ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​អ្នក​កាន់តែ​ឆ្លាត​វៃ​?
12, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខួរក្បាល​ជា​សរីរាង្គ​សំខាន់​ណាស់​ក្នុង​រាងកាយ​ដែល​ផ្សារភ្ជាប់​សរសៃប្រសាទ​រា​ប់​លាន​ជាមួយ​រាងកាយ ហើយ​នៅពេល​អ្នក​ទទួលទាន​អាហារ​ត្រឹមត្រូវ​នោះ​អ្នក​អាច​បង្កើន​ការចងចាំ​របស់​ខ្លួនឯង​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។ នៅពេលណា​ខួរក្បាល​ទទួលរង​សម្ពាធ ឬ​តានតឹង​វា​នឹង​បញ្ចេញ​នូវ​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​រាងកាយ​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ដែល​ជួយ​ជំរុញ​ថាមពល​ខួរក្បាល​ជាប្រចាំ​នោះ​អ្នក​អាច​កាត់បន្ថយ​សារ​ធាតុគីមី​គ្រោះថ្នាក់​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ជួយ​រក្សា ក៏ដូចជា​បង្កើន​ថាមពល​ខួរក្បាល​ជំរុញ​ការចងចាំ ៖
 
១. ត្រី​សម្បូរ​ខ្លាញ់​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ដែល​ចាំបាច់​ណាស់​សម្រាប់​បង្កើន​សុខភាព​ខួរក្បាល​។ ជាតិ​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ក៏​ជួយ​បង្កើត​កោសិកា​ខួរក្បាល រួមទាំង​សរសៃប្រសាទ​ផងដែរ​។ ការទទួល​ទាន​ត្រី​សម្បូរ​ខ្លាញ់​ថែមទាំង​អាចជួយ​សម្រួល​អារម្មណ៍​និង​អាចធ្វើ​ឲ្យ​ខួរក្បាល​ស្ងប់​ទៀតផង​។​
 
២. កា​កាវ​

​កា​កាវ​គ្មាន​ផ្ទុក​ជាតិ​ស្ករ​និង​ទឹកដោះគោ​ឡើយ​នៅពេល​មិនទាន់​ត្រូវបាន​ច្នៃ​ជា​សូកូឡា​។ កា​កាវ​សុទ្ធ​អាច​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​! វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង epicatechin ដែល​ជួយ​ជំរុញ​ពង្រឹង​មុខងារ​ខួរក្បាល​បង្កើន​ការចងចាំ ព្រមទាំង​សមត្ថភាព​ក្នុងការ​យល់ដឹង​។ ការទទួល​ទាន​កា​កាវ​ក្ដៅៗ​ដោយ​មិន​បន្ថែម​ស្ករ​និង​ក្រែ​ម​ទឹកដោះគោ​ច្រើន​លើសលប់​នៅពេល​ល្ងាច គឺ​ប្រសើរ​បំផុត​។​
 
៣. ការ៉ុត​

​ការ៉ុត​មាន​ផ្ទុក​សារធាតុ beta carotene ដែល​ល្អ​ចំពោះ​សុខភាព​ខួរក្បាល​និង​ការចងចាំ​ដោយ​ជួយ​កម្ចាត់​ការ​រ​រលាក​ក្នុង​ខួរក្បាល​។​
 
៤. ទឹក​

​មិន​ត្រឹមតែ​សម្រាប់​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទឹក គឺ​ចាំបាច់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។ ខួរក្បាល​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​មុខងារ​។ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​បង្ក​ហានិភ័យ​នៃ​បញ្ហា​ខ្សោយ​ការចងចាំ ពិបាក​ផ្ដោតអារម្មណ៍​និង​សុខភាព​ខួរក្បាល​អន់ថយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​រាល់ថ្ងៃ​។​
 
៥. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Lycopene

Lycopene ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​រក្សា​សុខភាព​ខួរក្បាល​ទប់ស្កាត់​បញ្ហា​ផ្សេងៗ រួមទាំង​ជំងឺមហារីក​ខួរក្បាល​គួរអោយកត់សម្គាល់​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Lycopene រួមមាន ប៉េងប៉ោះ ឪឡឹក ម្ទេស​ក្រហម​ជាដើម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​
 
៦. ស៊ុត​

​ស៊ុត គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ choline ជា​ប្រភេទ​នៃ​វីតាមីន B មួយ​ដែល​ប្រើប្រាស់​ដោយ​ខួរក្បាល​ដើម្បី​បង្កើត​ម៉ូលេគុល​និង​ភ្នាស​កោសិកា​ថ្មីៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com