វិស័យ​ឯកជន​ស្នើ​រដ្ឋាភិបាល​ពិចារណា​ជួយ​បន្ថយពន្ធ និង​ទម្លាក់​ការប្រាក់​ធនាគារ អំឡុងពេល​មាន​វិបត្តិ​កូ​រ៉ូ​ណា​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វិស័យ​ឯកជន​ស្នើ​រដ្ឋាភិបាល​ពិចារណា​ជួយ​បន្ថយពន្ធ និង​ទម្លាក់​ការប្រាក់​ធនាគារ អំឡុងពេល​មាន​វិបត្តិ​កូ​រ៉ូ​ណា​
11, Feb 2020 , 10:19 pm        
រូបភាព
​សៀមរាប​៖ ស្របពេល​បណ្តា​ប្រទេស​មួយចំនួន កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ការផ្ទុះ​ឡើង​នូវ​ប្រភេទ​វីរុស​កូ​រ៉ូ​ណា​នៅ​ប្រទេស​ចិន វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ក៏​រង​ផលប៉ះពាល់​ខ្លាំង​ដែរ​។ តាមពិតទៅ វិបត្តិ​នេះ​កើតឡើង​មុន​ការកើតមាន​វីរុស​ប្រភេទ​ថ្មី​នេះ​ទៅទៀត ហើយ​ការ​ផ្ទុះឡើង​នូវ​មេរោគ​ថ្មី​នេះ វា​កាន់តែ​សង្កត់ករ​ប្រតិបត្តិ​ករ​ទេសច​សរណ៍​មួយកម្រិត​ទៀត​។



ទេសចរ​ធ្លាក់ចុះ ចំណាយ​ច្រើនជាង​ចំណូល ដែល​ធ្វើឱ្យ​អាជីវកម្ម​ខ្លះ​បង្ខំចិត្ត​បិទទ្វារ​។ ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រសួងទេសចរណ៍​និង​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​សប្ដាហ៍​នេះ ក្រុម​ប្រតិបត្តិ​ករ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ពិចារណា​រក​ដំណោះស្រាយ​ជួយ​ពួកគេ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​នេះ ដូចជា​ការមិន​យកពន្ធ ការមិន​យក​ថ្លៃ​អគ្គិសនី ឬ​ទម្លាក់​ការប្រាក់​ធនាគារ​ក្នុង​កម្រិត​មួយ​ដែល​អាចឱ្យ​ម្ចាស់​អាជីវកម្ម​ទប់ទល់​បាន ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​ចង់ឃើញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​បិទទ្វារ​ជា​បន្តបន្ទាប់​។​
 

 
​បញ្ហា​មួយ​មិនទាន់​ទាំង​បាន​ដោះស្រាយ​ផង បញ្ហា​មួយទៀត​ក៏​មក​ពីលើ​មួយ​ជាន់​ទៀត​។ វីរុស​កូ​រ៉ូ​ណា​ដែល​ផ្ទុះឡើង​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​រង្គោះ​រង្គើ​។ ងាក​មក​មើល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​វិញ វិបត្តិ​នេះ​ធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្រពុលមុខ​មិនតិច​ទេ និង​ប្រឹង​ទប់​អាជីវកម្ម​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​នេះ​។ 
 
​បញ្ហា​ការកើតឡើង​នៃ​វីរុស​កូ​រ៉ូ​ណា បាន​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​ក្នុង​កិច្ចប្រជុំ​ការងារ​ទេសចរណ៍​ជាមួយ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ នា​ថ្ងៃទី​១០ កុម្ភៈ នៅ​រដ្ឋបាល​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ បាន​ជជែក​ពី​បញ្ហា​ផលប៉ះពាល់ និង​ដំណោះស្រាយ​បន្ទាន់​នានា​ដើម្បី​អាចធ្វើ​បាន​ក្នុង​កាលៈទេសៈ​នេះ​។​
 
​តំណាង​វិស័យ​ឯកជន លោក ហ្វី​លី​ព កៅ បានធ្វើ​បទ​បង្ហាញ​ត្រួសៗ​ពី​តួលេខ​ទេសចរ​នា​រយៈពេល​ចុងក្រោយ ក៏ដូចជា​ការធ្លាក់ចុះ​ទេសចរ​នៅ​ឆ្នាំ​២០១៩​កន្លងទៅ​។ ក្នុង​ឆ្នាំ​២០១៩ មុន​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា ទេសចរ​ធ្វើដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​អន្ដរជាតិ​ខេត្តសៀមរាប ធ្លាក់ចុះ​ប្រមាណ​១៤​ភាគរយ​។ លោក ហ្វី​លី​ព បាន​យក​ស្ថានការណ៍​ធ្លាក់ចុះ​នេះ​ទៅ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង​២ ស្រប​ពេលដែល​កម្ពុជា​ធ្លាក់ចុះ​ចំនួន​ទេសចរ តែ​ប្រទេស​ថៃ និង​វៀតណាម បែរ​ជាមាន​កំណើន​ទេសចរ​គួរឱ្យកត់សម្គាល់​ទៅវិញ​។​
 
