ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ការអនុញ្ញាតឱ្យនាវាអាមេរិកចូលចតនៅកម្ពុជា ព្រោះចង់លុបបំបាត់ជំងឺភ័យខ្លាច Covid-19
12, Feb 2020 , 10:12 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការអនុញ្ញាតឱ្យនាវាទេសចរអាមេរិក ចូលចតនៅកម្ពុជានេះ ព្រោះចង់លុបបំបាត់ជំងឺភ័យខ្លាចជំងឺរលាកសួតនៃវីរុសកូរ៉ូណា (Covid-19) នៅទូទាំងពិភពលោក។ នាវាទេសចរណ៍ សហរដ្ឋអាមេរិកឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២០០០នាក់ នឹងចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៣ កុម្ភៈ។

សម្ដេច ហ៊ុន សែន បាននិយាយថា ការផ្ដល់ទីតាំងឱ្យនាវាអាមេរិកចតនេះ គឺដើម្បីជួយសង្រ្គោះមនុស្សនៅជាប់លើនាវាដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ។ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ទង្វើរបែបនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជា សម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។

តាមរយៈកិច្ចសម្ភាសជាមួយអង្គភាពព័តមាន Fresh News សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ៖«ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»

អត្ថបទទាក់ទង
 

ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ដែលអនុញាតឱ្យ​នាវា​ដឹក​អ្នកដំណើរ​មួយរបស់សហរដ្ឋអាមេរិកឈ្មោះ Westerdam ចូល​ចត​នៅ​កំពង់ផែ​កម្ពុជានេះ ធ្វើឡើងបន្ទាប់ពីប្រទេសចំនួន៥បានបដិសេធការសុំចូលចតរបស់ក្រុមហ៊ុនទេសចរណ៍​។ ​ប្រទេស​ទាំង​៥ដែលបានបដិសេធ​នោះ រួមមាន ថៃ ជប៉ុន កោះ​តៃវ៉ាន់ កោះ ហ្គាំ និង​ហ្វីលីពីន​។ ការបដិសេធដោយសារ​ពួកគេភ័យខ្លាច​ថា មាន​អ្នកដំណើរ​នៅលើ​នាវា​នោះ អាចមាន​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ។នាវា​ដឹក​អ្នកដំណើរ​នេះ បាន​អះអាងថា ​គ្មាន​អ្នក​ដំំ​ណើ​រ​ឈឺលើនាវា​នោះទេ ។នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Holland America Line ដែលជា​ម្ចាស់​នាវា នៅ​ថ្ងៃ​ពុធ ១២ ខែកុម្ភៈ​៕


Tag:
 ហ៊ុន សែន
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com