១៤​កុម្ភៈ ក្រសួង រៀបចំ​បោះតង់ នៅ​តំបន់​ព្រៃ​ឡង់ «​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ធនធានធម្មជាតិ​»
ជាតិ
១៤​កុម្ភៈ ក្រសួង រៀបចំ​បោះតង់ នៅ​តំបន់​ព្រៃ​ឡង់ «​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ធនធានធម្មជាតិ​»
13, Feb 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន នឹង​រៀបចំ​កម្មវិធី​បោះតង់​បរិស្ថាន ក្រោម​ប្រធានបទ «​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​៖ យើង​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​» ដើម្បី​បង្កើន​ក្ដី​ស្រឡាញ់ ក៏ដូចជា​ការចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី ពិសេស​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់​។​


 
​កម្មវិធី​បោះតង់​នេះ ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​ព្រះអាទិត្យ​នៃ​ដែនជម្រកសត្វព្រៃ​ឡង់ ខេត្តកំពង់ធំ​។ មន្ត្រី​ក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍​តំបន់ការពារធម្មជាតិ និង អ្នក​ស្រឡាញ់​ធនធានធម្មជាតិ ដែល​នឹងចូលរួម មាន​បប្រមាណ​៥០០​នាក់​។​
 
​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​លើកឡើងថា​៖«​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​បណ្ដុះ​ស្មារតី​ស្រឡាញ់​ធនធានធម្មជាតិ ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន និង​ជាការ​ជំរុញ​ឲ្យ​មានការ​ចូលរួម​កាន់តែ​សកម្ម​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​យើង​មាន​»​។​
 
​សូមបញ្ជាក់ថា ព្រៃ​ឡង់​ត្រូវបាន​រដ្ឋាភិបាល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១៦ ហើយ​វា​ស្ថិតក្រោម​ការគ្រប់គ្រង អភិរក្ស​របស់​ក្រសួងបរិស្ថាន​។ ព្រៃ​ឡង់ មាន​ផ្ទៃដី​សរុប​ជាង​៤៣​ម៉ឺន​ហិកតា និង​មាន​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤​គឺ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និង ក្រចេះ​។ 
 
​នៅ​ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន​បានប្រកាស​ទទួលស្គាល់ តំបន់ការពារធម្មជាតិ​ចំនួន​១៩ ដែលមាន​សិទ្ធិ​ស្របច្បាប់​ចូលរួម​សកម្មភាព​ការពារ និង អភិរក្ស​ធនធានធម្មជាតិ នៅក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សារៈសំខាន់​។ បច្ចុប្បន្ន រដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់​ការពារ ធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូតដល់​ប្រមាណ​៤១​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ​៧,២​លាន​ហិកតា​៕






Tag:
 ក្រសួងបរិស្ថាន​
  បោះតង់​
© រក្សាសិទ្ធិដោយ thmeythmey.com