ជាតិ
២៥ខេត្ត/រាជធានី
ខួប​២៥​ឆ្នាំ អាជ្ញាធរ​អប្សរារៀបចំ​ពិព័រណ៍​បង្ហាញ​សមិទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​
11, Feb 2020 , 9:32 pm        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ខួប​២៥​ឆ្នាំ​របស់ខ្លួន នៅ​ថ្ងៃទី​១៩ កុម្ភៈ​នេះ​។ រយៈពេល​២៥​ឆ្នាំ​មកនេះ អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា​ខ្លួន​បានធ្វើ​ការងារ​ជាច្រើន ដើម្បី​ថែរក្សា និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ក្នុងនោះ​មានដូចជា ជួសជុល​ប្រាសាទ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាដើម។

 

​ដើម្បី​អបអរ​ខួបកំណើត​២៥​ឆ្នាំ​របស់ខ្លួន អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ស្តង់​ផ្តល់ព័ត៌មាន ការតាំងពិព័រណ៍​ពី​សមិទ្ធផល​ការងារ បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ​ទៅមុខ នឹងត្រូវ​រៀបចំឡើង​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត និង​ក្រុង​អង្គរធំ ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ អា​ជ្ញ​ធរ​ជាតិ​អប្សរា នឹង​រៀបចំ​ពិធី​សាសនា និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​២២៥​អង្គ នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​។ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏​ប្រកាស​បើកទ្វារ​ទីស្នាក់ការ​ដើម្បី​ស្វាគមន៍​សាធារណជន សិស្ស​និស្សិត  សិក្សា​ស្វែងយល់​ពី​ការងារ​របស់ខ្លួន​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​អប្សរា​។​
 
​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើតឡើង អនុលោម​ទៅតាម​គោលការណ៍​មួយ​ក្នុងចំណោម​គោលការណ៍​ទាំង​៥ សម្រាប់​លក្ខខណ្ឌ​នៃ​ការចុះបញ្ជី​រមណីយដ្ឋាន​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com