ជាតិ
ជប៉ុន ចង់​វិនិយោគ​លើ​ផ្នែក​សំរាម​នៅ​កម្ពុជា
13, Feb 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ជប៉ុន ចង់​វិនិយោគ​លើ​ផ្នែក​សំរាម​នៅ​កម្ពុជា ក្រោយ​រដ្ឋាភិបាល​សម្រេច​ដកសិទ្ធិ​គ្រប់គ្រង​ពី​ក្រុមហ៊ុន ស៊ីន ទ្រី​។ លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ប្រាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ នា​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ​។​


 
​លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ បាន​និយាយថា បញ្ហា​សំរាម គឺជា​កត្តា​ចំ​បាច់​ដែល​ជប៉ុន យកចិត្តទុកដាក់​ដោះស្រាយ និង​ចង់​វិនិយោគ​។ បើតាម​លោក មី​កា​មី ក្រុមហ៊ុន​ជប៉ុន​ចំនួន​៣ នឹងចូលរួម​ចំណែក​ដេញថ្លៃ​ក្នុងការ​ប្រមូល​សំរាម​នៅ​កម្ពុជា នាពេលខាងមុខ​។​
 
​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បា​និយាយ​ដូច្នេះ​ថា​៖«​បន្ទាប់ពី​បាន​ជួយ​រាជធានី​ភ្នំពេញ​លើ​វិស័យ​ទឹកស្អាត លើ​វិស័យ​ចម្រោះ​ទឹក ហើយ​នៅពេលនេះ​ក៏បាន​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សំរាម​តែម្ដង ដែល​សំរាម​នេះ គឺជា​កត្តាចាំបាច់ ហើយ​ជប៉ុន​ក៏មាន​ក្រុមហ៊ុន​ចំនួន​៣ ដែលមាន​ចំណាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​»​។​
 
​កាលពី​ខែតុលា ឆ្នាំ​២០១៩ រដ្ឋាភិបាល បានសម្រេច​ដកសិទ្ធិ​ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅ​គ្រប់គ្រង​បណ្តោះអាសន្ន ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​ស៊ិន​ទ្រី​តែមួយ​ពិតជា​មិនអាច​ដោះស្រាយ​បញ្ហា​សំរាម​នៅ​រាជធានី​ភ្នំពេញ​បានឡើយ​។ ប្រមុខ​រដ្ឋាភិបាល នឹងមាន​ការបែងចែក​តំបន់​ប្រមូល​សំរាម​ដោយ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ច្រើន​ប្រជែង​ដេញថ្លៃ​ផងដែរ​។​
 
​ថ្លែងប្រាប់​លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា នៅពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច កំពុង​ដាក់​ការប្រមូល​សំរាម​នេះ​ស្ថិតនៅក្នុង​អន្តរកាល ។ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយថា ៖«​ក្រុមហ៊ុន​ចាស់​ពុំ​អាច​ទទួល​ការងារ​នេះ​បាន​ទៀត​ទេ ដោយសារ​ទីក្រុង​ភ្នំពេញ​មានការ​រីក​ធំ ពី​ប្រមាណ​៣០០​គីឡូម៉ែត្រ​ការ៉េ ទៅ ៦០០​គីឡូម៉ែត្រ​ការ៉េ ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ស្ថាប័ន​ទាំងពីរ​គឺ សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹងដាក់​ឲ្យ​ដេញថ្លៃ​។ ដូច្នេះ​ក្រុមហ៊ុន​ជប៉ុន ដែលមាន​ចំណាប់អារម្មណ៍ គប្បី​ចូល​ដេញថ្លៃ ដើម្បី​ជួយ​ដល់​ការប្រមូល​សំរាម​នេះ​»​។​
 
​ក្នុង​មួយឆ្នាំ​កម្ពុ​ជាមាន​សំរាម​ប្រមាណ​៤​លាន​តោន ដោយ​ក្នុងនោះ​បរិមាណ​ប្រមាណ​៥៦​ភាគរយ ត្រូវបាន​ដឹក​ទៅ​ចា​ក់នៅ​ទីលាន​សំរាម​។ បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ដ្រា ក្នុងចំណោម​កាកសំណល់​ប្រមាណ​៤​លាន​តោន មាន​២០​ភាគរយ​ជា​សំរាម​ប្លា​សិ្ទ​ក ,២០​ភាគរយ​ទៀត ត្រូវបាន​គេ​យកទៅ​កែច្នៃ​ប្រើប្រាស់​វិញ​បាន និង​ជិត​៣០​ភាគរយ ត្រូវបាន​ប្រជាពលរដ្ឋ​យកទៅ​បោះចោល​នៅតាម​ទីសាធារណៈ​។​
 
​តំបន់​ប្រជុំជន​សំខាន់ៗ​ចំនួន​៣ ដែល​បាន​ផលិត​សំណល់​ច្រើន​ប្រចាំថ្ងៃ រួមមាន រាជធានី​ភ្នំពេញ​មាន​សំរាម​ប្រមាណ​៣​ពាន់​តោន ខេត្ត​ព្រះសីហនុ​មាន​ប្រមាណ​៧០០​តោន និង​ខេត្តសៀមរាប​មាន​សំរាម​ប្រមាណ ៣៨០​តោន​។​ជា​មធ្យម​កម្ពុ​ជាមាន​សំរាម​ប្រមាណ​១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ ។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​៕

Tag:
 ហ៊ុន សែន​
  សំរាម​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com