ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល ៖ ការសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជា កើតចេញពីការយល់ច្រឡំ និងទំនើងចិត្តរបស់អឺរ៉ុប
12, Feb 2020 , 11:35 pm        
រូបភាព
​ភ្នំពេញ​៖ ៣​ម៉ោង​ក្រោយ​គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everyting But Arms)​ពី​កម្ពុជា​នេះ រដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​សោកស្ដាយ​ចំពោះ​ការសម្រេច​របស់​អឺរ៉ុប​។ ក្រសួងការបរទេស​ក​ម្ពុ​ជា ចាត់ទុក​ការសម្រេច​របស់​អឺរ៉ុប​បែបនេះ គឺ​ផ្ដល់​ភាពអយុត្តិធម៌​ដល់​កម្ពុជា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ម៉ោង​១១​យប់​ថ្ងៃទី​១២ កុម្ភៈ​។​



​ក្រសួងការបរទេស​ក​ម្ពុ​ជា មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​គណៈកម្មកា​រ​អឺរ៉ុប​ឡើយ​។ ក្រសួងការបរទេស ចាត់ទុក​សេចក្តីសម្រេច​នេះ ជាការ​ភាន់ច្រឡំ និង​អនុវត្ត​តាមចិត្ត​របស់​អឺរ៉ុប​។ «​ទស្សនាទាន​ស្តីពី “​ការរំលោភបំពាន​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​” ដូច​បានចែង​ក្នុង​បទ​ប្បញ្ញត្តិ​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ដែល​ផ្តើមចេញពី​ការភាន់ច្រឡំ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្តែង​នៅ​កម្ពុជា ត្រូវបាន​យកមកប្រើ​ប្រាស់​តាម​ទំនើងចិត្ត ដើម្បី​ចាប់ផ្តើម​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​គណៈ​កម្ម​អឺរ៉ុប បាន​សង្កត់ធ្ងន់ថា ការសម្រេច​ផ្តាច់ EBA ដោយ​ផ្នែក​ខ្លះ​នេះ គឺ​ដោយសារតែ​នៅ​កម្ពុជា មានការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ទៅលើ​សិទ្ធិមនុស្ស​ដែលមាន​ចែង​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​។

ផ្ទុយ​ពី​ហេតុផល​របស់​គណៈកម្មកា​រ​អឺរ៉ុប ក្រសួងការបរទេស​ក​ម្ពុ​ជា យល់ឃើញថា ការសម្រេច​ដក​ផ្នែក​ខ្លះ​នៃ​EBA​នេះ គឺ​ដោយសារ​កត្តានយោបាយ និង​ការ​លំអៀង​របស់​អឺរ៉ុប ។ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា អឹ​រ៉ុ​ប​កំពុង​អនុវត្ត​ស្ដង់​ពីរ​មកលើ​កម្ពុជា​។ សេចក្តីថ្លែងការណ៍​ដដែល បាន​រៀបរាប់​ដូច្នេះ​ថា​៖«​បើទោះជា​ផ្អែកលើ​គុណ​តម្លៃ និង​គោលការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​សហភាព​អឺរ៉ុប​ក៏ដោយ ក៏​សេចក្តីសម្រេច​នេះ ត្រូវបាន​ជំរុញ​ដោយ​ហេតុផល​នយោបាយ ដោយ​គ្មាន​ការពិចារណា​ប្រកបដោយ​កត្តា​សត្យានុម័ត និង​ភាពមិនលំអៀង​។ កត្តា​ទាំងពីរ​នេះ គឺជា​គោលការណ៍​គ្រឹះ​ដែល​ស្ថាប័ន​អន្តរជាតិ តួយ៉ាង​ដូចជា​គណៈកម្មកា​រ​អឺរ៉ុប​ត្រូវតែ​ប្រកាន់​ខ្ជាប់ខ្ជួន​។ សេចក្តីសម្រេច​នេះ​មិនមាន​អ្វី​ក្រៅពី​ការអនុវត្ត​ស្តង់ដារ​ទ្វេ នៅពេលដែល​យើង​ប្រៀបធៀប​ប្រព្រឹត្ត​កម្ម​របស់​សហភាព​អឺរ៉ុប​ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​ដទៃទៀត​»​។​

