ជាតិ
ចិន ជំទាស់នឹងការសម្រេចរបស់គណៈកម្មការអឺរ៉ុប លើបញ្ហាEBAរបស់កម្ពុជា រូបពីវេបសាយក្រសួងការបរទេសចិន
× ភ្នំពេញ៖ រដ្ឋាភិបាលចិន ជំទាស់នឹងការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms) ពីកម្ពុជា។ ចិននឹងបន្តជួយដល់ការអភិវឌ្ឍកម្ពុជា ។
រដ្ឋាភិបាលចិន មិនពេញចិត្តចំពោះការសម្រេចរបស់គណៈកម្មការអឺរ៉ុប លើបញ្ហាEBAរបស់កម្ពុជាឡើយ។ ចិនគាំទ្រជំហរ និងការសម្រេចរបស់កម្ពុជាកន្លងមក ប៉ុន្តែមិនគាំទ្រការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបនោះទេ។
ឆ្លើយតបនឹងសំនួរអ្នកកាសែតជុំវិញបញ្ហាEBAកម្ពុជា កាលពីថ្ងៃទី១១ កុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយដូច្នេះថា៖«ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតហើយប្រឆាំងនឹងការប្រើប្រាស់វិធានការពាណិជ្ជកម្មដើម្បីជ្រៀតជ្រែក។ យើងគាំទ្ររដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការលើកស្ទួយអធិបតេយ្យភាពឯករាជ្យភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រទេសខ្លួនហើយត្រៀមខ្លួនជួយដល់ប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍថេរនិងលើកកម្ពស់សុខុមាលភាពប្រជាជន។ យើងសង្ឃឹមថាសហគមន៍អន្តរជាតិក៏អាចចូលរួមចំណែកក្នុងន័យស្ថាបនាបន្ថែមទៀតលើបញ្ហានេះដែរ»។
គណៈកម្មការអឺរ៉ុប បាសម្រេចដកផ្នែកខ្លះនៃ EBA ពីកម្ពុជា ក្រោមហេតុផលថា កម្ពុជា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាលក្ខណប្រព័ន្ធ ទៅលើសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
តាមរយៈការសម្រេចនេះ កម្ពុជា រងផលប៉ះពាល់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ (ដូចជាវ៉ាលី និង កាបូប ជាដើម) ព្រមទាំងស្ករសផងដែរ។ទំនិញដែលត្រូវគណៈកម្មការអឺរ៉ុបដាក់ពន្ធលើនោះមានទំហំប្រមាណ ១ពាន់លានអឺរ៉ូ ឬប្រហាក់ប្រហែលនឹង ១,១ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាវាមិនមានការវាយតម្លៃជាក់លាក់ណាមួយពីការខាតបង់ដែលកម្ពុជានឹងជួបប្រទះ ក្រោយការអនុវត្តពន្ធលើទំនិញនាំចេញនេះឡើយ ប៉ុន្តែកន្លងមកការវាយតម្លៃជាបឋមថា កម្រិតពន្ធ ១២ ភាគរយអាចនឹងធ្វើឲ្យកម្ពុជាខាតបង់រហូតដល់ជាង ១២០ លានដុល្លារក្នុងឆ្នាំ។ការសម្រេចយកពន្ធនេះ នឹងចូលជាធរមាននៅរយៈពេល៦ខែក្រោយ ដែលមានន័យថា ទាល់តែដល់ខែសីហា ឆ្នាំ២០២០ ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជានេះ កើតចេញពីការយល់ច្រឡំ និងទំនើងចិត្តរបស់អឺរ៉ុប។ សម្រាប់រដ្ឋាភិបាល អឺរ៉ុបកំពុងអនុវត្តស្តង់ដារពីរ និងសម្រេចចិត្តទាំងអយុត្តិធម៌ដល់កម្ពុជា។
តែយ៉ាងណាកម្ពុជានៅតែប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ទៅវិញទៅមក ជាពិសេសអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់ បើទោះជាគណៈកម្មការអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជាក្តី។នេះជាការបញ្ជាក់របស់ក្រសួងការបរទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com