កីឡាជាតិ
ជាតិ
លោក Conor ខឹង​អាជ្ញាកណ្តាល​ចំពោះ​ការផ្តល់​គ្រាប់​បាល់​ដែល Joshua Grommen ប្រើ​ដៃ​បញ្ចូល​ទី
12, Feb 2020 , 10:19 pm        
រូបភាព
លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង
លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង
ដោយ:
​លោក Conor Nestor គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ហាក់​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល ដែល​ផ្តល់​គ្រាប់​បាល់​ទី​២​ឲ្យ​ក្រុម Ceres Negros នា​ជំនួប​បើកឆាក​ពូ​ល G នៃ​ពានរង្វាន់ AFC Cup 2020​។ ការបញ្ចេញ​អារម្មណ៍​ប្រតិកម្ម​បែបនេះ គឺ​ដោយសារ​គ្រាប់​បាល់​នោះ​កើតឡើង​ពី​ការប្រើ​ដៃ​បញ្ចូល​ទី​របស់​កីឡាករ Joshua Grommen ដែល​នាំ​ឲ្យ​ស្វាយរៀង​រង​បរាជ័យ ៤-០ ក្នុងជំនួប​លើក​ទី​១​។

 
​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​លោក Conor Nestor បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល ដែល​ផ្តល់​គ្រាប់់​បាល់​ឲ្យ​កីឡាករ Joshua Grommen ដែល​ប្រើ​ដៃ​ប៉ះបាល់​បញ្ចូល​ទី​។ សម្រាម់​លោក Conor ខ្សែការពារ​រូបនេះ គួរ​រង​ពិន័យ​កាត​លឿង​ពី​អាជ្ញាកណ្តាល​ច្រើនជាង សម្រាប់​ទង្វើ​មួយ​នេះ​។ កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ លោក ទទួលយក​លទ្ធ​ផលប​រា​ជ័យ​ទាំង​មិន​សប្បាយចិត្ត​។ 
 
​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ បាន​ប្រៀបធៀប​មន្ត្រី​អាជ្ញាកណ្តាល​ជា​ក្រុមទី​៣​នៅលើ​ទីលាន​ប្រកួត​។ ទន្ទឹមនឹង​ការប្រៀបធៀប​លោក​បាន​ឆ្លៀត​និយាយ​ក្នុងន័យ​ឌឺដង​ថា លោក​រំពឹងថា ការប្រកួត​បន្ទាប់​ព្រះខ័ន​រាជ​ស្វាយរៀង​នឹង​ក្លាយជា​ក្រុម​កំពូល​ទាំង​៣​នៅលើ​ទីលាន​។ តែ​យ៉ាងណា គ្រូបង្វឹក​រូបនេះ​សរសើរ Ceres Negros ថា ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង និង​សម្បូរ​ដោយ​កីឡាករ​មានគុណ​ភាព​ខ្ពស់​។    
 
«​ពេលខ្លះ​ការបរាជ័យ គឺ​ពិបាក​ទទួលយក​ណាស់​។ ប៉ុន្តែ​យើង​ត្រូវតែ​កែលម្អ​លើ​កំហុស​របស់​យើង ហើយ​សង្ឃឹមថា​សម្រាប់​ការប្រកួត​បន្ទាប់ យើង​នឹង​ក្លាយជា​ក្រុម​កំពូល​ទាំងបី​នៅលើ​ទីលាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក Conor Nestor​។  
 
​សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល G ពានរង្វាន់ AFC Cup 2020 នៅ​ថ្ងៃទី​១១ ខែកុម្ភៈ នា​កីឡដ្ឋាន Rizal Memorial Football Stadium កីឡាករ Takashi Odawara បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ Ceres Negros ក្រោយ​ការប្រកួត​ដំណើរការបាន​១២​នាទី​។ ពីរ​នាទី​ក្រោយមក​គ្រាប់​ទី​២​របស់ Ceres ក៏បាន​កើតឡើង ដែល​សម្រេចបាន​ដោយ​កីឡាករ Joshua Grommen តាមរយៈ​ការប្រើ​ដៃ​ទៅ​ប៉ះបាល់​បញ្ចូល​ទី​។ ក្រោយ​ឃើញបែបនេះ ទាំង​គ្រូបង្វឹក​និង​កីឡាករ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​បាននាំគ្នា​តវ៉ា តែ​ពុំ​ទទួលបាន​លទ្ធផល​។ 
 
​ការប្រកួត​តង់​ទី​២​ដំណើរការបាន​១០​នាទី​កីឡាករ Bienvenido Maranon ក្រោម​ការបញ្ជូន​របស់​កីឡាករ Manuel Ott បានសម្រេច​មួយគ្រា​ប់ប​ន្ថែ​ម ដើម្បី​បង្កើន​ការនាំ​មុខ ៣-០ សម្រាប់ Ceres Negros​។ ១៥​នាទី​ក្រោយមក​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ សម្រេចបាន​គ្រាប់​ទី​២​របស់ខ្លួន ដើម្បី​នាំ​ជ័យជម្នះ ៤-០ ឲ្យ​ក្រុម​ជើងឯក​លី​គ​កំពូល​ហ្វីលីពីន​មួយ​នេះ​។ 
 
​សម្រាប់​ជំនួប​បន្ទាប់​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​បើកទ្វារ​កី​ឡ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួលភ្ញៀវ Bali United របស់​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​៦​ល្ងាច​៕  

កីឡាករ សួន សុវណ្ណ (អាវខៀវ)ព្យាយាមគ្រប់គ្រងបាល់ពីដណ្តើមរបស់កីឡាករ Ceres Negros, រូបភាពពី AFC


Tag:
 បាល់ទាត់​
  AFC Cup
  Conor Nestor
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com