ជាតិ
សង្គមជាតិ
ស៊ុយអែត​ផ្តល់​ថវិកា​ជាង​២​លាន​ដុល្លារ ដល់​អង្គការ​តម្លាភាព ដើម្បី​ពង្រឹង​អំណាច​ពលរដ្ឋ និង​យុវជន​កម្ពុជា
12, Feb 2020 , 4:26 pm        
រូបភាព
លោក ​Magnus Saemundsson ប្រធានស្តីទីផ្នែកកិច្ច​សហប្រតិបត្តិការអភិវឌ្ឍ​ន៍អន្តរជាតិរបស់ស្ថានទូត​ស៊ុយ​អែត និង​លោក ពា្រប កុល​ នាយកប្រតិបត្តិអង្គការតម្លាភាព (រូបពីអង្គការតម្លាភាព)
លោក ​Magnus Saemundsson ប្រធានស្តីទីផ្នែកកិច្ច​សហប្រតិបត្តិការអភិវឌ្ឍ​ន៍អន្តរជាតិរបស់ស្ថានទូត​ស៊ុយ​អែត និង​លោក ពា្រប កុល​ នាយកប្រតិបត្តិអង្គការតម្លាភាព (រូបពីអង្គការតម្លាភាព)
ដោយ:
​ភ្នំពេញ​៖ ស្ថានទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា បានផ្តល់​ថវិកា​ចំនួន​២,៧​លាន​ដុល្លារ​ដល់​អង្គការ​តម្លាភាព​កម្ពុជា ដើម្បី​ពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ និង​យុវជន ។ ស្ថានទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ថវិកា​ទៅ​អង្គការ​តម្លាភាព កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ​។


 
​លោក Megnus Saemundsson ប្រធានស្តីទី​ផ្នែក​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស្ថាន​ទុ​ត​ស៊ុយអែត បាន​លើកឡើងថា ថវិកា​ដែល​ផ្តល់​ឲ្យ​អង្គការ​តម្លាភាព នឹង​ជួយ​សម្រួល​ដល់​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ឲ្យ​មាន​ប្រសិទ្ធភាព ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​បរិយាកាស​អាជីវកម្ម​ជាដើម​។​ជាពិសេស​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង និង​អភិវឌ្ឍន៍​សមត្ថភាព រួមទាំង​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ស្ថាប័ន​ក្នុង​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ ដល់​២០២២​។  
 
​តំណាង​ស្ថាន​ទុ​ត​ស៊ុយអែត​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា ៖«​យើង​ជឿថា កម្មវិធី​ជា​ដៃគូ​ដើម្បី​គណនេយ្យភាព និង​តម្លាភាព រួម​ជាមួយនឹង​ស្ថាប័ន​ដៃគូ​កម្ពុជា ជំនាញ​របស់​អាជ្ញាធរ​ស៊ុយអែត នឹង​រួមចំណែក​ជា​វិជ្ជមាន​លើ​ទិដ្ឋភាព​ជាច្រើន​នៅ​កម្ពុជា​។ កម្មវិធី​នេះ​មាន​គោលដៅ​ស្របគ្នា​នឹង​ការងារ​អាទិភាព​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​»​។ 
 
​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​បញ្ជាក់ថា​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា  ថវិកា​ទាំងនេះ គឺ​លោក​នឹង​យកទៅ​អភិវឌ្ឍ​កម្មវិធី​គាំទ្រ​ផ្នែក​កំណែទម្រង់​ជាមួយនឹង​រាជរដ្ឋាភិបាល ,​អង្គការ​សង្គម​ស៊ីវិល ,​សារព័ត៌មាន និង​ស្ថាប័នឯកជន ដើម្បី​ជំរុញ និង​លើកកម្ពស់​តម្លាភាព គណនេយ្យភាព និង​សុចរិត​ភាព​ធុរកិច្ច ពិសេស​សេវាកម្ម​សាធារណៈ និង​គុណភាព​នៃ​ការគ្រប់គ្រង​ផ្នែក​ហរិ​ញ្ញវត្ថុ ព្រមទាំង​ការ​កំណែទម្រង់​ព័ន្ធ​ដារ​នៅ​កម្ពុជា​។ 
 
​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ប្រាប់​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា នឹង​បន្តធ្វើ​ឲ្យ​មាន​ការវិវត្ត​មួយកម្រិត​ទៀត យ៉ាងហោច​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​ទៀត​តាមរយៈ​កម្មវិធី​ដែល​យើង​ធ្វើ​ជាមួយនឹង​ប្រជាពលរដ្ឋ យុវជន និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​មាន​ស្មារតី​ចូលរួម និង​ធ្វើការ​រួមគ្នា​ប្រឆាំង​អំពើពុករលួយ ហើយនឹង​មាន​ចំណែក​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ ដើម្បី​កែលំអ​សង្គម​»​។ 
 
​លោក ព្រាប កុល បាន​សង្កត់ធ្ងន់ថា ដើម្បី​ឲ្យ​ការងារ​ផ្នែក​ប្រឆាំង​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ត្រូវមាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ យុវជន និង​ស្ថាប័ន​ពាក់ព័ន្ធ​។ 
​ក្រៅពី​ទទួលបាន​ជំនួយ​ជិត​៣​លាន​ដុល្លារ​ពី​ស៊ុយអែត​នេះ អង្គការ​តម្លាភាព​ក៏​ទទួល​ជំនួយ​បន្ថែម​ពី​រដ្ឋាភិបាល​អាមេរិក រដ្ឋាភិបាល​ស្វី​ស និង​សហភាព​អឺរ៉ុប​ផងដែរ ដោយ​គិត​ជា​ទឹកប្រាក់​សរុប​ជិត​៦​លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ដល់​ការងារ​អភិវឌ្ឍ​យុវជន និង​ពលរដ្ឋ​កម្ពុជា​៕ 


លោក ​Magnus Saemundsson ប្រធានស្តីទីផ្នែកកិច្ច​សហប្រតិបត្តិការអភិវឌ្ឍ​ន៍អន្តរជាតិរបស់ស្ថានទូត​ស៊ុយ​អែត និង​លោក ពា្រប កុល​ នាយកប្រតិបត្តិអង្គការតម្លាភាព


Tag:
 ​ស៊ុយអែត​
 ​ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com