ជាតិ
សេដ្ឋកិច្ច
ការផ្តាច់​ផ្នែក​ខ្លះ​នៃ EBA ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​កាត់ដេរ​ខ្លាំងជាងគេ​?
13, Feb 2020 , 9:39 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
ទំនិញ ដែល​កម្ពុជា នាំទៅ​ទីផ្សារ​អឺរ៉ុប មាន​រាប់ពាន់មុខ​។ បើតាម​តួលេខ​ពី​គណៈកម្មការ​អឺរ៉ុប ការនាំចេញ​ទំនិញ​ពី​កម្ពុជា ទៅ​ទីផ្សារ​អឺរ៉ុប មាន​ទំហំ​ទឹកប្រាក់​ជាង​៥,៨​ពាន់​លាន​ដុល្លារ (៥,៤​ពាន់​អឺរ៉ូ​) កាលពី​ឆ្នាំ​២០១៨​។ រាល់​ការនាំ​ទំនិញ​ទាំងនោះ ទៅ​ទីផ្សារ​អឺរ៉ុប មិនត្រូវ​បង់ពន្ធ​ឡើយ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សព្វ​មុខទំនិញ​លើកលែងតែ​អាវុធ (EBA)​។


 
​តួលេខ​ពី​គណៈ​កម្មករ​អឺរ៉ុប បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ទំនិញ​ទាំងអស់ សម្លៀកបំពាក់ មាន​ចំនួន​ច្រើនជាងគេ គឺ​ស្មើនឹង​ប្រមាណ​៣​ភាគ​៤​ទៅហើយ ដែល​កម្ពុជា នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។ ប្រភព​ដដែល បង្ហាញថា គ្រាន់តែ​ទំហំ​ទឹកប្រាក់ ដែល​កម្ពុជា​នាំ​សម្លៀកបំពាក់​តែមួយ​មុខ ទៅ​ទីផ្សារ​អឺរ៉ុប គឺ​ជាង​៤,៣​ពាន់​លាន​ដុល្លារ (៤​ពាន់​លាន​អឺរ៉ូ​) ក្នុង​ឆ្នាំ​២០១៨​។​
 
​តាមរយៈ​តួលេខ​នេះ គេ អាច​ដឹងថា ក្នុងការ​រកស៊ី​ជាមួយ​អឺរ៉ុប កម្ពុជា ពឹងផ្អែក​ជា​ចម្បង​ទៅលើ​វិស័យ​វាយនភ័ណ្ឌ​។ ដូច្នេះ ទើបបានជា​គេ មាន​ក្តីបារម្ភ ក្រោយ​គណៈ​កម្មការ​អឺរ៉ុប សម្រេច​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​១​ភាគ​៥ ឬ​២០​ភាគរយ ពី​កម្ពុជា​។ 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​អឺរ៉ុប ដែល​ចេញ​នៅ​ថ្ងៃ​១២ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដោយ​ផ្នែក​ខ្លះ​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​ទំនិញ​កម្ពុជា​មួយចំនួន ទៅកាន់​ទីផ្សារ​អឺរ៉ុប ដូចជា ស្បែកជើង ផលិតផល​សម្រាប់​ធ្វើដំណើ​រ និង ស្ករស ហើយ​ជាពិសេស​គឺ «​សម្លៀកបំពាក់​តែម្តង​»​។ 
 
បើ​អឺរ៉ុប គិត​ពន្ធ​លើ​គ្រប់មុខ​ទំនិញ កម្ពុជា ត្រូវ​បង់ពន្ធ​យ៉ាងតិច​ក្នុង​វ​ង្វ​ង់​៦០០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​។ តែ​ក្រោម​ការអនុគ្រោះ​ពន្ធ​ស្ទើរ​១០០​ភាគរយ កម្ពុជា ទទួលបាន​ប្រាក់ចំណេញ​ពី​ការមិន​យកពន្ធ ប្រមាណ​៦០០​លាន​ដុល្លារ​។ ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​២០​ភាគរយ នឹង​តម្រូវ​ឲ្យ​កម្ពុជា បង់ពន្ធ​ប្រមាណ​១០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។  

លោក វន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ថា​៖«...​ស្រុក​ខ្មែរ​យើង វិស័យ​កាត់ដេរ ជា​វិស័យ​នាំមុខគេ​។ សហភាព​អឺរ៉ុប ក៏​ផ្តោតលើ​វិស័យ​កាត់ដេរ​ដែរ​។ អ៊ីចឹង វា ជា​ចំណុច​សំខាន់ ដែល វិស័យ​កាត់ដេរ​ជា​ផលប៉ះពាល់​មុនគេ​ដំបូងបង្អស់​»​។ 

