អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​ថៃ មិន​ជឿ​សម្តី​ប្រធាន WHO ថា​អ្នកដំណើរ​លើ​នាវា Westerdam សុខភាព​ល្អ​
13, Feb 2020 , 1:22 pm        
រូបភាព
(ឆ្វេង) លោករដ្ឋមន្ត្រីសុខភាពសាធារណៈថៃ Anutin Charnvirakul, (ស្តាំ) ប្រមុខអង្គការសុខភាពពិភពលោក, (រូបក្រោយ) នាវា Westerdam ថតពេលចូលដែនសមុទ្រកម្ពុជា នៅក្រុងព្រះសីហនុ  (AFP)
(ឆ្វេង) លោករដ្ឋមន្ត្រីសុខភាពសាធារណៈថៃ Anutin Charnvirakul, (ស្តាំ) ប្រមុខអង្គការសុខភាពពិភពលោក, (រូបក្រោយ) នាវា Westerdam ថតពេលចូលដែនសមុទ្រកម្ពុជា នៅក្រុងព្រះសីហនុ (AFP)
ដោយ:
​រដ្ឋមន្ត្រី​សុខភាព​សាធារណៈ​ថៃ លោក Anutin Charnvirakul បាន​បង្ហើប​ឲ្យ​ដឹងថា អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ហៅ​ទូរ​សព្ទ​មក​លោ​កនៅ​យប់​ថ្ងៃ​អង្គារ  ទី​១១ ខែកុម្ភៈ ដោយ​និយាយថា រាល់​អ្នកដំណើរ​លើ​នាវា Westerdam មាន​សុខភាព​ល្អប្រសើរ ហើយ​សុំ​ឲ្យ​ថៃ​ទទួលខុសត្រូវ​មើលថែ​ពួកគេ​។ ក៏ប៉ុន្តែ លោក អះអាង​ប្រាប់​ទៅវិញ​ថា លោក ពុំ​ជឿទុកចិត្ត​លើ​ការអះអាង​នេះឡើយ ព្រោះថា​ប្រមុខ​អង្គការ​អន្តរជាតិ​នេះ ពុំបាន​ស្ថិតនៅលើ​នាវា​ទេសចរណ៍​នោះ​។



អត្ថបទទាក់ទង


​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ លោក​រដ្ឋមន្ត្រី​ថៃ Anutin Charnvirakul អះអាង​ទៀតថា លោក​មិនមាន​ទំនុកចិត្ត​ថា ក្រុម​វេជ្ជសាស្ត្រ​លើ​នាវា​ទេសចរណ៍​នោះ មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើតេស្ត​បញ្ជាក់ថា​តើ​អ្នកដំណើរ មាន​ឬ គ្មាន​ឆ្លង​វីរុស​ដែល​សម្លាប់​មនុស្ស​ជាង​១​ពាន់​នាក់​នេះ​។

​លោក Anutin សង្កត់ធ្ងន់ថា ទោះបីជា​អាជ្ញាធរ​មកពី​ប្រទេស​ជាច្រើន ក៏បាន​អះអាងថា នាវា​នេះ មាន​សុវត្ថិភាព វា​នៅតែ​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​បរាជ័យ​ក្នុងការ​ផ្លាស់ប្តូរ​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ​។ តាម​បាងកក​ប៉ុស្តិ៍ លោក​រដ្ឋមន្ត្រី លើកឡើងថា​៖«​ថៃ​ក៏​មិនមែនជា​ទិសដៅ​គ្រោងទុក​សម្រាប់​ផ្លូវ​នាវា​នេះ​ផងដែរ​។ ហេតុអ្វី​ថៃ​ត្រូវ​ទប់​ទល់នឹង​សម្ពាធ​នេះ​? យើង​ត្រូវ​គិតថា ហេតុអ្វី​បាន​ប្រទេស​ដទៃ​បដិសេធ​នាវា​នេះ​»​។

​នាវា​ទេសចរណ៍​ផ្ទុក​មនុស្ស​ជាង​២​ពាន់​នាក់​មួយ​ឈ្មោះថា Westerdam ត្រូវបាន​បដិសេធ​ដោយ​ប្រទេស និង​កោះ​ចំនួន​៥ មុនពេល​នឹង​ទទួលបាន​អនុញ្ញាត​ឲ្យ​ចូល​ចត​ពីថ្ងៃ​១២ ខែកុម្ភៈ ក្នុងប្រទេស​កម្ពុជា ។ ទាក់ទិន​នឹង​សកម្មភាព​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន បាន​អះអាងថា ការអនុញ្ញាត​នេះ ធ្វើឡើង​ដោយ​ឈរលើ​ហេតុផល​មនុស្សធម៌​។

​ចាប់តាំងពី​ចាកចេញ​ពី​កំពង់ផែ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​១ ខែកុម្ភៈ​មក នាវា​ទេសចរណ៍​នេះ ត្រូវបាន​បដិសេធ​ដោយ​ជប៉ុន តៃវ៉ាន់ ហ្វីលីពីន ហ្កា​ម និង​ថៃ ដោយ​ព្រួយបារម្ភ​ថា អ្នកដំណើរ​ខ្លះ​ដែល​ជិះ​លើ​នាវា​នេះ ប្រហែល​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ។ ទោះជា​បែបនេះ​ក្តី ក្រុមហ៊ុន​ម្ចាស់​នាវា​ទេសចរណ៍ Westerdam នេះ បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខ្លួន​ថា អ្នកដំណើរ​លើ​នាវា​ទាំងអស់​មាន​សុខ​ភាពល្អ ហើយ​អ្នកដំណើរ​ដែល​ជិះ​លើ​នាវា​នេះ ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខ​ភាពជា​ទៀងទាត់​ផង​។  ។

​នាវា​ទេសចរណ៍ MS Westerdam របស់​ក្រុមហ៊ុន Holland America បានមក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ នេះ ក្រោយ​ទទួលបាន​ភ្លើង​បៃតង​ពី​រដ្ឋាភិបាល​កម្ពុជា​៕



Tag:
 ថៃ​
  WHO
  នាវា Westerdam
  កូ​រ៉ូ​ណាវី​រុស
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com