ជាតិ
លោក សា ឌីណា៖ ជំរំតង់លើកទី៣២បង្អួតសក្តានុពលទេសចរណ៍នៅបន្ទាយមានជ័យ និងឧត្តរមានជ័យ
× ភ្នំពេញ៖ នៅថ្ងៃទី១៤-១៦ ខែកុម្ភៈនេះ Cambodia Amazing Trip Planner នឹងរៀបចំកម្មវិធីបោះជំរំតង់រួមគ្នា ក្រោមប្រធានបទ «រួមគ្នាការពារមរតកដូនតាខ្មែរ» នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ លោក សា ឌីណា ស្ថាបនិក Cambodia Amazing Trip Planner បានប្រាប់សារព័ត៌មានថ្មីៗថា៖ «ជំរំនេះ បង្កើតដើម្បីឲ្យកូនខ្មែរចូលរួមថែរក្សាការពារ និងលើកស្ទួយមរតកដូនតាខ្មែរ។ មូលហេតុដែលជ្រើសរើសខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ និងទស្សនាប្រាង្គប្រាសាទនៅក្នុងខេត្តទាំងពីរនេះ»។
ជំរំតង់លើកទី៣២ របស់ Cambodia Amazing Trip Planner នឹងធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្ដ្រសំខាន់ៗនៅកម្ពុជា រួមមាន ប្រាសាទកងវ៉ា និងល្អាងភ្នំកងវ៉ា, ប្រាសាទបន្ទាយឆ្មារ, ប្រាសាទបន្ទាយទ័ព,ន វត្តប្រាសាទស្រះកណ្ដាល-ខ្ចាស់, បារាយណ៍ប្រាសាទមេបុណ្យ និងអាងជើងគ្រុះ នៃខេត្តបន្ទាយមានជ័យ រួមទាំងតំបន់វប្បធម៌មួយចំនួន នៅខេត្តឧត្តរមានជ័យ។ ជំរំតង់រួមគ្នានេះ មានរយៈពេល ២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ កុម្ភៈនេះ។
ក្នុងរយៈពេលបោះជំរំ ២យប់ ៣ថ្ងៃនេះ បន្ទាប់ពីបោះតង់នៅខេត្តបន្ទាយមានជ័យ Cambodia Amazing Trip Planner នឹងធ្វើដំណើរឆ្ពោះទៅខេត្តឧត្ដរមានជ័យ ដោយនាំឲ្យស្គាល់ស្ពានទ័ព ជាស្ពានបុរាណដែលមានទំហំធំជាងគេនៅប្រទេសកម្ពុជា និងទស្សនាប្រាសាទព្រហ្មកិល។ ចំពោះកម្មវិធីបញ្ចប់ អ្នកចូលរួមទាំងអស់ នឹងស្គាល់ទីតាំងបន្ទាយជ័យ៨០២ ដែលស្ថិតក្នុងភូមិសាស្ដ្រអតីតរាជធានីបុរាណខ្មែរ គឺហរិហរល័យនៃតំបន់រលួស។
លោក សា ឌីណា ស្ថាបនិក Cambodia Amazing Trip Planner លើកឡើងថា តាមរយៈការបោះជំរំនេះ នឹងធ្វើឲ្យភ្ញៀវទេសចរ ចាប់អារម្មណ៍ និងមកលេងកម្សាន្តតំបន់ទេសចរណ៍ និងប្រាង្គប្រាសាទ នៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ លោក សា ឌីណា សង្ឃឹមថាអ្នកចូលរួមបោះជំរំតង់រួមគ្នា នឹងទទួលបានចំណេះដឹង និងស្មារតីក្នុងការចូលរួមការពារសម្បត្តិវប្បធម៌ ដែលដូនតាខ្មែរបន្សល់ទុក។
សូមបញ្ជាក់ថា ជំរំតង់រួមគ្នានេះ មានការចូលរួមពីសំណាក់មហាជនទូទៅ នៅក្នុងរាជធានីភ្នំពេញ, សៀមរាប និងខេត្តបន្ទាយមានជ័យ៕
Tag:
ជំរំ
វប្បធម៌
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com