ជាតិ
សង្គមជាតិ
ពលរដ្ឋ​មួយក្រុម នាំគ្នា​រៃ​ថវិកា ទិញ​សម្ភារ​ជូន​អ្នកធាក់​ស៊ីក្លូ ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​
12, Feb 2020 , 8:59 am        
រូបភាព
រូបភាព​អ្នក​ធាក់ស៊ីក្លូ
រូបភាព​អ្នក​ធាក់ស៊ីក្លូ
ដោយ:
​ភ្នំពេញ​៖ ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ដែលជា​បុណ្យប្រពៃណី​របស់​បរទេស នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​ខាងមុខនេះ​។ ចំ​ថ្ងៃនោះ ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន នឹង​បង្ហាញ​ក្តី​ស្រឡាញ់​ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន តាម​សកម្មភាព​ខុសគ្នាៗ​។ សកម្មភាព​ទាំងនោះ មានការ​ផ្តល់​ថវិកា សម្ភារ និង​ចំណាយ​ពេលវេលា​នៅ​ជាមួយ​ក្រុមគ្រួសារ មិត្តភក្តិ និង ដៃគូ​ជាដើម​។


 
​ជាមួយគ្នានេះ ពលរដ្ឋ​កម្ពុជា​មួយក្រុម បាន​ចំណាយពេល សម្រាប់​ប្រមូល​ថវិកា​ពី​មហាជន ដើម្បី​ទុក​ទិញ​សម្ភារ​ប្រើប្រាស់​ឲ្យ​អ្នកធាក់ស៊ីក្លូ​នៅ​រាជធានី​ភ្នំពេញ​។ លោក អ៊ីវ សំណាង ប្រធាន​នាយក​រដ្ឋបាល​ធនធាន​មនុស្ស​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ដែលជា​អ្នក​ផ្តួចផ្តើម​បង្កើត កម្មវិធី​សប្បុរសធម៌​តាំងពី​ឆ្នាំ​២០១៩​មក រួម​ជាមួយនឹង​ក្រុមការងារ​ប្រមាណ​៤ ទៅ​៥​នាក់​ទៀត បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន និង​រៃអង្គាស​ពី​សាធារណជន សម្រាប់​ទិញ​សម្ភារ​ប្រើប្រាស់ និង​ម្ហូបអាហារ​ដល់​អ្នក​ដែលមាន​មុខរបរ​ជា​អ្នកធាក់ស៊ីក្លូ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។​


 
​លោក អ៊ីវ សំណាង បាន​បញ្ជាក់ថា លោក បង្កើត​កម្មវិធី​សប្បុរសធម៌​នេះ​ឡើង ដោយសារ​លោក​តែងតែ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​អ្នក​ធា្ល​ក់​ស៊ីក្លូ ដែល​ពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​មើលរំលង​។ លោក បានលើកឡើង​ដូច្នេះ​ថា​៖«​នៅ​ថ្ងៃ​១៤​កុម្ភៈ​គឺជា​ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់ មនុស្ស​គ្រប់គ្នា​គឺ​សុទ្ធតែ​អាច​ចែក​ក្តី​ស្រឡាញ់​ទៅ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ តាម​រូបភាព និង​សកម្មភាព​ផ្សេងៗ​។ ប៉ុន្តែ​ពួកគាត់​អត់​មាន​អ្នក​ចែក​ក្តី​ស្រឡាញ់​ឲ្យ​គាត់​ទេ អ៊ីចឹង​មានតែ​យើងទាំងអស់គ្នា​ទេ ដែល​ត្រូវ​ចូលរួម​ជា​កម្លាំង ជា​សម្ភារ ជា​ថវិកា សម្រាប់​យកទៅ​ចែកជូន​ពួកគាត់​នៅ​ថ្ងៃ​ហ្នឹង​»​។  
 
​ថវិកា​ដែល​ប្រមូលបាន​ពី​សប្បុរសជន លោក អ៊ីវ សំណាង នឹង​យកទៅ​ទិញ​ម្ហូបអាហារ ក្រមា កៅ​អៀក ប្រេង​ក្រឡា ខោចែវ ស្បែកជើង មី ត្រីខ និង​ផ្តល់​ជា​ថវិកា​ខ្លះ​ផងដែរ សម្រាប់​ជូន​ដល់​អ្នកធាក់ស៊ីក្លូ​ប្រមាណ​១០០​នាក់​។ លោក​នឹង​ចែក​សម្ភារ​ទាំងនោះ​នៅក្នុង​វត្ត​សំពៅ​មាស នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ លោក អ៊ីវ សំណាង បាន​និយាយថា​៖«​មុន​ថ្ងៃទី​១៦ ខែកុម្ភៈ ខ្ញុំ​អាច​ទៅ​ប្រមូល និង​ផ្សព្វផ្សាយ​ដល់​អ្នក​ដែល​ធាក់​ស៊ីក្លូ​នៅតាម​ផ្សារ​អូរឫស្សី ក្រោយ​បរមរាជវាំង និង​នៅ​ផ្សារកណ្តាល​ឲ្យ​មក​ប្រមូល​ផ្តុំគ្នា​នៅ​វត្ត​សំពៅ​មាស​។ ការចែក​ហ្នឹង​គឺ​យើង​មាន​ជា​ខិតប័ណ្ណ​សម្រាប់​គាត់ ដើម្បី​គាត់​យក​ខិតប័ណ្ណ​ហ្នឹង​មក​ដូរ​ជា​សម្ភារ​។ យើង​មិនមែន​រើសអើង​ទេ ព្រោះ​យើង​បារម្ភ​ហានិភ័យ​។ ពេលណា​គាត់​បាន​ហើយ តែ​បែរជា​គាត់​មក​យក​ទៀត​»​។​
 
​លោក អ៊ីវ សំណាង ជឿជាក់ថា សកម្មភាព​របស់ខ្លួន នឹង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​អ្នក​ដែល​ប្រកបមុខរបរ​ជា​អ្នកធាក់ស៊ីក្លូ​ដែល​កំពុងតែ​ជួប​ផល​លំបាក​បាន​មួយកម្រិត​ដែរ​។ លោក អ៊ីវ ប្រាប់ថា​៖«​ពេល​ខ្ញុំ​ខំព្យាយាម ប្រមែប្រមូល​សម្ភារ និង​ថិ​វ​កា​ទៅ​ឲ្យ​ពួកគាត់ ហើយ​ពួកគាត់​ញញឹម ហើយ​គាត់​ក៏​អរគុណ​ពួកយើង ពេល​ហ្នឹង​ខ្ញុំ​សប្បាយចិត្ត និង​រំភើប​ជាខ្លាំង​។ ស្នាមញញឹម​របស់​ពួកគាត់​បាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​នៅតែ​បន្តធ្វើ​ទៀត​»៕ 

Tag:
 បុណ្យ​នៃ​សេចក្តីស្រឡាញ់​
 ​ថវិកា​
 ​សប្បុរសធម៌
© រក្សាសិទ្ធិដោយ thmeythmey.com