​លោក ហ្វី​លី​ព លើកឡើងថា​៖«...​យើង​លើក​ប្រទេសជិតខាង​២ គឺ​ថៃ​និង​វៀតណាម ថ្មីៗ​ថៃ​មានការ​កើនឡើង​(​ទេសចរ​) ឆ្នាំ​២០១៩ មាន​ទេសចរ​៣៩,៨​លាន​នាក់មក​ប្រទេស​គេ វៀតណាម​កើន​ខ្លាំង​ដែរ ចឹ​ង​យើង​គិតថា​សៀមរាប​គួរតែ​ទទួលបាន​លទ្ធផល​បែបនេះ ឬ​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​កែប្រែ​ស្ថានភាព​ជាក់ស្ដែង​...»​។​


 
​ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប ហៅ​កាត់​ថា STC ក៏បាន​លើក​ករណី​ច្រើន​ទៀត​ដែល​ក្រសួងទេសចរណ៍ សហការ​ជាមួយ​វិស័យ​ឯកជន ត្រូវ​រៀបចំ​ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍​ឱ្យមាន​ភាពល្អប្រសើរ និង​ឆ្លើយតប​តាម​តម្រូវការ​របស់​ទេសច​រ​។ សម្រាប់​លោក ហ្វី​លី​ព សៀមរាប​នៅតែ​ជាទី​ផ្សារ​ល្អ​សម្រាប់​ភ្ញៀវទេសចរ ហើយ​នៅ​ខ្វះ​ធនធាន​សម្រាប់​បំពេញ​ឱ្យ​ទេសចរ​។ 
 
​ក្នុង​ស្ថានការណ៍​នៃ​ការ​ផ្ទុះឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ ម្ចាស់​អាជីវកម្ម​ជាច្រើន​កំពុង​ប្រឈមមុខ​នឹង​ការខាតបង់ ខណៈដែល​គ្មាន​ភ្ញៀវ ហើយ​ការចំណាយ​ច្រើនជាង​ចំណូល​។ លោក ហ្វី​លី​ព បាន​លើក​ករណី​មួយចំនួន​ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​ជួយ​វិស័យ​ឯកជន ដើម្បី​ស្រោចស្រង់​ការខាតបង់​ពួកគេ​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​នេះ​។ ប្រតិបត្តិ​ករ​ទេសចរណ៍​ស្នើឱ្យ​រដ្ឋា​ភិ​បាក​ពិចារណា​មិន​យក​តម្លៃ​អគ្គិសនី ឬ​ពន្ធដា ហើយ​សម្រួល​ដល់​ធនាគា​រ ឱ្យ​ពន្យារពេល​ការបង់ប្រាក់​ថ្លៃដើម​ដែល​ម្ចាស់​អាជីវកម្ម​មួយចំនួនធំ​ខ្ចី និង​បញ្ចុះតម្លៃ​ការប្រាក់​៥០​ភាគរយ​ក្នុង​ឆ្នាំ​២០២០​នេះ​។ ជា​ម្ចាស់​សណ្ឋាគារ​មួយរូប លោក ហ្វី​លី​ព បាន​លើក​ពី​ប្រទេស​មួយចំនួន ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​វិធានការ​ភ្លាមៗ ជួយ​វិស័យ​ឯកជន​ក្នុង​ស្ថានការណ៍​ដូចគ្នានេះ​។​
 
​បន្ថែម​ពីនេះ លោក ហ្វី​លី​ព ក៏​ស្នើឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​ពិចារណា​បញ្ចុះតម្លៃ​៥០​ភាគរយ​ក្នុងការ​ហោះហើរ​មកកាន់​ខេត្តសៀមរាប​ផងដែរ ក្នុង​កាលៈទេសៈ​ដែល​មិនសូវមាន​អ្នកធ្វើដំណើរ​។ ចំណែក​វិស័យ​សណ្ឋាគារ​ក៏​ដូចគ្នា គួររៀបចំ​ការបញ្ចុះ​តម្លៃ​បែបណា​ដែល​អាចឱ្យ​ខ្លួនរ​ស់បាន ជាជាង​គ្មាន​ចំណូល​សម្រាប់​ទ្រទ្រង់​អាជីវកម្ម​របស់ខ្លួន​។ ការជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​ក៏​ជា​ចំណុច​ដែល​គួរ​ធ្វើ​ផងដែរ​ក្នុង​ស្ថានការណ៍​នេះ​។ លោក ហ្វី​លី​ព បន្ថែម​។​


