ជាតិ
នយោបាយជាតិ
រដ្ឋាភិបាល ៖ ការសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជា កើតចេញពីការយល់ច្រឡំ និងទំនើងចិត្តរបស់អឺរ៉ុប
× ភ្នំពេញ៖ ៣ម៉ោងក្រោយគណៈកម្មការអឺរ៉ុប សម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ(Everyting But Arms)ពីកម្ពុជានេះ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍សោកស្ដាយចំពោះការសម្រេចរបស់អឺរ៉ុប។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកការសម្រេចរបស់អឺរ៉ុបបែបនេះ គឺផ្ដល់ភាពអយុត្តិធម៌ដល់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅម៉ោង១១យប់ថ្ងៃទី១២ កុម្ភៈ។
ក្រសួងការបរទេសកម្ពុជា មិនពេញចិត្តចំពោះការសម្រេចរបស់គណៈកម្មការអឺរ៉ុបឡើយ។ ក្រសួងការបរទេស ចាត់ទុកសេចក្តីសម្រេចនេះ ជាការភាន់ច្រឡំ និងអនុវត្តតាមចិត្តរបស់អឺរ៉ុប។ «ទស្សនាទានស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។
តាមរយៈសេចក្តីប្រកាសព័ត៌មានគណៈកម្មអឺរ៉ុប បានសង្កត់ធ្ងន់ថា ការសម្រេចផ្តាច់ EBA ដោយផ្នែកខ្លះនេះ គឺដោយសារតែនៅកម្ពុជា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ទៅលើសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
ផ្ទុយពីហេតុផលរបស់គណៈកម្មការអឺរ៉ុប ក្រសួងការបរទេសកម្ពុជា យល់ឃើញថា ការសម្រេចដកផ្នែកខ្លះនៃEBAនេះ គឺដោយសារកត្តានយោបាយ និងការលំអៀងរបស់អឺរ៉ុប ។ សម្រាប់រដ្ឋាភិបាលកម្ពុជា អឹរ៉ុបកំពុងអនុវត្តស្ដង់ពីរមកលើកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែល បានរៀបរាប់ដូច្នេះថា៖«បើទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះ ត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង។ កត្តាទាំងពីរនេះ គឺជាគោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិ តួយ៉ាងដូចជាគណៈកម្មការអឺរ៉ុបត្រូវតែប្រកាន់ខ្ជាប់ខ្ជួន។ សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត»។
អមជាមួយការមិនពេញចិត្តនេះ ក្រសួងការបទេស បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រឆាំងការប៉ុនប៉ងពីដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ «ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់“វឌ្ឍនភាពជាក់ស្តែង” ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។នេះជាការយល់ឃើញរបស់កម្ពុជា។
តែយ៉ាងណាកម្ពុជានៅតែប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ទៅវិញទៅមក ជាពិសេសអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់ បើទោះជាគណៈកម្មការអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជាក្តី។
ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ (ដូចជាវ៉ាលី និង កាបូប ជាដើម) ព្រមទាំងស្ករសផងដែរ។ទំនិញដែលត្រូវគណៈកម្មការអឺរ៉ុបដាក់ពន្ធលើនោះមានទំហំប្រមាណ ១ពាន់លានអឺរ៉ូ ឬប្រហាក់ប្រហែលនឹង ១,១ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាវាមិនមានការវាយតម្លៃជាក់លាក់ណាមួយពីការខាតបង់ដែលកម្ពុជានឹងជួបប្រទះ ក្រោយការអនុវត្តពន្ធលើទំនិញនាំចេញនេះឡើយ ប៉ុន្តែកន្លងមកការវាយតម្លៃជាបឋមថា កម្រិតពន្ធ ១២ ភាគរយអាចនឹងធ្វើឲ្យកម្ពុជាខាតបង់រហូតដល់ជាង ១២០ លានដុល្លារក្នុងឆ្នាំ។ការសម្រេចយកពន្ធនេះ នឹងចូលជាធរមាននៅរយៈពេល៦ខែក្រោយ ដែលមានន័យថា ទាល់តែដល់ខែសីហា ឆ្នាំ២០២០ ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។
កន្លងមកនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ទោះបីជាគ្មាន ឬមានប្រព័ន្ធអនុគ្រោះពន្ធក៏សេដ្ឋកិច្ចកម្ពុជា មិនដួលឬស្លាប់ដែរ ហើយកម្ពុជានឹងប្រឹងរស់ដោយខ្លួនឯង៕ © រក្សាសិទ្ធិដោយ thmeythmey.com