ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! យល់ដឹង​ពី​កង្វះ​វីតាមីន D និង​វិធី​ព្យាបាល​
13, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វីតាមីន D ជា​វីតាមីន​ចាំបាច់​បំផុត​មួយ​ដែល​ជួយ​រាងកាយ​ក្នុងការ​ស្រូបយក​ជាតិ​កាល់ស្យូម​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ កង្វះ​វីតាមីន D អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​រួមបញ្ចូល​ទាំង​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ សាច់ដុំ​ចុះខ្សោយ បញ្ហា​សុខភាព​ផ្លូវចិត្ត បញ្ហា​បេះដូង និង​សូម្បីតែ​ជំងឺ​ទឹកនោមផ្អែម​។ ជាធម្មតា​យើង​ទទួលបាន​វីតាមីន​នេះ​ពី​អាហារ ថ្នាំ​គ្រាប់​វីតាមីន និង​ពន្លឺព្រះអាទិត្យ ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ក៏​អាច​ជួបប្រទះ​បញ្ហា​ខ្វះ​វីតាមីន D ផងដែរ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រោគសញ្ញា​នៃ​កង្វះ​វីតាមីន D ក្នុង​រាងកាយ ព្រមទាំង​វិធី​ព្យាបាល ៖
 
•​ ​រោគសញ្ញា​នៃ​កង្វះ​វីតាមីន D

១. បែកញើស​ក្បាល​ខ្លាំង​

​មួយ​ក្នុងចំណោម​រោគសញ្ញា​ទូទៅ​បំផុត​នៃ​កង្វះ​វីតាមីន D គឺ​បែកញើស​ក្បាល​ខ្លាំង​ជាង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​បែកញើស​ក្បាល​ច្រើន​ខុសធម្មតា​នោះ​ប្រហែលជា​ទាក់ទង​នឹង​បញ្ហា​ខ្វះ​វីតាមីន D ក្នុង​រាងកាយ​ហើយ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​
 
២. ឈឺ​ឆ្អឹង​

​កង្វះ​វីតាមីន D ជះ​ផលប៉ះពាល់​ដល់​សមត្ថភាព​រាងកាយ​ក្នុងការ​ស្រូបយក ក៏ដូចជា​ការផ្ដល់​ជាតិ​កាល់ស្យូម​ដល់​ជាលិកា​ឆ្អឹង​ដែល​បណ្ដាលឱ្យ​កើតមាន​បញ្ហា​ឆ្អឹង​ផ្សេងៗ រួមបញ្ចូល​ទាំង​អា​ការៈឈឺចាប់ និង​សូម្បីតែ​ជំងឺ​ពុក​ឆ្អឹង​។​
 
៣. ឈឺ​សាច់ដុំ​

​វីតាមីន D មិន​ត្រឹមតែ​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​លើ​ឆ្អឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​សុខភាព​សាច់ដុំ​ផងដែរ​។ កង្វះ​វីតាមីន​នេះ​អាច​បង្កបញ្ហា​ឈឺចាប់​ដុំ​ធ្ងន់ធ្ងរ ខ្សោយ​សាច់ដុំ ម៉ាស​សាច់ដុំ​ថយចុះ​។ កង្វះ​វីតាមីន D ថែមទាំង​អាច​បង្ក​អា​ការៈឈឺចាប់​រ៉ាំរ៉ៃ​ពេញ​ក្នុង​រាងកាយ​ទៀតផង​។​
 
៤. ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​

​វីតាមីន D ក៏​ដើរតួនាទី​យ៉ាងសំខាន់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ងាយ​នឹង​ឈឺ ឬ​ឆ្លង​មេរោគ​ញឹកញាប់​ដូចជា​ផ្ដាសាយ​នោះ​កង្វះ​វីតាមីន D ក្នុង​រាងកាយ​អាចជា​មូលហេតុ​ហើយ​។​
 
៥. ឆាប់​អស់កម្លាំង និង​ខ្សោយ​

​កង្វះ​វីតាមីន D ក្នុង​រាងកាយ​ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ឆាប់​អស់កម្លាំង​ផងដែរ​។ នេះ​ក៏​ព្រោះតែ​រោគសញ្ញា​មួយ​នៃ​បញ្ហា​ឆាប់​អស់កម្លាំង​ទាំង​ដែល​បាន​គេង​គ្រប់គ្រាន់ និង​មិន​បានធ្វើ​អ្វី​ច្រើន​សោះ គឺ​កង្វះ​វីតាមីន D​។​
 
៦. ជ្រុះ​សក់​

​កម្រិត​នៃ​វីតាមីន D ទាប​ពេក​ក្នុង​រាងកាយ​អាច​បណ្ដាលឱ្យ​កើតមាន​បញ្ហា​ជ្រុះ​សក់​។ នោះ​ក៏​ព្រោះតែ​វីតាមីន D ជួយ​សម្រួល​ដល់​ដំណើរការ​លូតលាស់​នៃ​សក់ ក៏ដូចជា​រក្សា​សុខភាព​សក់​រឹងមាំ​។​
 
•​ ​ដំណោះស្រាយ​
 
​អ្នក​អាច​ទទួលបាន​វីតាមីន D បន្ថែម​ពី ៖
 
១. ព្រះអាទិត្យ​

​កន្លែង​ដ៏​ល្អ​បំផុយ​មួយ​សម្រាប់​អ្នក​ដើម្បី​ទទួលបាន​វីតាមីន D សម្រាប់​រាងកាយ គឺ​តាមរយៈ​ពន្លឺព្រះអាទិត្យ​។ អ្នកជំនាញ​ជាច្រើន​និយាយថា​អ្នក​គួរ​នៅក្រៅ​ផ្ទះ​ពី ១០ ទៅ ១៥ នាទី​រាល់ថ្ងៃ​ដោយ​ឱ្យ​ស្បែក​ប្រហែល ៤០ ភាគរយ​ត្រូវ​ពន្លឺព្រះអាទិត្យ​ទើប​ប្រសើរ​។ ទោះជា​យ៉ាងណា​ពេលវេលា​ដ៏​ល្អ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី​ពន្លឺ​ព្រះ​ទិ​ត្យ គឺ​នៅ​កំឡុង​ម៉ោង ១០ ព្រឹក​និង​ម៉ោង ៤ ល្ងាច​។​
 
២. ត្រី​

​ត្រី គឺជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន D ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​ក៏ដូចជា​ដោះស្រាយ​បញ្ហា​ខ្វះ​វីតាមីន D ក្នុង​រាងកាយ ចូរ​កុំ​ភ្លេច​ព្យាយាម​ញ៊ាំ​ត្រី​។​
 
៣. ស៊ុត​

​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន D ផងដែរ​! ស៊ុត គឺ​ងាយ​នឹង​រក ហើយ​ថែមទាំង​មានតម្លៃ​សមរម្យ​ទៀត​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ស៊ុត​ក្នុង​របប​អាហារ​។​
 
៤. ថ្នាំ​គ្រាប់​វីតាមីន D

​ទោះជា​យ៉ាងណា​មុននឹង​ប្រើប្រាស់​ថ្នាំ​គ្រាប់​វីតាមីន D អ្នក​គួរពិនិត្យមើល​កម្រិត​នៃ​វីតាមីន D ក្នុង​រាងកាយ​សិន​។ ដើម្បី​កាន់តែ​ប្រសើរ​អ្នក​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាជាង​ការសម្រេចចិត្ត​ប្រើប្រាស់​ថ្នាំ​គ្រាប់​វីតាមីន D ដោយ​ខ្លួនឯង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com