សុខភាព
អន្តរជាតិ
COVID-19៖ ចំនួនអ្នកស្លាប់ឡើងដល់១១១៦នាក់ហើយ គិតត្រឹមល្ងាចថ្ងៃពុធនេះ រូបថត៖ Xinhua
× អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់នាក់១១១៦នាក់ហើយ បើគិតត្រឹមម៉ោង៥ និង៥៥នាទី ល្ងាចថ្ងៃពុធ ទី១២ ខែកុម្ភៈ នេះ។ តួលេខនេះ កើនពីចំនួន១០១៨នាក់ កាលពីថ្ងៃម្សិលមិញ។ ករណីស្លាប់នៅក្រៅប្រទេសចិន មានតែ១ករណីប៉ុណ្ណោះនៅហ្វីលីពីន និង១ករណីទៀតនៅហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន។
ទិន្នន័យ Tracking Coronavirus របស់ BNO News បង្ហាញផងដែរថា តួលេខអ្នកជំងឺកើនឡើងដល់ប្រមាណ៤៥ ០០០នាក់ នៅប្រទេសចំនួន២៥ ដោយភាគច្រើនបំផុតនៅចិន ជាពិសេសនៅក្រុងវូហានដែលជាកន្លែងផ្ទុះជំងឺ។ អ្នកជំងឺជាង៨០០០នាក់ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ រីឯជិត៥០០០នាក់ បានសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកស្លាប់៩៤នាក់បន្ថែមទៀតក្នុងខេត្ត Hubei ធ្វើឲ្យចំនួនអ្នកស្លាប់នៅខេត្តនេះ ឡើងដល់១០៦៨នាក់ ដោយភាគច្រើនបំផុតនៅក្រុងវូហាន។ ករណីស្លាប់៣នាក់ទៀត មាននៅខេត្តហេណាន ហ៊ូណាន និង Chongqing។ ១ករណីចុងក្រោយនៅចិនទើបត្រូវបានបញ្ចូលនៅល្ងាចនេះ ប៉ុន្តែមិនទាន់បញ្ជាក់ពីទីតាំងច្បាស់នៅឡើយ។
ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៤ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ជប៉ុន (បញ្ចូលទាំងអ្នកជំងឺនៅលើនាវាទេសចរណ៍ Diamond Princess) ថៃ សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ និងបែលហ្ស៊ិក៕
Tag:
កូរ៉ូណាវីរុស
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com