អន្តរជាតិ
កូរ៉ូណាវីរុស៖ រកឃើញ២ករណីនៅជប៉ុន ដែលដំបូងឡើយ លទ្ធផលតេស្តអវិជ្ជមាន
× ជនជាតិជប៉ុនចំនួន២នាក់ដែលបានជម្លៀសពីក្រុង វូហាន ដែលជាតំបន់ផ្ទុះរាលដាលកូរ៉ូណាវីរុស បានរកឃើញថាឆ្លងជំងឺនេះ ក្រោយពីដំបូងៗលទ្ធផលតេស្តបានបង្ហាញអវិជ្ជមាន។ ក្រសួងសុខាភិបាលជប៉ុន បានបញ្ជាក់បែបនេះ នៅថ្ងៃអង្គារ ទី១១ កុម្ភៈ។
ក្នុងចំណោមមនុស្សទាំងពីរនាក់នេះ បុរសម្នាក់ក្នុងវ័យ៥០ឆ្នាំ ដែលបានត្រលប់មកពីទីក្រុង វូហាន លើជើងហោះហើរជម្លៀសលើកទី ១ កាលពីថ្ងៃ ២៩ ខែមករា បានធ្វើតេស្តអវិជ្ជមានចំនួន២លើកសម្រាប់វីរុសនេះ ។
ទោះជាបែបនេះក្តី ការធ្វើតេស្តជាលើកទី៣ ពោលគឺជា១២ថ្ងៃក្រោយមក លទ្ធផលតេស្ត បានបង្ហាញឃើញថា បុរសដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងបន្ទប់សណ្ឋាគាររបស់លោកនេះ បានឆ្លងវីរុសនេះ។
ចំណែកឯ ជនជាតិជប៉ុនអាយុ៤០ឆ្នាំម្នាក់ទៀត បានត្រលប់មកពីក្រុង វូហាន កាលពីថ្ងៃ៣០ មករា ហើយដំបូងៗឡើយ លោកបានធ្វើតេស្តអវិជ្ជមានសម្រាប់វីរុសនេះ។ យ៉ាងណាមិញ លោកបានរកឃើញថាឆ្លងវីរុសនេះ ក្រោយការធ្វើតេស្តជាលើកទី២ នៅថ្ងៃចន្ទ ១០ ខែកុម្ភៈ។
យោងតាមការអះអាងរបស់អង្គការសុខភាពពិភពលោក រយៈពេលបង្ករោគរបស់កូរ៉ូណាវីរុស អាចឡើងដល់ ១៤ ថ្ងៃ។
សូមបញ្ជាក់ថា ករណីថ្មីទាំងពីរនេះ បានធ្វើឲ្យតួលេខឆ្លងកូរ៉ូណាវីរុសដល់ ២៨ ដោយពុំរាប់បញ្ចូលមនុស្សដែលឆ្លងលើនាវា។ គិតមកត្រឹមពេលនេះ មនុស្ស១៣៥នាក់លើនាវាទេសចរណ៍ Diamond Princess បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ ចាប់តាំងពីចូលចតនៅជប៉ុនកាលពីដើមសប្តាហ៍មុន៕
© រក្សាសិទ្ធិដោយ thmeythmey.com