាពមិន​ព្យួរ EBA តែបើ​ព្យួរ កម្ពុជា នឹង​ប្រឹង​រស់ ដោយ​ដកដង្ហើម​ខ្លួនឯង​។ លើសពីនេះ ប្រមុខ​រដ្ឋាភិបាល លើកទឹកចិត្ត​ប្រជាពលរដ្ឋ និង​កម្មករ​-​កម្មការិនី កុំ​ឲ្យ​តក់ស្លុត​នឹង​សេចក្តីសម្រេច​របស់​សហ​ភាព​អឺរ៉ុប​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា រោងចក្រ​មួយចំនួន​នៅ​កម្ពុជា នឹងត្រូវ​បិទទ្វារ​រយៈពេល​១​ខែ​ពេញ​ឬក៏​អាច​ដល់​២​ខែ ចាប់ពី​ចុងខែ​កុម្ភៈ​និង​ក្នុង​ខែមីនា ឆ្នាំ​២០២០​។ តាមរយៈ​សេចក្តីប្រកាសព័ត៌មាន នៅ​ថ្ងៃទី​១១ ខែកុម្ភៈ សមាគម​រោងចក្រ​កាត់ដេរ លើក​ហេតុផល​ដូច​មន្ត្រី​និង​ប្រមុខ​រដ្ឋាភិបាល​ដែរ​ថា ការបិទ​រោងចក្រ​បណ្តោះអាសន្ន​នេះ គឺ​ដោយសារ​អស់​វត្ថុធាតុដើម ដែល​នាំចូល​ពី​ចិន តែ​មិនមែន​មកពី​ការព្យួរ EBA ឡើយ​។ 
 
​សមគម​រោងចក្រ​កាត់ដេរ បកស្រាយ​ថា ការ​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា ធ្វើ​ឲ្យ​រោងចក្រ​និង​ក្រុមហ៊ុន​នៅ​ចិន ត្រូវ​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ទៅ​បណ្តា​ប្រទេស​នានា រួមទាំង​កម្ពុជា ផងដែរ​៕ 

Tag:
 EU
  EBA
  ស៊ា​ង ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com