សុខភាព
អន្តរជាតិ
កូរ៉ូណាវីរុសមានឈ្មោះផ្លូវការហើយ គឺ «COVID-19» ប្រមុខអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (AFP)
× អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា «COVID-19» នឹងក្លាយជាឈ្មោះផ្លូវការរបស់កូរ៉ូណាវីរុសដ៏កាចសាហាវ ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិន។ បើតាមប្រមុខ WHO ឈ្មោះនេះ ត្រូវបានជ្រើសរើសដើម្បីបញ្ចៀសការសំដៅទៅប្រទេស ឬតំបន់ណាមួយ។
«ឥឡូវនេះ យើង មានឈ្មោះមួយសម្រាប់ជំងឺនេះ [កូរ៉ូណាវីរុសប្រភេទថ្មី] ហើយវាគឺ COVID-19»។ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានបែបនេះនៅក្នុងទីក្រុង ហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី១១ ខែកុម្ភៈ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Tedros អះអាងទៀតថា «CO» តំណាងឲ្យ «កូរ៉ូណា Corona», «VI» តំណាងឲ្យ «វីរុស Virus» ហើយ «D» តំណាងឲ្យ «ជំងឺ Disease» ខណៈ «19» គឺឆ្នាំនៃការផ្ទុះរីករាលដាលនៃវីរុសនេះ ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ម្យ៉ាងវិញទៀត លោកអគ្គនាយករូបនេះ បានលើកឡើងថា ឈ្មោះផ្លូវការនេះ ត្រូវបានជ្រើសរើសដើម្បីបញ្ចៀសការសំដៅទៅកាន់តំបន់ ឬប្រទេសជាក់លាក់មួយ អម្បូរសត្វ ឬក្រុមមនុស្សណាមួយ ដោយអនុលោមតាមអនុសាសន៍អន្តរជាតិសម្រាប់ការដាក់ឈ្មោះ។
ដំបូងឡើយ អង្គការសុខភាពពិភពលោក បានហៅឈ្មោះវីរុសនេះជាបណ្តោះអាសន្នថា «2019-nCoV» ហើយគណៈកម្មការសុខភាពជាតិរបស់ចិន ក្នុងសប្តាហ៍នេះ បានបញ្ជាក់ ខ្លួនសម្រេចហៅវីរុសនេះបណ្តោះអាសន្នថាជំងឺផ្លូវដង្ហើមកូរ៉ូណាវីរុសថ្មី (Novel Coronavirus Pneumonia) ។
ក្រោមគោលការណ៍ណែនាំដែលបានដាក់ចេញក្នុងឆ្នាំ២០១៥ អង្គការ WHO មិនគាំទ្រការប្រើឈ្មោះទីកន្លែង ដូចជា Ebola និង Zika ទីដែលជំងឺទាំងនោះ បានរកឃើញជាលើកដំបូងឡើយ។ ឈ្មោះជាទូទៅ ដូចជា «Middle East Respiratory Syndrome» ឬ «Spanish Flu» ក៏ត្រូវបញ្ចៀសផងដែរ ព្រោះវាសំដៅលើក្រុមជនជាតិ ឬតំបន់។
ទន្ទឹមនេះ អង្គការសុខភាពពិភពលោក ក៏បានកត់សម្គាល់ដែរថា ការប្រើប្រាស់អម្បូរសត្វសម្រាប់ហៅឈ្មោះជំងឺ ក៏បង្កើតការភាន់ច្រឡំដូចជា ក្នុងឆ្នាំ២០០៩ នៅពេលវីរុស H1N1 សំដៅលើ «ផ្តាសាយជ្រូក»។ ការដាក់ឈ្មោះបែបនេះ បានមានឥទ្ធិពលយ៉ាងធំធេងលើឧស្សាហកម្មសាច់ជ្រូក ទោះបីជាជំងឺនេះ ត្រូវបានឆ្លងដោយមនុស្សច្រើនជាងសត្វជ្រូកក៏ដោយក្តី។ចំណែក ការដាក់ឈ្មោះមនុស្ស ក៏ត្រូវអ្នកវិទ្យាសាស្ត្រដែលបានរកឃើញជំងឺនេះ ហាមឃាត់ប្រើផងដែរ៕
Tag:
WHO
កូរ៉ូណាវីរុស
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com