ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! ព្យាបាល “​ក្អក​ស្ងួត​” ដោយ​មិនបាច់​លេបថ្នាំ​
13, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាកា​រៈ​ក្អក​ជា​បញ្ហា​គួរឱ្យ​រំខាន​មួយ​និង​មិន​ងាយ​បាត់​ទៅវិញ​ដោយ​ឯង​ឯង​លឿន​ប៉ុន្មាន​ឡើយ​។ ក្រៅពី​ថ្នាំពេទ្យ​ក៏​នៅមាន​ឱសថ​បែប​ធម្មជាតិ​មួយចំនួន​អាចជួយ​ព្យាបាល​អាកា​រៈ​ក្អក​និង​បំបាត់​អាកា​រៈរ​មាស់​ក្នុង​បំពង់​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ថា​តើ​ឱសថ​ធម្មជាតិ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឱសថ​ធម្មជាតិ​ងាយស្រួល​ផ្សំ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល​អាកា​រៈ​ក្អក​ស្ងួត​បាន​ឆាប់រហ័ស ប្រសើរ​ជាង​ការប្រើប្រាស់​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ៖
 
១. ទឹកឃ្មុំ​

​ជា​រូបមន្ត​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្អក​ស្ងួត​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកឃ្មុំ​ឆៅ ១ ស្លាបព្រា​បាយ​ឱ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ​។ ឬក៏​អ្នក​អាច​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ក៏មាន​ឥទ្ធិពល​ប្រសើរ​ដូចគ្នា​!
 
២. ក្រូចឆ្មារ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួម​បន្ថែម​ទឹកឃ្មុំ ១ ឬ ២ ស្លាបព្រា​ចូល​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហៗ​។​
 
៣. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​

​រូបមន្ត​ធម្មជាតិ​ងាយៗ​មួយទៀត​ដើម្បី​ទប់ទល់​ជាមួយ​អាកា​រៈ​ក្អក គឺ​ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​។ ទឹកអំបិល​ជួយ​កាត់បន្ថយ​ការ​រលាក​និង​ហើម​ក្នុង​បំពង់ក ដូច្នេះ​អ្នកនឹង​មាន​អារម្មណ៍​ធូរស្បើយ​ពី​អាកា​រៈ​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។​
 
៤. គ្រាប់​អាល់​ម៉ុ​ន​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ក្រឡុក​គ្រាប់​អាល់​ម៉ុ​ន​ពី ២ ទៅ ៣ គ្រាប់​ជាមួយ​ទឹកក្រូច​ស្រស់ ១ កែវ រួច​ទទួលទាន​នៅ​រាល់ពេល​ស្ងួត​បំពង់ក​ក្អក​ជាការ​ស្រេច​។​
 
៥. ស៊ី​រ៉ូ​ខ្ញី​លាយ​ជី​អង្កាម​
 
•​ ​អ្វីដែល​អ្នកត្រូវការ​

​ស្លឹក​ជី​អង្កាម​ក្រៀម ឬ​ស្ងួត ១ ស្លាបព្រា​បាយ​ខ្ញី​ដែល​ចិញ្ច្រាំ ៣ ស្លាបព្រា​បាយ ទឹកឃ្មុំ ១ ពែង និង​ទឹក​ធម្មតា ៤ ពែង​។​
 
•​ ​របៀប​ធ្វើ​

​ដាក់​ខ្ញី​និង​ជី​អង្កាម​ក្នុង​ទឹក​រួច​ដាំ​ឱ្យ​ពុះ​។ ទុក​រម្ងាស់​បន្តិច​សិន​សឹម​ស្រង់​កាក​ចេញ​។ បន្ថែម​ទឹកឃ្មុំ​ចូល រួច​កូរ​ឱ្យ​សព្វ​។ អ្នក​គួរ​ទទួលទាន ១ ស្លាបព្រា​បាយ​នៃ​ស៊ី​រ៉ូ​នេះ​រាល់ ៣ ម៉ោង​ម្ដង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com