ជាតិ
សង្គមជាតិ
ក្រសួង​និង​ថៅកែ កំពុង​រក​ដោះស្រាយ​ជូន​កម្មករ ដែល​ត្រូវ​ព្យួរការងារ​
12, Feb 2020 , 9:39 pm        
រូបភាព
កម្មកររោងចក្រ ចេញពី​ធ្វើ​ការ ត្រឡប់ទៅ​ផ្ទះ
កម្មកររោងចក្រ ចេញពី​ធ្វើ​ការ ត្រឡប់ទៅ​ផ្ទះ
ដោយ:
​ភ្នំពេញ​៖ នៅ​ចុងខែ​កុម្ភៈ និង​ក្នុង​ខែមីនា ឆ្នាំ​២០២០ រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា នឹង​បិទទ្វារ និង​ព្យួរការងារ​របស់​កម្ម​ករ​-​កម្មការិនី រយៈពេល​១​ខែ ឬ​ដល់​ទៅ​២​ខែ ដោយសារតែ​អស់​វត្ថុធាតុដើម ដែល​នាំចូល​ពី​ចិន​។ អំឡុងពេល​កម្មករ​ត្រូវ​ព្យួរការងារ ម្ចាស់​រោងចក្រ នឹងមាន​កិច្ចព្រមព្រៀង​ជាមួយ​កម្មករ ក្នុងការ​ផ្តល់​ថវិកា​ស​ម្រា​ប់​សម្រួល​ដល់​ការ​សា្ន​ក់នៅ និង​ការហូបចុក​របស់​កម្ម​ករ​។


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២0២0 លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា វីរុស COVID-19 កំពុង​រា​ត​ល្បាត​នៅ​ចិន មិនមែន​តែ​កម្ពុជា​នោះទេ ដែល​ត្រូវ​ផលប៉ះពាល់​លើ​វិស័យ​កាត់ដេរ សូម្បី​បណ្តា​ប្រទេស​ដទៃទៀត ក៏ត្រូវ​រង​ផលប៉ះពាល់​លើ​ការខ្វះ​វត្ថុធាតុដើម​សម្រាប់​ផលិត​ផងដែរ​។  
 
​សំឡេង​លោក ហេង សួរ៖ 



 
​លោក បន្តថា ក្រសួង​ការងារ កំពុងតែ​រក​វិធានការ​ដោះស្រាយ​ជាមួយនឹង​វិស័យ​ឯកជន​នានា និង​ម្ចាស់​រោងចក្រ​នីមួយៗ ដើម្បី​សម្រួល​ដល់ក​ម្មករ ខណៈ​កម្មករ នឹងត្រូវ​ព្យួរការងារ​។ លោក បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុង​ដំណើរការ កម្មករ​ត្រូវ​ផ្អាក​ការងារ ម្ចាស់​រោងចក្រ គឺ​ត្រូវ​ហៅ​កម្មករ​មក​ដោះស្រាយ​គ្នា​ទៅវិញទៅមក​។ ទាល់តែ​ពួកគេ​ព្រមព្រៀងគ្នា បាន​ក្រសួង​សម្រេច​ថា​ឲ្យ​ព្យួរ​។ បញ្ហា​ព្យួរការងារ​ហ្នឹង គឺ​ដោះស្រាយ​តាមច្បាប់​ការងារ ដែល​ត្រូវ​មានការ​ព្រមព្រៀងគ្នារ​វាង​ថៅកែ​រោងចក្រ និង​កម្មករ ក្នុងអំឡុងពេល​ផ្អាក​បណ្តោះអាសន្ន​ហ្នឹង​»​។ 
 
​អ្នកនាំពាក្យ អធិប្បាយ​ទៀតថា ក្រសួង​ការងារ​កំពុងតែ​ដោះស្រាយ​ពី​បញ្ហា​ដែល​ម្ចាស់​រោងចក្រ​នីមួយៗ នឹងត្រូវ​ជួបប្រទះ​ក្នុងអំឡុង​ពេលដែល​អស់​វត្ថុធាតុដើម​សម្រាប់​ផលិត និង​ច្នៃ​ជា​ទំនិញ​ផ្សេងៗ​។ លោក មានប្រសាសន៍ថា​៖«​ការប៉ះពាល់​លើ​វិស័យ​ឯកជន​យ៉ាងម៉េច យើង​នឹង​ជួប​ជាមួយ​វិស័យ​ឯកជន ហើយ​យើង​នឹង​ដោះស្រាយ​ថា ពួកគាត់​នឹងមាន​សំណូមពរ​អ្វីខ្លះ អ៊ីចឹង​យើង​កំពុងតែធ្វើការ​ជាមួយគ្នា​»​។ 
 
​លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​មួយរូប បានលើកឡើង​ដូច​លោក ហេង សួរ ដែរ ថា​ការព្យួរ​ការងារ​នេះ​មិនមែនជា​រឿង​ដែល​គ្មាន​ដំណោះស្រាយ​ដល់​កម្មករ​នោះទេ​។ លោក បញ្ជាក់ថា ក្រសួង​ការងារ គ្មាន​ច្បាប់​ចែងថា​កំណត់​ឲ្យ​ម្ចាស់​រោងចក្រ​ផ្តល់​ថវិកា​ប៉ុន្មាន សម្រាប់​កម្មករ​ក្នុងអំឡុងពេល​ព្យួរការងារ​នោះទេ គឺ​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​ភា​គី​រោងចក្រ​។ 
 