​សំឡេង​លោក វន ពៅ​៖




​ចំណែក លោក គី សេរី​វ​ឌ្ឍ បណ្ឌិត​សេដ្ឋកិច្ច និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ហាក់​មើលឃើញ​ផ្ទុយ​ពី​លោក វន ពៅ​។ បណ្ឌិត​សេដ្ឋកិច្ច​រូបនេះ យល់ថា ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ខ្លះ​នេះ ទំនងជា​មិន​ប៉ះពាល់​ខ្លាំង​លើ​វិស័យ​កាត់ដេរ ដូច​ការ​ព្រួយបារ​ម្ភ​របស់​មហាជន​ឡើយ​។ លោក ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា​៖«​មកដល់ពេលនេះ ក៏​គ្មាន​អ្នកណា​ច្បាស់​ថា ការដក EBA ខ្លះ​នេះ ធ្វើ​ឲ្យ​កម្ពុជា រងគ្រោះ​កម្រិតណា មិន​រងគ្រោះ​កម្រិតណា​នោះទេ​...»​។​
 
​សំឡេង​លោក គី សេរី​វ​ឌ្ឍ​៖



 
​រីឯ លោក ចាន់ សុផល អ្នកជំនាញ​សេដ្ឋកិច្ច​ម្នាក់​ដែរនោះ បាន​ពន្យល់​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា  កម្ពុជា ត្រូវ​បង់ពន្ធ​២០​ភាគរយ លើ​ទំនិញ ដែល​នាំទៅ​អឺរ៉ុប ដោយ​ទំនិញ​៨០​ភាគរយ​ទៀត នៅ​រួច​ពន្ធ​ដដែល​។ លោក សរសេរថា ពន្ធ​លើ​ទំនិញ​២០​ភាគរយ​នេះ មាន​កម្រិត​ប្រហែល​១០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។ 
 
​លោក មាន​ទស្សនទាន​ថា​៖«​បរិមាណ​នេះ មិន​ច្រើនពេក​ទេ បើ​គិត​ក្នុង​បរិបទ​សេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន​។ វា ត្រូវជា ១,១​ភាគរយ នៃ​ការនាំចេញ​សម្លៀកបំពាក់​និង​ស្បែកជើង​សរុប​។ វា ត្រូវជា ១,២​ភាគរយ នៃ​ចំណាយ​ថវិកាជាតិ និង​ត្រូវជា ០,៣៥​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP)​។ វា មិន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថមថយ​ខ្លាំង ឬក៏​ដួលរលំ​នោះទេ​»​។ 
 
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានប្រកាសថា នៅ​ចុងខែ​កុម្ភៈ និង​នៅ​ខែមីនា ឆ្នាំ​២០២០ រោងចក្រ​មួយចំនួន នឹងត្រូវ​បិទទ្វារ​រយៈពេល​១​ខែ ឬ​ឈានដល់​២​ខែ​។ សមាគម​រោងចក្រ លើក​មូល​ហេតុថា ការបិទទ្វារ​នេះ គឺ​ដោយសារតែ​រោងចក្រ​ទាំងនោះ អស់​វត្ថុធាតុដើម ដែល​នាំចូល​ពី​ចិន មិនមែន​មកពី​ការផ្តាច់ EBA នោះទេ​។ 
 
​សមាគម​រោងចក្រ បន្តថា ដោយសារ​ការ​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ទើប​រោងចក្រ​និង​ក្រុមហ៊ុន​ជាច្រើន​នៅ​ចិន សម្រេច​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ទៅ​បណ្តា​ប្រទេស​នានា រួមទាំង​កម្ពុជា​ផងដែរ​។​
 
​លោក អាត់ ធន់ មេ​សហជីព​មួយរូប អះអាងថា មាន​រោងចក្រ​ជាង​១០ នឹងត្រូវ​បិទទ្វារ ដោយ​ក្នុងនោះ​មាន​កម្មករ​-​កម្មការិនី​ជិត​១​ម៉ឺន​នាក់ នឹងត្រូវ​ព្យួរការងារ​។ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​ថា បច្ចុប្បន្ន កម្ពុ​ជាមាន​រោងចក្រ​កាត់ដេរ​ជាង​១,២​ពាន់​។ 
 
​ទោះជា​គណៈកម្មការ​អឺរ៉ុប សម្រេច​យកពន្ធ​២០​ភាគពី​កម្ពុជា​ក្តី តែ​ការអនុវត្ត​មិនទាន់​ចាប់ផ្តើម នៅពេល​នេះឡើយ​។ កម្ពុជា នឹង​ចាប់ផ្តើម​អនុវត្ត​បង់ពន្ធ​២០​ភាគរយ​នេះ ជូន​អឺរ៉ុប នៅ​សីហា ឆ្នាំ​២០២០​។ តែ​ការអនុវត្ត​បង់ពន្ធ​នេះ ក៏​អាច​នឹង​ប្រែប្រួល​ដែរ បើ​មានការ​ជំទាស់​ពី​សភា​អឺរ៉ុប​និង​ក្រុមប្រឹក្សា​អឺរ៉ុប​៕ 

Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com