ជាតិ
សង្គមជាតិ
មេសហជីព៖ កម្មករជិត១ម៉ឺននាក់ នឹងត្រូវព្យួរការងារ
12, Feb 2020 , 3:13 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
លោក អាត់ ធន់ ប្រធានសហជីពមួយរូបនៅកម្ពុជា អះអាងថា មានរោងចក្រវាយនភ័ណ្ឌជាង១០ នឹងត្រូវបានបិទទ្វារបណ្តោះអាសន្ន។ លោក ប្រាប់ថា លោក បានទទួលព័ត៌មាននេះពីលោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។



លោក អាត់ ធន់ ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ថា រោងចក្រជាង១០ ដែលត្រូវបិទទ្វារនោះ មានកម្មករ-កម្មការិនីជិត១ម៉ឺននាក់ ដែលត្រូវព្យួរការងារ។ លោក លើកឡើង៖«ខាងនិយោជក បានចេញសេចក្តីថ្លែការណ៍ថា ជិត១ម៉ឺននាក់»។  

លោក បន្តថា លោក បានជួបលោក ខេន លូ កាលព្រឹកមិញ ពេលទៅចូលរួមប្រជុំជាមួយក្រសួងការងារ ហើយពេលចេញពីប្រជុំ លោក ក៏សួរលោក ខេន លូ ពីការបិទរោងចក្រនិងការព្យួរការងារនេះ។ លោក អាត់ ធន់ បញ្ជាក់ដូច្នេះថា៖«គាត់ [លោក ខេន លូ] ថា រោងចក្រដែលបិទហ្នឹង កំពុងត្រៀមជជែកគ្នា ថាតើត្រូវដោះស្រាយលុយកាក់យ៉ាងម៉េច...។ តែអត់ការងារធ្វើ ពួកគាត់ [កម្មករ] ជជែកគ្នាពីរឿងលុយកាក់ហ្នឹងហើយ ហើយបន្ទាប់មក ប្រហែលជាពួកគាត់ ទៅផ្ទះមួយរយៈ...»។

សារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ខេន លូ ដោយផ្ទាល់ទេ ដោយលោក ប្រាប់ថា កំពុងជាប់ប្រជុំ ហើយក៏ផ្តាច់ការហៅចូល។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានប្រកាសថា នៅ​ចុងខែ​កុម្ភៈ និង​នៅ​ខែមីនា ឆ្នាំ​២០២០ រោងចក្រ​មួយចំនួន នឹងត្រូវ​បិទទ្វារ​រយៈពេល​១​ខែ​ពេញ ឬ​ឈានដល់​២​ខែ​។ ​សមាគម​រោងចក្រ លើក​មូល​ហេតុថា ការបិទទ្វារ​នេះ គឺ​ដោយសារតែ​រោងចក្រ​ទាំងនោះ អស់​វត្ថុធាតុដើម ដែល​នាំចូល​ពី​ចិន មិនមែន​មកពី​ការផ្តាច់ EBA នោះទេ​។ សមាគម​រោងចក្រ បន្តថា ដោយសារ​ការ​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ទើប​រោងចក្រ​និង​ក្រុមហ៊ុន​ជាច្រើន​នៅ​ចិន សម្រេច​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ទៅ​បណ្តា​ប្រទេស​នានា រួមទាំង​កម្ពុជា​ផងដែរ​។

លោក អាត់ ធន់ បារម្ភខ្លាចរោងចក្រទាំងនោះ បិទទ្វារលើសពី១ខែឬ២ខែ ដែលអាចប៉ះពាល់កាន់តែខ្លាំងដល់កម្មករ-កម្មការិនី។ លោក មានប្រសាសន៍ថា៖«យើង មិនអាចសន្មតបានទេ វា អាចត្រឹម១ខែ ឬឡើងទៅទៀត ព្រោះជីងឺហ្នឹង ក៏មិនទាន់បាត់ អ៊ីចឹង វាអាចជាបញ្ហា»៕

Tag:
 បិទរោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com