ជាតិ
លោក កឹម សុខា ៖ ការអនុញ្ញាតឱ្យ Westerdam ចូល​ចត​នៅ​កម្ពុជា គឺជា​កាយវិការ​មនុស្ស​ធម៌​
13, Feb 2020 , 3:39 pm        
រូបភាព
​ភ្នំពេញ​៖ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គាំទ្រ​ការសម្រេចចិត្ត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អនុញ្ញាតឱ្យ​នាវា Westerdam របស់​អាមេរិក ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៣ កុម្ភៈ​។ លោក កឹម សុខា ចាត់ទុក​សកម្មភាព​បែ​ប​នេះ ជា​ទង្វើរ​សប្បុរស​។​



​លោក មុត ចន្ថា មនុស្ស​ជំនិត​លោក កឹម សុខា បាន​ស្រង់​សម្តី​មេដឹកនាំ​ខ្លួន មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ការអនុញ្ញាត​នេះ គឺជា​កាយវិការ​មនុស្ស​ធម៌ និង​ការចូលរួម​រក​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​អ្នកទេសចរ​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​»​។​
 
​លោក កឹម សុខា ថ្លែង​បែបនេះ ទៅកាន់​អ្នកកាសែត​បរទេស​ម្នាក់ ដែល​បាន​សួរ​លោក ពាក់ព័ន្ធ​នឹង​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុញ្ញាតឱ្យ​កប៉ាល់​ដែល​ដឹក​អ្នកទេសចរ​ជាង ២,០០០​នាក់ ជាប់គាំង​នៅលើ​នាវា​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​នេះ​។ នេះ​បើតាម​លោក មុត ចន្ថា​។​
 
​រដ្ឋាភិបាល បានសម្រេច​ឱ្យ​នាវា​ទេសចរណ៍​អាមេរិក ដែលមាន​ឈ្មោះថា Westerdam ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ក្រោយពី​ប្រទេស និង​កោះ​ចំនួន​៥ បាន​បដិសេធ​លើ​ការស្នើសុំ​ចត​របស់​ក្រុមហ៊ុន Holland America Line នេះ​។ ក្នុងនោះ​រួមមាន ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វីលីពីន និង​ថៃ ដែល​មិន​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​ចូល​ចត​ឡើយ ដោយសារ​បារម្ភ​ពី COVID-19​។​
 
​មនុស្ស​នៅលើ​នាវា​នោះ មាន​ជាង​២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ មាន​ជាង​៤០​សញ្ជាតិ និង​បុគ្គលិក​បម្រើ​ការងារ​តាម​ផ្នែក​លើ​នាវា ៨០២​នាក់​។ អ្នកទេសចរ​ដែល​ច្រើនជាងគេ​មាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​...៕

Tag:
 កឹម សុខា​
  COVID-19
  Westerdam
© រក្សាសិទ្ធិដោយ thmeythmey.com