ជាតិ
មនុស្ស​២០​នាក់​នៅ​នាវា​ Westerdam មានអាការក្អក ឈឺពោះ រាគរូស...
13, Feb 2020 , 2:52 pm        
រូបភាព
​ភ្នំពេញ​៖ មនុស្ស​២០​នាក់ ដែល​នៅលើ​នាវា​ទេសចរណ៍​អាមេរិក កំពុង​ស្ថិតនៅ​ក្នុងការ​តាមដាន​សុខភាព ក្រោយពី​ពិនិត្យឃើញ​ភាពមិនប្រក្រតី​មួយចំនួន​។ ក្រសួងសុខាភិបាល បាន​បញ្ជូន​វត្ថុ​សំណាក​ទៅ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ហើយ​។​


 
​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វ៉ាន់ឌី​ន បាន​ប្រាប់​សារព័ត៌មាន​ថា មនុស្ស​២០​នាក់ ដែល​ស្ថិតនៅក្នុង​ការតាមដាន​សុខភាព​នេះ ដោយសារតែ​ពួកគេ​មាន​អាកា​រៈ​ក្អក ឈឺពោះ​និង​រាគរូស ទើប​នាំឱ្យមាន​ការសង្ស័យ និង​ឈានទៅដល់​ការធ្វើ​រោគវិនិច្ឆ័យ​នេះ​។​
 
​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​ផ្ទាល់ នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ដែលជា​ទីកន្លែង​នាវា​អាមេរិក​ចត​នោះ បាន​និយាយ​ដូច្នេះ​ថា​៖«​តាមពិតទៅ​គាត់​មាន​រោគសញ្ញា​តិចតួច ប៉ុន្តែ​ដើម្បី​ឱ្យមាន​ភាពច្បាស់លាស់ យើង​ក៏​សម្រេចយក​វត្ថុ​អង្គធាតុ ដើម្បី​យកទៅ​មើល​។ វា​មិន​ចំ​ជា​សង្ស័យ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ជា​រោគសញ្ញា​តិចតួច ដែល​យើង​ត្រូវ​មានការ​ប្រាកដប្រជា ព្រោះ​បញ្ហា COVID-19 នេះ ពេលខ្លះ​វា​មាន​រោគសញ្ញា​តិចតួច​មែន ប៉ុន្តែ​វា​ក៏​អាចមាន​វិជ្ជមាន​នៃ​វីរុស​ដែរ​»​។​
 
​ដ្បិត​មាន​មនុស្ស​២០​នាក់ ស្ថិតនៅក្នុង​ការតាមដាន​សុខភាព​មែន ប៉ុន្តែ​មនុស្ស​ដទៃ​ជាង​២០០០​នាក់​នេះ គ្មាន​រោគសញ្ញា​គ្រុនក្តៅ ដែល​គួរឱ្យ​បារម្ភ​ខ្លាំង​ឡើយ​។ នេះ​បើតាម​លោកស្រី ឱ វ៉ាន់ឌី ដែល​បាន​បន្ថែមថា អ្នក​នៅលើ​នាវា​ទាំងនោះ មិនទាន់​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​នាវា​ទេ ។​
 
អត្ថបទទាក់ទង

​រដ្ឋាភិបាល បានសម្រេច​ឱ្យ​នាវា​ទេសចរណ៍​អាមេរិក ដែលមាន​ឈ្មោះថា Westerdam ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៣ កុម្ភៈ​នេះ ក្រោយពី​ប្រទេស និង​កោះ​ចំនួន​៥ បាន​បដិសេធ​លើ​ការស្នើសុំ​ចត​របស់​ក្រុមហ៊ុន Holland America Line​។ ក្នុងនោះ​រួមមាន ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វីលីពីន និង​ថៃ ដែល​មិន​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​ចូល​ចត​ឡើយ ដោយសារ​បារម្ភ​ពី COVID-19​។​
 
​មនុស្ស​នៅលើ​នាវា​នោះ មាន​ជាង​២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ មាន​ជាង​៤០​សញ្ជាតិ និង​បុគ្គលិក​បម្រើ​ការងារ​តាម​ផ្នែក​លើ​នាវា ៨០២​នាក់​។ អ្នកទេសចរ​ដែល​ច្រើនជាងគេ​មាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​...៕

Tag:
 ឱ វ៉ាន់ឌី​ន​
  COVID-19
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com