ជាតិ
រដ្ឋាភិបាល ចំណាយថវិកាជាង៥៦លានដុល្លារ លើគម្រោងផ្លូវជាតិលេខ២ និងលេខ២២ប្រវែង៧២គីឡូម៉ែត្រ
× ភ្នំពេញ៖ ផ្លូវជាតិលេខ២ និងលេខ២២ មានប្រវែងជាង៧២គីឡូម៉ែត្រ ដែលបានចាប់ផ្ដើមសាងសង់ នៅថ្ងៃទី១១ខែកុម្ភៈនេះ នឹងចំណាយទឹកប្រាក់សរុបចំនួន ៥៦,១លានដុល្លារអាមេរិក។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។ បើតាមសម្ដេច ហ៊ុន សែន បដិភាគរដ្ឋាភិបាល មានចំនួន១១លានដុល្លារ សម្រាប់គម្រោងផ្លូវនេះ។
កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ។ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ រាប់ចាប់ពីរាជធានីភ្នំពេញទៅខេត្តកណ្តាលរហូតដល់ខេត្តតាកែវ ។ ចំណែកផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងខេត្តតាកែវ។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕
© រក្សាសិទ្ធិដោយ thmeythmey.com