ក្លិបបាល់ទាត់បឹងកេតនៅតែបើកភ្លើងបៃតងជានិច្ចសម្រាប់កីឡាករ ម៉ាត់ យ៉ាមីន បើសិនចង់ចូលរួមជាមួយបឹងកេតនៅថ្ងៃខាងមុខ។ តែការអនុញ្ញាតឲ្យចូលរួមសាជាថ្មីនេះ គឺទាមទារឲ្យកីឡាករខ្មែរ-អ៊ិស្លាមរូបនេះ កែប្រែខ្លួន និងបោះបង់ទម្លាប់មិនល្អ ដែលក្លិបហាមឃាត់។ សម្រាប់បឹងកេតគ្មានអ្នកណាម្នាក់ ដែលមិនធ្លាប់ខុសនោះទេ។
ភ្លើងបៃតងសម្រាប់កីឡាករ ម៉ាត់ យ៉ាមីន នៅតែបើកជានិច្ច ប្រសិនបើរូបគេចង់ត្រឡប់មកចូលរួមជាក្លិបបឹងកេតសាជាថ្មី។ ប៉ុន្តែទាមទារឲ្យ រូបគេ កែប្រែខ្លួននិងបោះបង់ទម្លាប់មិនល្អមួយចំនួន ដែលប្រាសចាកពីវិធានរបស់ក្លិប ដែលបានដាក់ចេញឲ្យអនុវត្ត។ នេះបើតាមការលើកឡើងរបស់លោក បែ មករា អ្នកចាត់ការទូទៅក្លិបបាល់ទាត់បឹងកេត។
លោកបានអះអាងថា ក្លិបបឹងកេតមិនចង់បោះបង់កីឡាករ ម៉ាត់ យ៉ាមីន នោះទេ តែពេលខ្លះកាលៈទេសៈតម្រូវឲ្យធ្វើដូច្នេះ ព្រោះក្លិបចង់អនុវត្តវិធានការឲ្យមានប្រសិទ្ធិភាព។ សម្រាប់លោក បែ មករា គ្មានអ្នកណាម្នាក់មិនធ្លាប់ប្រព្រឹត្តខុសនោះទេ ហើយឱកាសកែខ្លួនសម្រាប់អ្នកខុសនៅតែមានជានិច្ច ទោះអ្នកនោះខុសតិចតួច ឬច្រើនក៏ដោយ។
«យើងមិនចង់បិទឱកាសកីឡាករនោះទេ មនុស្សដែលធ្លាប់ធ្វើខុស ធ្លាប់ញៀនថ្នាំ ក៏គេយកមកកែប្រែដើម្បីឲ្យមនុស្សនឹងក្លាយជាមនុស្សល្អបានដែរ។ យើងក៏អ៊ីចឹងដែរ គឺយើងក៏មិនចង់បោះបង់គាត់(យ៉ាមីន)ចោលដែរ តែពេលខ្លះយើងត្រូវតែអនុវត្តវិធានការរបស់យើង ហើយនៅពេលណាមួយគាត់ល្អប្រសើរឡើងវិញ ឬដឹងខ្លួនខុស យើងនៅតែផ្តល់ឱកាសឲ្យគាត់»។ លោក បែ មករា លើកឡើងដូច្នេះក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ។
អ្នកចាត់ការទូទៅរូបនេះ មិនចង់ឲ្យសម្រេចរបស់ខ្លួន ក្លាយជាវិប្បដិសារីសម្រាប់ក្លិបទៅថ្ងៃអនាគតនោះទេ។ ក្លិបក៏មិនចង់ឲ្យការសម្រេចរបស់ខ្លួនក្លាយជាចលករជំរុញកីឡាករ ម៉ាត់ យ៉ាមីន ឲ្យបន្តប្រព្រឹត្តកំហុសកាន់តែធ្ងន់ធ្ងរនោះដែរ។ ក្នុងន័យនេះ ក្លិបជំរុញឲ្យខ្សែបម្រើខ្មែរ-អ៊ិស្លាមរូបនេះ ត្រូវសិក្សាពីកំហុស និងកែប្រែខ្លួន ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍កីឡាបាល់ទាត់នៅកម្ពុជា។
«បើយើងបោះបង់គាត់(យ៉ាមីន)ស្មើនឹងយើងជំរុញគាត់បន្ថែម តែបើគាត់មិនកែខ្លួននោះការរុញបន្ថែមមិនមែនជាការសោកស្តាយរបស់យើងនោះទេ។ ប៉ុន្តែបើគាត់ត្រឡប់មកជាមនុស្សវិញ យើងនៅតែចង់ផ្តល់ឱកាសឲ្យគាត់ តែអ្វីៗអាស្រ័យលើភាពជាក់ស្តែង»។ នេះជាការលើកឡើងបន្ថែមរបស់លោក បែ មករា ដែលអះអាងថា ការដាក់វិធានការហាមមិនឲ្យសេពគ្រឿងស្រវឹង ឬសារធាតុហាមឃាត់ ដើរលេងយប់ចូលក្លិប និងលក់គ្រាប់បាល់ជាដើមរបស់ក្លិប គឺចង់ឲ្យកីឡាករល្អ។
គួរបញ្ជាក់ថា កីឡាករ ម៉ាត់ យ៉ាមីន ត្រូវបានក្លិបបាល់ទាត់បឹងកេតបញ្ចប់កិច្ចសន្យាទាំងមិនបើករដូវកាល ក្រោមហេតុផលប្រព្រឹត្តអំពើប្រាសចាកពីក្រមសីលធម៌កីឡាករអាជីព កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។ ការបញ្ចប់កិច្ចសន្យានេះ ធ្វើឡើងក្រោយបែកធ្លាយរូបថតកីឡាករ ម៉ាត់ យ៉ាមីន ស្ថិតក្នុងចំណោមមនុស្សជាង៤០នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបការជួយដូរ និងប្រើប្រាស់គ្រឿងញៀនៅមជ្ឈមណ្ឌលកម្សាន្តផ្លាយ(Fly)នៅយប់រំលងអាធ្រាតថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ។
មួយថ្ងៃបន្ទាប់ក្រោយក្លិបបឹងកេតបញ្ចប់កិច្ចសន្យាកីឡាករ ម៉ាត់ យ៉ាមីន បានសរសេរសារលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន សុំទោសប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ចំពោះកំហុសដែលគេបានធ្វើ។ ជាមួយការអរគុណដល់សារលើកទឹកចិត្តនិងជូនពររបស់អ្នកគាំទ្រ ដែលបានផ្ញើមកខ្លួន យ៉ាមីន បាននិយាយទាំងសោកស្តាយថា៖«អ្វីដែលខ្ញុំខំសាងតាំងពីដើមមក គឺខ្ញុំជាអ្នកបំផ្លាញវាដោយខ្លួនឯង»៕