​លោក បរិយាយ​ថា​៖«​ពេល​កម្មករ​ព្យួរការងារ កម្មករ​មិនទាន់​ទទួលបាន​ថវិកា​ពេញលេញ​នោះទេ តែ​ក្នុងន័យ​ច្បាប់ ពួកគេ​អាចនឹងទទួល​បាន​ថវិកា​ខ្លះ​សម្រាប់​ការ​ស្នាក់នៅ និង​ការហូបចុក​។ ដូច្នេះ​វា​អាស្រ័យ​លើ​លទ្ធភាព​ការចរចា​គ្នា​រវាង​ក្រុមហ៊ុន ឬ​ភាគី​កម្មករ ក្នុងអំឡុងពេល​ព្យួរការងារ ថា​តើ​ត្រូវ​ឲ្យ​គាត់​ប៉ុន្មាន​ក្នុង​មួយខែ ឲ្យ​៥០​ដុល្លារ ឬក៏​៥០​ភាគរយ​នៃ​ប្រាក់ខែ​របស់គាត់​»​។​
 
​ប្រធាន​សហជីព ដែល​តែង​ឈរ​ខាង​កម្មករ​រូបនេះ យល់ឃើញថា ការព្យួរ​ការងារ​នេះ ជា​ក្តីកង្វល់​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្មករ​ត្រូវ​ប្រឈម​នឹង​អត់​មាន​ការងារ​ធ្វើ​មួយរយៈ ដែល​ខាតបង់​ប្រាក់ចំណូល​ក្នុងការ​ផ្គត់ផ្គង់​គ្រួសារ​។ លោក និយាយថា​៖«​ការព្យួរ​ការងារ​ដែល​បានប្រកាស​ជា​សាធារណៈ​នេះ​នឹង​ប៉ះពាល់​ដល់​ចំណូល​កម្មករ ដែល​កម្មករ​ភាគច្រើន​គឺ​សុទ្ធ​តែមាន​បំណុល​ជំពាក់​ខាង​មីក្រូ​ហរិញ្ញវត្ថុ​ផ្សេងៗ​»​។ 
 
​សម្រាប់​លោក វិធី​ដែល​អាច​ដោះស្រាយ​បន្ទុក​របស់​កម្មករ​ក្នុងអំឡុងពេល​គ្មាន​ការងារ​ធ្វើ គឺ​រាជរដ្ឋាភិបាល​ក៏ត្រូវ​មាន​ចំណែក​ក្នុងការ​ដោះស្រាយ​ជីវភាព​របស់​កម្មករ​ផងដែរ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​កន្លងមក​រាជរដ្ឋាភិបាល​ធ្លាប់​ត្រៀម​ថវិកា​មួយចំនួន​សម្រាប់​ទុក​បម្រុង​ពេល​មាន​ផលប៉ះពាល់​ដែល​កើតឡើង​។ អ៊ីចឹង​អំឡុង​ពេលដែល​កម្មករ​គ្មាន​ការងារ​ធ្វើ​នោះ រាជរដ្ឋាភិបាល​ក៏ត្រូវ​ពិចារណា​គិតដល់​ការលំបាក​របស់​កម្មក​រដែរ​។ ខ្ញុំ​រំពឹងទុក​ថា រាជរដ្ឋាភិបាល​នឹងមាន​ជម្រើស​ដ៏​ល្អ​សម្រាប់​សម្រាល​បន្ទុក​កម្ម​ករ​»​។ 
 
​សោម អូន ប្រធាន​សហជីព ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ឆ្លើយតប​ជុំវិញ​ការលើកឡើង​របស់​មហា​ជន​ដែល​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ចំណាត់ការ​ដោះស្រាយ​លើ​បញ្ហា​ដែល​កម្មករ​ជួបប្រទះ​។ លោក លើកឡើងថា​៖«​កន្លងមក​ក៏មាន​រោងចក្រ​ខ្លះ​ក៏​ធ្លាប់បាន​ព្យួរការងារ​ក្រោម​ហេតុផល​ផ្សេងៗ​ផងដែរ ដោយមាន​ម្ចាស់​រោងចក្រ​ជា​អ្នកទទួល​រ៉ាប់រង​លើ​ចំណូល​របស់​កម្មករ​។ ជាធម្មតា​ការព្យួរ​ការងារ​នេះ មិនចាំបាច់​ឲ្យ​រាជរដ្ឋាភិបាល​ជា​អ្នកដោះស្រាយ​ទេ ព្រោះ​ផលប្រយោជន៍​គឺ​ត្រូវ​ជជែក​ជាមួយ​ក្រុមហ៊ុន ថា​តើ​ត្រូវ​សម្រាក​បាន​ប៉ុន្មាន​ក្នុង​មួយខែ​»​។ 
 
​លោក អាត់ ធន់ ប្រធាន​សហជីព ដែល​តែង​ឈរ​ខាង​កម្មករ​ដែរនោះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មាន​រោងចក្រ​ជាង​១០ នឹងត្រូវ​បិទទ្វារ​បណ្តោះអាសន្ន ហើយ​មាន​កម្មករ​ជិត​១​ម៉ឺន​នាក់ នឹងត្រូវ​ព្យួរការងារ​។  
 
​សូមបញ្ជាក់ថា នៅ​កម្ពុ​ជាមាន​រោងចក្រ​ជាង​១​ពាន់​៕ 

Tag:
 កម្មករ​រោងចក្រ​
  ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com