អន្តរជាតិ
ក្រុមគ្រូពេទ្យក្រុងវូហាន កំពុងប្រឈមមុខការឆ្លងកូរ៉ូណាវីរុសព្រោះខ្វះសម្ភារៈការពារ រូបភាព៖ EPA-EFE
× ក្រុមវេជ្ជបណ្ឌិត និងក្រុមបុគ្គលិកពេទ្យនៅក្នុងក្រុងវូហាន កំពុងប្រឈមនឹងកើតជំងឺ COVID-19 ដោយសារតែវិបត្តិខ្វះម៉ាស់ និងឧបករណ៍ការពារផ្សេងៗ។ បញ្ហានេះ បង្ខំឲ្យវេជ្ជបណ្ឌិតមួយចំនួន ត្រូវស្លៀកខោទឹកនោម បរិភោគទឹកឲ្យបានតិច និងកាត់បន្ថយចូលបន្ទប់ទឹក ដើម្បីជៀសវៀសផ្លាស់ប្តូរសំលៀកបំពាក់ការពារញឹកញាប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែកុម្ភៈ។
ក្នុងរយៈពេលផ្ទុះជំងឺ COVID-19 នៅក្នុងក្រុងវូហាន និងតំបន់ផ្សេងទៀតក្នុងប្រទេសចិន បុគ្គលិកពេទ្យ បានខិតខំយ៉ាងខ្លាំង ដើម្បីជួយព្យាបាលអ្នកជំងឺដែលបណ្តាលមកពីកូរ៉ូណាវីរុស ជាច្រើនពាន់នាក់ក្នុងមួយថ្ងៃៗ។ ប៉ុន្តែបញ្ហា ដែលកំពុងតែចោទឡើងសម្រាប់បុគ្គលិកពេទ្យ ក៏ដូចជាក្រុមវេជ្ជបណ្ឌិតចិនពេលនេះ គឺការប្រឈមនឹងវិបត្តិខ្វះម៉ាស់ និងសម្ភារៈការពារផ្សេងៗ។ អភិបាលរងក្រុងវូហាន បានលើកឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុងមួយថ្ងៃៗ វូហានមានវិបត្តិកង្វះម៉ាស់N95 ៥៦០០០ពាន់ និងសំលៀកបំពាក់ការពារ ៤១០០០ ។
ទាក់ទិននឹងបញ្ហាកង្វះម៉ាស់ និងសំលៀកបំពាក់ការពារនេះ ក្រុមគ្រូពេទ្យ ក៏ដូចជាបុគ្គលិកពេទ្យ នឹងត្រូវពាក់ខោទឹកនោម ការបន្ថយការបរិភោគទឹក និងចូលបន្ទប់ទឹកឲ្យបានតិចជាងមុន។ លោកស្រី Jiao Yahui មន្ត្រីជាន់ខ្ពស់របស់គណៈកម្មការសុខាភិបាលជាតិចិន បានអះអាងថា ដើម្បីដោះស្រាយបញ្ហាសម្ភារៈការពារទាំងនេះ ក្រុមគ្រូពេទ្យ ត្រូវពាក់សំលៀកបំពាក់ការពាររហូតដល់ ៦ម៉ោង ពេលខ្លះដល់ ៩ម៉ោង ខណៈពេលគេតម្រូវឲ្យពាក់សម្ភារៈបែបនេះ មិនឲ្យលើសពី ៤ម៉ោងនោះឡើយ។ យ៉ាងណាក៏ដោយ លោកស្រី Jiao បានអះអាងថា គ្មានវិធីផ្សេងណាឡើយ ក្រៅពីការធ្វើបែបនេះទេ។
ក្នុងបរិបទបែបនេះ ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យមួយចំនួន កំពុងប្រឈមកើតជំងឺ COVID-19 ដែលបណ្តាលមកពីកូរ៉ូណាវីរុស។ ជាក់ស្តែងវេជ្ជបណ្ឌិតម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា រូបលោកផ្ទាល់ និងបុគ្គលិកពេទ្យ ១៦នាក់ផ្សេងទៀត បានចេញរោគសញ្ញាជំងឺCOVID-19 នេះ ដោយការក្អក និងសួតមានបញ្ហា។ លោកវេជ្ជបណ្ឌិតដដែល បានលើកឡើងថា ក្នុងនាមជាវេជ្ជបណ្ឌិត គ្មាននរណាចង់ទៅធ្វើការនៅកន្លែង នៃប្រភពជំងឺឆ្លងនោះទេ ប៉ុន្តែគ្មាននរណាអាចជំនួយគ្រូពេទ្យបាន។
បើតាមសម្តីរបស់វេជ្ជបណ្ឌិតស្រីម្នាក់ ដែលសុំមិនបញ្ជេញឈ្មោះដែរ ក្រុមវេជ្ជបណ្ឌិតជាច្រើន ត្រូវបានគេបង្ខំឲ្យពាក់សំលៀកបំពាក់ការពារសារធាតុគ្រោះថ្នាក់ផ្សេងៗ (Hazmat Suit) ដែលមិនអាចការពារវីរុសបាន ប៉ុន្តែវាក៏ល្អជាជាង គ្មានសម្ភារៈ ដែលត្រូវពាក់។ ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ក្រុមគ្រូពេទ្យជាច្រើន អស់កម្លាំងយ៉ាងខ្លាំង ដោយសារត្រូវទទួល និងព្យាបាលអ្នកជំងឺជាច្រើននាក់ក្នុងមួយថ្ងៃ។ ក្នុងស្ថានភាពបែបនេះ ក្រុមគ្រូពេទ្យមានសម្ពាធយ៉ាងខ្លាំង។ លោកស្រីវេជ្ជបណ្ឌិត បានអះអាងទៀតថា ក្នុងមន្ទីពេទ្យរបស់ខ្លួន មានបំពាក់ប្រព័ន្ធត្រួតពិនិត្យផ្នែកចិត្តសាស្ត្រផងដែរ។
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ជំងឺ COVID-19 បានសម្លាប់មនុស្សរហូតដល់ ១១១៥នាក់ ខណៈពេលអ្នកផ្ទុកជំងឺមួយនេះ បានកើនដល់ប្រមាណ ៤៥០០០នាក់។ ប្រឈមនឹងវិបត្តិខ្វះសម្ភារៈការពារបានកើតឡើង ប៉ុន្តែចិន បានបញ្ជាទិញម៉ាស់ចំនួន ៣០០លានម៉ាស់ និងសំលៀកបំពាក់ការពារ ៣,៩លាន សំលៀកបំពាក់មកពីបរទេស។ ចំណែកឧស្សាហកម្មសម្ភារៈការពាររបស់ចិន ក៏បានចាប់ផ្តើមចង្វាក់ផលិតកម្មរបស់ខ្លួនមួយផ្នែកផងដែរ បន្ទាប់ពីថ្ងៃចូលឆ្នាំចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com