ពីនេះ ពីនោះ
រូបត្លុក
បុណ្យ​សង្សារ​, បុណ្យ​ការ​, វីរុស កូ​រ៉ូ​ណា​, EBA, ខួបកំណើត​, ឡើងផ្ទះ​…​កើតឡើង​ព្រម​ពេល​ជាមួយគ្នា​
12, Feb 2020 , 10:36 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បើទោះបីជា​អ្នក​ពិសា​កាហ្វេ​ដទៃទៀត​នាំគ្នា​ជជែក​ពី​រឿង​វីរុស កូ​រ៉ូ​ណា និង​EBA គ្រប់គ្នា​ក៏ដោយ ក៏ សំណាង និង​សុធី បែរជា​នាំគ្នា​ជជែក​គ្នា​រឿង​សង្គម​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​ការអញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​ច្រើន​ជ្រុល​ពេក​។ ប្រធានបទ​សង្គម​ដែល សំណាង និង​សុធី លើកឡើង គឺ​ចំពេល​វេលា​ដែលមាន​ពិធីបុណ្យ​ផ្សេងៗ​កើតឡើង​ព្រម​ពេល​ជាមួយគ្នា​។ 


 
​សុធីរ​៖ សេដ្ឋកិច្ច​គ្រួសារ​កំពុងតែ​ដុនដាប ដោយសារ​វីរុស កូ​រ៉ូ​ណា ផង អាច​ដោយសារ EBA ផង​។ ព្រម​ពេល​ជាមួយគ្នា គេ​ហៅ​បុណ្យ​ការ​ផង ឡើងផ្ទះ​ផង ខួបកំណើត​ផង បុណ្យ​សង្សារ​ផង​សម្ពោធ​ក្រុមហ៊ុន​ផង​។ អញចង់​ដាច់ខ្យល់​ហើយ​សម្លាញ់​។ ចុះ​អ្ហែង​វិញ​? 
 
​សំណាង​៖ អ្ហែង​មានមុខ​មាន​មាត់ គេ​ហៅ​អ៊ីចឹង​ហើយ​។ អញ​អត់​សូវ​មាន​នរណា​ហៅ​ទេ ព្រោះ អញ​អត់​មាន​តំណែង​ធំដុំ​ណា៎​! 
 
​សុធីរ​៖ អានេះ ឌឺ​អញ​ទៀតហើយ អា​ឌឺ​! 
 
​សំណាង​៖ អញ​មាន​ឌឺ​ណា៎​អ្ហា​!​។ អើ​សម្លាញ់​! អញ​និយាយ​លេង​ជាមួយ​អ្ហែង​តើ​។ តាមពិត អញ​ក៏​ត្រូវគេ​ហៅ​ដែរ​។ តែ​មិនសូវ​ច្រើន​ដូច​អ្ហែង​ទេ​។​
 
​សុធីរ​៖ (​ខឹង​ខ្លាំង​)​។ បើ​ហៅ​បុណ្យ ឬ​ការ ដូចជា មិន​អី​ទេ​។ តែ​អា​ឡើងផ្ទះ ខួបកំណើត​…….​។ ខួបកំណើត​កូន បន្ទាប់មក​ចៅ​ទៀត​…​អញ​ធុញ​ណាស់​។ ធុញ​ហើយ​អស់​លុយ​ទៀត​។ ស្ទះចរាចរណ៍ ឡានស៊ីសាំង​ច្រើន​។ បើ​បុណ្យប្រពៃណី អាពាហ៍ពិពាហ៍ អញ​មិន​ថា​អី​ទេ ព្រោះ​វា​ជា​រឿង​ម្តងម្នាក់ៗ និង​ជា​កាតព្វកិច្ច​សង្គម​។ 
 
​សំណាង​៖ អ្ហែង​និយាយ​ត្រូវ​។ អ្នកខ្លះ បង្កើត​កម្មវិធី​មួយចំនួន​ដែល​អត់​ប្រយោជន៍ ហើយ​ចេះតែ​ហៅ​គេ​(​មិនសូវ​រាប់អាន​គ្នា​)​អត់​គិត​សូម្បី​បន្តិច​។ គួរ​កាត់បន្ថយ​ខ្លះ​ហើយ​លោក​ព្រះ​!​។ 
 
​សុធីរ​៖ (​រអ៊ូ​បន្ត​)​។ អា សំណាង​!​។ អញ​បញ្ជាក់ប្រាប់​អ្ហែង​ម្តងទៀត​។ បើជា​ពិធីបុណ្យ​ប្រពៃណី​របស់​ខ្មែរ​អញ​អត់​ខឹង​ទេ​។ តែ​ជា​កម្មវិធី​អត់​ប្រយោជន៍ រំខាន​ពេលវេលា​ណា៎​។ 
 
​សំណាង​៖ អា សុធីរ អញ​យល់​អារម្មណ៍​អ្ហែង​។ អញ​ដឹងថា ប្រាក់ខែ​អ្ហែង​តិចតួច​ដូច​អញ​អ៊ីចឹង​ដែរ​។ បី បួន ប្រាំ​រយ​ដុល្លារ​ហ្នឹង ចាយ​ម៉េច​គ្រាន់​។ ណាមួយ​ថ្លៃ​ម្ហូប ណាមួយ​ថ្លៃ​សាលា​កូន ណាមួយ​ថ្លៃ​កូន​ឈឺ ខ្លួនឯង​ឈឺ​។​ល​។ 
 
​នៅថ្ងៃនេះ សម្លាញ់​ទាំងពីរ​នាក់​ពិសា​កាហ្វេ​បណ្តើរ ជជែក​គ្នា​បណ្តើ​រទាំង​អារម្មណ៍​កម្សត់​។ កម្សត់ ក៏​ព្រោះតែ ជីវភាព​ពួកគេ​មិនសូវ​ធូ​ធារ​។ តែ​តម្រូវការ និង​អ​ម្រែ​ក​សង្គម​ធ្ងន់ធ្ងរ​ពេក​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com