 
​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​នេះ រដ្ឋមន្ត្រី​ស្ដីទី លោក ទិ​ត ចន្ថា លើកឡើងថា ក្រសួង​នឹង​ពិចារណា ក៏ដូចជា​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​យក​ជម្រើស​មួយ​ដែល​ល្អ និង​អាច​ធ្វើបាន​។ លោក​ថា ក្រសួង​តែមួយ​មិនអាច​សម្រេច​កិច្ចការ​ទាំងនេះ​បានទេ ព្រោះ​ពាក់ព័ន្ធ​នឹង​វិស័យ​ច្រើន​ដូចជា ពន្ធដា អគ្គិសនី ផ្នែក​ធនាគារ​ជាដើម ហើយ​លោក​ជឿថា វិស័យ​ឯកជន​នឹង​យល់​ពី​កិច្ចការ​ទាំងនេះ​។​
 
​ចំណែក​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ក៏​គ្មាន​យោបល់​អ្វី​ច្រើន​ទេ​ចំពោះ​ការស្នើសុំ​របស់​វិស័យ​ឯកជន​។ តែ​លោក​សុំ​ពេល​ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​របស់លោក ក្នុង​ការរក​លទ្ធភាព​បន្ធូ​បន្ថយ​ផ្នែក​ពន្ធដា អគ្គិសនី និង​ការទម្លាក់​ការប្រាក់​ពី​ធនាគារ​ជាដើម​នេះ​។ ឆ្លើយតប​ទៅនឹង​ការស្នើ​ពី​វិស័យ​ឯកជន​ថាឱ្យ​ជួយ​រៀបចំ​ពិធីបុណ្យ និង​ព្រឹត្តិការណ៍​ឱ្យ​កាន់តែច្រើន​ក្នុង​កាលៈទេសៈ​នេះ ដើម្បី​ទប់ទល់​ការធ្លាក់​ភ្ញៀវ លោក​អភិបាលខេត្ត​ប្រាប់ថា កន្លងមក​ខេត្ត​បានរៀបចំ​ច្រើន​ហើយ តែ​ទទួលស្គាល់ថា វា​នៅ​មិនទាន់​ឆ្លើយតប​គ្រប់គ្រាន់​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​។ 
 
​លោក ទិ​ត ចន្ថា បានផ្តល់​សារ​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ កុំឱ្យ​មានការ​បាក់​ទឹកចិត្ត​ក្នុងពេល​វេលា​នៃ​ការកើត​វីរុស​កូ​រ៉ូ​ណា​នេះ ព្រោះថា​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​កម្ពុជា​ជួប​វិបត្តិ​។ លោក ចន្ថា បានផ្ដល់​សារ​មួយ​ឃ្លា​យ៉ាង​ដូច្នេះ​ថា «​អង្គរ​ឈរ​ជាង​១​ពាន់​ឆ្នាំ រង់ចាំ​អ្នក​មក​ទស្សនា កុំ​ភ័យ​កុំ​ខ្លាច​កូ​រ៉ូ​ណា ២-៣​ថ្ងៃ​ទើបនឹង​កើត​ទេ​»​។ មន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ​ប្រាប់ថា កម្ពុជា​នៅតែ​ស្វាគមន៍​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ ហើយ​បច្ចុប្បន្ន​សកម្មភាព​ទេសចរណ៍​នៅ​ខេត្តសៀមរាប​មាន​សភាព​ធម្មតា ហើយ​លោក​ជឿជាក់ថា ស្ថានការណ៍​នឹង​ត្រឡប់​រក​សភាព​ដើម​វិញ​ឆាប់ៗ​។ យ៉ាងណា​លោក​ថា ក្រសួង​នៅតែ​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់ និង​មានការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​លើ​ទេសចរ​ដែល​បាន​ចេញចូល​ប្រទេស​កម្ពុជា​៕















Tag:
 ទេសចរណ៍​សៀមរាប​
  វីរុស​កូ​រ៉ូ​ណា​
  ហ្វី​លី​ព កៅ​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com