អឺរ៉ុប ផ្តាច់ EBA ផ្នែកខ្លះ ពីកម្ពុជា
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អឺរ៉ុប ផ្តាច់ EBA ផ្នែកខ្លះ ពីកម្ពុជា
12, Feb 2020 , 6:31 pm        
រូបភាព
ទីស្នាក់ការកណ្តាលនៃគណៈកម្មការអឺរ៉ុប (រូបពី AFP)
ទីស្នាក់ការកណ្តាលនៃគណៈកម្មការអឺរ៉ុប (រូបពី AFP)
ដោយ: ថ្មីៗ
ទីបំផុត គណៈកម្មការអឺរ៉ុប បានសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ EBA ចំនួន១ភាគ៥ ឬ២០ភាគរយ ចេញពីកម្ពុជា ដោយមិនផ្តាច់ទាំងស្រុងនោះទេ។​ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សាយលើគេហទំព័ររបស់គណៈកម្មការអឺរ៉ុបនៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។



តាមរយៈសេចក្តីប្រកាសព័ត៌មាន គណៈកម្មអឺរ៉ុប សង្កត់ធ្ងន់ថា ការសម្រេចផ្តាច់ EBA ដោយផ្នែកខ្លះនេះ គឺដោយសារតែនៅកម្ពុជា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ទៅលើសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។

គណៈកម្មការអឺរ៉ុប អះអាងទៀតថា ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ (ដូចជាវ៉ាលី និង កាបូប ជាដើម) ព្រមទាំងស្ករសផងដែរ។

ទំនិញដែលត្រូវគណៈកម្មការអឺរ៉ុបដាក់ពន្ធលើនោះមានទំហំ​ប្រមាណ ១ពាន់លានអឺរ៉ូ ឬប្រហាក់ប្រហែលនឹង ១,១ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាវាមិនមានការវាយតម្លៃជាក់លាក់ណាមួយពីការ​ខាតបង់ដែលកម្ពុជានឹងជួបប្រទះ ក្រោយការអនុវត្តពន្ធលើទំនិញនាំចេញនេះឡើយ​ ប៉ុន្តែកន្លងមកការវាយតម្លៃជាបឋមថា កម្រិតពន្ធ ១២ ភាគរយអាចនឹង​ធ្វើឲ្យកម្ពុជាខាតបង់រហូតដល់ជាង ១២០ លានដុល្លារក្នុងឆ្នាំ។ 

ការដកប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែកខ្លះនេះ មានន័យថា កម្ពុជានៅតែមានសិទ្ធិនៅចូលទំនិញទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែវាតម្រូវឲ្យកម្ពុជាបង់ពន្ធលើទំនិញមួយចំនួន ដ្បិតកន្លងមក កម្ពុជា មិនបង់ពន្ធលើទំនិញគ្រប់យ៉ាង លើកលែងតែអាវុធ។ បន្ថែមពីនេះ ការសម្រេចយកពន្ធនេះ នឹងចូលជាធរមាននៅរយៈពេល៦ខែក្រោយ ដែលមានន័យថា ទាល់តែដល់ខែសីហា ឆ្នាំ២០២០ ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។

តាមពិតទៅ ការដកការអនុគ្រោះនេះ ជាការវាយប្រហារធ្ងន់មួយលើវិស័យវាយនភណ្ឌកម្ពុជា ដែលជាវិស័យទទួលបានប្រយោជន៍ច្រើនពីការអនុគ្រោះនេះតាំងពីឆ្នាំ២០០៦មក។ 
 
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាទៅអឺរ៉ុប មានទំហំ ៤,៦ពាន់លានអឺរ៉ូនៅឆ្នាំ២០១៨ ដែលស្មើនឹង៨៦ភាគរយនៃការនាំចេញសរុប ៥,៣ ពាន់លានអឺរ៉ូ។ ក្រោមការអនុគ្រោះ កម្ពុជានាំទុំនិញចេញទៅជាង ៧២០០មុខ ដោយមិនបង់ពន្ធ និងការកំណត់កូតា។ ប៉ុន្តែ ការសម្រេចពេលនេះ នឹងកាត់បន្ថយមុខទំនិញកម្ពុជា។
 
គណៈកម្មការអឺរ៉ុប​ បានចាប់ផ្តើមនីតិវិធីដំបូងស្តីពីផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ ដូច្នេះ មកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វា មានរយៈពេល១ឆ្នាំហើយ ដែលគណៈកម្មការ ពិចារណានិងចរចាជាមួយភាគីកម្ពុជា មុននឹងធ្វើសេចក្តីសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកខ្លះពីកម្ពុជា។ 

នៅមុន១ថ្ងៃ គឺនៅថ្ងៃទី១១ ខែកុម្ភៈ នាពិធីបើកការដ្ឋានស្តារផ្លូវលេខ២និងផ្លូវលេខ២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសប្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី កុំឲ្យតក់ស្លុតនឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប។​ ប្រមខុរដ្ឋាភិបាល បង្ហាញជំហររឹងពឹងថា កម្ពុជា ត្រូវរៀនរស់ដោយដកដង្ហើមខ្លួនឯង៕ 

Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com