​កម្ពុជា​រៀបចំ​សម្រួល​ឲ្យ​អ្នកដំណើរ​លើ​នាវា Westerdam ចេញ​ជា​បន្តបន្ទាប់​
ជាតិ
​កម្ពុជា​រៀបចំ​សម្រួល​ឲ្យ​អ្នកដំណើរ​លើ​នាវា Westerdam ចេញ​ជា​បន្តបន្ទាប់​
13, Feb 2020 , 12:03 pm        
រូបភាព
ដោយ: រួបរួម
​អ្នកដំណើរ​ដែល​ស្ថិតនៅលើ​នាវា​ទេសចរណ៍ Westerdam ត្រូវ​ទទួល​ការត្រួតពិនិត្យ​សុខភាព មុននឹង​អាជ្ញាធរ​កម្ពុជា​រៀបចំ​សម្រួល​ឲ្យ​ពួកគេ​បន្តដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ទៅ​ស្វាគមន៍​ការមកដល់​របស់​នាវា​នៃ​ក្រុមហ៊ុន Holland America Line នៅ​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​



«​មិន​មានការ​ស្នាក់នៅ​នោះឡើយ នេះ​គ្រាន់តែ​ជា​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​»​។ លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​អះអាង​យ៉ាង​ដូច្នេះ​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ការមកដល់​របស់​នាវា Westerdam ដែល​ផ្ទុក​អ្នកដំណើរ​១៤៥៥​នាក់ និង​បុគ្គលិក​នាវា​៨០២​នាក់​។

​បន្ទាប់ពី​ចេញដំណើរ​ពី​ហុងកុង នា​ថ្ងៃទី​១ ខែកុម្ភៈ ការ​ចោល​ចុះចត​របស់ Westerdam ដែលជា​គោលដៅ​របស់ខ្លួន​ត្រូវបាន​បដិសេធ​ជា​បន្តបន្ទាប់ ចាប់ពី​ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វីលីពីន និង​ថៃ ដោយសារ​ភ័យខ្លាច​ករណី​ជំងឺ​រលាក​សួត COVID-19​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ពី​ការផ្តល់​ភ្លើង​បៃតង​របស់ខ្លួន​ក្នុង​បទ​សម្ភាស​ជាមួយ​ហ្វ្រេស​ញូ​ថា ជា​កាយវិការ​មនុស្សធម៌​ដែល​មិនមាន​ការរើសអើង ជាពិសេស​សម្តេច​ចង់​លុបបំបាត់​ជំងឺ​ភ័យខ្លាច​។ ភាគី​នាវា​ក៏បាន​បញ្ជាក់​ផងដែរ​ថា មិនមាន​ករណី COVID-19 ណាមួយ​កើត​មនុស្ស​នៅលើ​នាវា​នោះឡើយ​។​

​ជាមួយគ្នានេះ លោក គួច ចំរើន បាន​បញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​នាវា កំពុង​សហការគ្នា​រៀបចំ​សម្រួល​ឯកសារ​រដ្ឋបាល​ចាំបាច់​ឲ្យ​បាន​លឿន​បំផុត​។ ក្រោយ​ការពិនិត្យ​សុខភាព​នៅលើ​នាវា​ផ្ទាល់ អ្នកដំណើរ​ក៏​មិន​ត្រូវបាន​តម្រូវ​ឲ្យ​ចេញ​ទាំងអស់​នោះដែរ ពោលគឺ​សម្រាប់តែ​ទេសចរ​មួយចំនួន​ដែល​បាន​ទិញ​សំបុត្រ​រួចហើយ​តែប៉ុណ្ណោះ​។​

​បើតាម​លោក អភិបាលខេត្ត ទេសចរ​ដែល​បាន​កក់​សំបុត្រ​រួចហើយ មាន​ប្រមាណ​៥០០​នាក់ ខណៈ​អាជ្ញាធរ​កម្ពុជា រៀបចំ​សម្រួល​ដំណើរ​ពួកគេ​ទៅកាន់​អាកាសយានដ្ឋាន និង​ឯកសារ​ផ្សេងៗ​។​

​ការមកដល់​នាវា Westerdam ក៏​ទទួលបាន​ការស្វាគមន៍​ផងដែរ​ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស៊ុន ចាន់ថុល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួមទាំង​លោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក អគ្គនាយក​កំពង់ផែ ស្វយ័ត​ក្រុងព្រះសីហនុ ក៏ដូចជា​មន្ត្រី​ស្ថានទូត​អាមេរិក ផងដែរ​។​

​ក្នុងចំណោម​អ្នកដំណើរ​១៤៥៥​នាក់ មាន​ជាង​៤០​សញ្ជាតិ​។ ទេសចរ​ដែល​ច្រើនជាងគេ​មាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​...៕



Tag:
 កូរ៉ូណាវីរុស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com