អត្ថបទទាក់ទង

​អម​ជាមួយ​ការមិន​ពេញចិត្ត​នេះ ក្រសួង​ការបទេស បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រឆាំង​ការប៉ុនប៉ង​ពី​ដៃគូ​ខាងក្រៅ ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម ឬ​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ជា​លេស​ក្នុងការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ «​ទោះបីជា​សេចក្តីសម្រេច​នេះ​បានទទួល​ស្គាល់​“​វឌ្ឍនភាព​ជាក់ស្តែង​” ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នៅក្នុង​វិស័យ​ជាច្រើន ក្នុងការ​ឆ្លើយតប​ទៅនឹង​ក្តីកង្វល់​របស់​គណៈកម្មកា​រ​អឺរ៉ុប​ក៏ដោយ ក៏​សេចក្តីសម្រេច​នេះ​ពុំបាន​ទទួលស្គាល់ និង​គោរព​បញ្ហា​ជា​មូលដ្ឋាន​នៃ​អធិបតេយ្យ​របស់​កម្ពុជា ដែល​ពុំមែន​ជា​កម្មវត្ថុ​នៃ​ការចរចា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​ជា​កម្មវត្ថុ​នៃ​ការផ្លាស់ប្តូរ​ដើម្បី​ជំនួយ​អភិវឌ្ឍន៍​នោះឡើយ​»​។​នេះ​ជាការ​យល់ឃើញ​របស់​ក​ម្ពុ​ជា​។​

​តែ​យ៉ាងណា​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​ភាព​អឺរ៉ុប​បន្ថែមទៀត ដោយ​ឈរលើ​ស្មារតី​នៃ​ការគោរព និង​ការទទួល​ផលប្រយោជន៍​ទៅវិញទៅមក ជាពិសេស​អនុវត្តតាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅក្នុង​តំបន់ បើទោះជា​គណៈកម្មការ​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​EBA​ពី​កម្ពុជា​ក្តី​។

ការផ្តាច់ EBA ដោយ​ផ្នែក​ខ្លះ​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា ប៉ះពាល់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង រួមទាំង​ប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​ធ្វើដំណើរ (​ដូចជា​វ៉ា​លី និង កាបូប ជាដើម​) ព្រមទាំង​ស្ករស​ផងដែរ​។​ទំនិញ​ដែល​ត្រូវ​គណៈកម្មការ​អឺរ៉ុប​ដាក់​ពន្ធ​លើ​នោះ​មាន​ទំហំ​ប្រមាណ ១​ពាន់​លាន​អឺរ៉ូ ឬ​ប្រហាក់ប្រហែល​នឹង ១,១ ពាន់​លាន​ដុល្លារ​អាមេរិក​។ យ៉ាងណា​វា​មិនមាន​ការវាយតម្លៃ​ជាក់លាក់​ណាមួយ​ពី​ការខាតបង់​ដែល​កម្ពុជា​នឹង​ជួបប្រទះ ក្រោយ​ការអនុវត្ត​ពន្ធ​លើ​ទំនិញ​នាំចេញ​នេះឡើយ ប៉ុន្តែ​កន្លងមក​ការវាយតម្លៃ​ជាបឋម​ថា កម្រិត​ពន្ធ ១២ ភាគរយ​អាច​នឹងធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​រហូតដល់​ជាង ១២០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​។​ការសម្រេច​យកពន្ធ​នេះ នឹង​ចូល​ជាធរ​មាននៅ​រយៈពេល​៦​ខែក្រោយ ដែល​មានន័យថា ទាល់តែ​ដល់​ខែសីហា ឆ្នាំ​២០២០ ទើប​កម្ពុជា ចាប់ផ្តើម​បង់ពន្ធ ពេល​នាំ​ទំនិញ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។​

កន្លងមក​នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា ទោះបីជា​គ្មាន ឬ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏​សេដ្ឋកិច្ចកម្ពុជា មិន​ដួល​ឬ​ស្លាប់​ដែរ ហើយ​កម្ពុជា​នឹង​ប្រឹង​រស់​ដោយ​ខ្លួនឯង​៕

Tag:
 EBA
  សេដ្ឋកិច្ច
  EU
© រក្សាសិទ្ធិដោយ thmeythmey.com