អន្តរជាតិ
បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ម្នាក់ ដើរ​ចេញពី​ការប្រកួតប្រជែង​រើស​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​
12, Feb 2020 , 8:19 pm        
រូបភាព
លោកAndrw Yang សហគ្រិនវ័យ ៤៥ឆ្នាំ និងជាសមាជិកបក្សប្រជាធិបតេយ្យ។ រូបភាព៖ Reuters
លោកAndrw Yang សហគ្រិនវ័យ ៤៥ឆ្នាំ និងជាសមាជិកបក្សប្រជាធិបតេយ្យ។ រូបភាព៖ Reuters
​សហគ្រិន​វ័យក្មេង លោក Andrew Yang បេក្ខភាព​របស់​បក្ស​ប្រជាធិបតេយ្យ បានប្រកាស​ជា​ផ្លូវ​ការដើរ​ចេញពី​ការប្រកួតប្រជែង​ជ្រើសរើស​បេក្ខភាព​ប្រធានាធិបតី​ប្រចាំ​បក្ស នា​ថ្ងៃទី​១២ ខែកុម្ភៈ​។ ការដកខ្លួន​នេះ ធ​កើតមាន​ខណៈ​លោក Yang ទទួលបាន​សម្លេងគាំទ្រ​តិច​ក្នុងការ​ប្រកួតប្រជែង​ផ្ទៃក្នុង​បក្ស​ចំនួន ២​លើក​កន្លងមក​នៅក្នុង​រដ្ឋ Iowa និង​រដ្ឋ New Hampshire​។​

 
​តាមរយៈ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ ២​លើក​កន្លងមក លោក Andrew Yang បានទទួល​សម្លេងគាំទ្រ​តិច​យ៉ាងខ្លាំង​។ សម្រាប់​លទ្ធផល​នៅក្នុង​រដ្ឋ Iowa សហគ្រិន​ដើមកំណើត​អាស៊ី​រូបនេះ ទទួលបាន​សម្លេងគាំទ្រ​តែ ១​ភាគរយ​ប៉ុណ្ណោះ និង​ស្ថិតនៅ​លំដាប់​ទី​៦ នៃ​បេក្ខភាព​របស់​បក្ស​ប្រជាធិបតេយ្យ​។ ចំណែក​លទ្ធផល​ចុងក្រោយ នៅក្នុង​រដ្ឋ New Hampshire បុរស​វ័យ​៤៥​ឆ្នាំ​រូបនេះ ទទួលបាន​សម្លេង ២,៩​ភាគរយ និង​ស្ថិតនៅ​លំដាប់​ទី​៨​ឯណោះ​។​
 
​ព្រោះ​ទទួលបាន​សម្លេងគាំទ្រ​យ៉ាងតិច​បែបនេះ លោក Yang ក៏បាន​សម្រេច​ដើរចេញ​ពី​ការប្រកួតប្រជែង​ជ្រើសរើស​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​។ ដោយ​មើលឃើញថា​មិនអាច​ទទួលបាន​ឈ្នះឆ្នោត​នាពេលខាងមុខ លោក Yang បាន​បញ្ជាក់ថា លោក​គឺជា​មនុស្ស ដែល​ចូលចិត្ត​គិត​បែប​គណិតវិទ្យា ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅក្នុង​រដ្ឋ​ទាំងពីរ គឺ​វា​ច្បាស់​ណាស់​ថា លោក​មិនអាច​ឈ្នះ​ក្នុងការ​ប្រកួតប្រជែង​ប្រចាំ​បក្ស​បានទេ​។ 
 
​ហេតុនេះ លោក​ត្រូវតែដើរ​ចេញពី​ការប្រកួតប្រជែង និង​មិន​ចង់​ខ្ជះខ្ជាយ​លុយ ដែល​បានមកពី​ការបរិច្ចាគ និង​ការគាំទ្រ​ក្នុងការ​ប្រកួតប្រជែង​នេះ​តទៅទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​យ៉ាងណាមិញ បុរស​ដើមកំណើត​តៃវ៉ាន់​រូបនេះ បាន​ពញ្ញាក់​អារម្មណ៍​មនុស្ស​ចំនួន​ជុំវិញ​បញ្ហា​ថា ទោះ​មិនមាន​ចំណេះដឹង​ផ្នែក​នយោបាយ​ច្រើន​មែន ប៉ុន្តែ​លោក​នៅតែ​អាច​ស្ថិតក្នុង​ការប្រកួតប្រជែង​បានយូរ​ជាង​អ្នកនយោបាយ​ជើងចាស់​មួយចំនួនទៀត​។  លោក Yang បាន​ប្រកួតប្រជែង​តាំងពី​ឆ្នាំ ២០១៧​មកម្ល៉េះ ហើយ​ចាប់ពីពេលនោះ អ្នកនយោបាយ​ចាស់វស្សា​ជាច្រើន ត្រូ​ជម្រុះ​ចេញ​។​
 
​សូមបញ្ជាក់ថា តាមរយៈ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កន្លងមក លោក Yang បានលើកឡើង​ពី​គោលនយោបាយ​របស់ខ្លួន​លើ «​ការបែងចែក​សេរីភាព (Freedom Dividend)»​។ តាមរយៈ​គោលនយោបាយ​នេះ លោក​បាន​សន្យាថា នឹង​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក​ទាំងអស់​មាន​ប្រាក់ចំណូល​ចាប់ពី ១​ពាន់​ដុល្លារ​ឡើងទៅ ដើម្បី​ឆ្លើយតប​ទៅនឹង​ផលវិបាក​នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ (Industry 4.0) ដែល​ធ្វើ​ឲ្យ​បាត់បង់​ការងារ​របស់​ប្រជាជន​អាមេរិក​ជាច្រើន​លាន​នាក់​៕ 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com