អន្តរជាតិ
COVID-19៖ វៀតណាម​បិទ​ច្រកចេញចូល​មួយ​នៅ​ឃុំ​មួយ​ដែលមាន​មនុស្ស​១​ម៉ឺន​នាក់​
13, Feb 2020 , 10:39 pm        
រូបភាព
ប៉ូលិសវៀតណាមពាក់ម៉ាស់ការពារ ឈរនៅកន្លែងត្រួតពិនិត្យក្នុងឃុំ Son Loi ខេត្ត Vin Phuc ប្រទេសវៀតណាម កាលពីថ្ងៃ ១៣ កុម្ភៈ ឆ្នាំ២០២០ (AFP)
ប៉ូលិសវៀតណាមពាក់ម៉ាស់ការពារ ឈរនៅកន្លែងត្រួតពិនិត្យក្នុងឃុំ Son Loi ខេត្ត Vin Phuc ប្រទេសវៀតណាម កាលពីថ្ងៃ ១៣ កុម្ភៈ ឆ្នាំ២០២០ (AFP)
ដោយ:
​ឃុំ​មួយ​ក្នុងប្រទេស​វៀតណាម​ដែលមាន​មនុស្ស​រស់នៅ​១​ម៉ឺន​នាក់ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក (​វិធាន​ច​ត្តា​ឡី​ស័ក​) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ ក្រោយ​បាន​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ៦​នាក់​នៅ​ទីនោះ​។ អាជ្ញាធរ​សុខាភិបាល​វៀតណាម បញ្ជាក់​បែបនេះ​។

 
​សម្រាប់​ការបិទ​ច្រកចេញចូល​ឃុំ Son loi នៃ​ខេត្ត Vinh Phuc ដែលមាន​ចម្ងាយ ៤០ គីឡូម៉ែត្រ​ពី​រដ្ឋធានី​ហាណូយ គឺជា​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ទ្រង់ទ្រាយ​ធំ​លើកដំបូង នៅក្រៅ​ប្រទេស​ចិន ចាប់តាំងពី​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) បាន​ផ្ទុះ​រីក​រាលដាល​ពី​ក្រុង​វូ​ហាន ភាគ​កណ្ដាល​នៃ​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​។ 
 
«​គិត​ត្រឹម​ថ្ងៃ ១៣ ខែកុម្ភៈ ឆ្នាំ​២០២០ យើង នឹង​អនុវត្ត​ជាបន្ទាន់​កិច្ចការ​ដាក់​ឲ្យ​នៅឯ​កោ និង​ដាច់ដោយឡែក​នៃ​តំបន់​ផ្ទុះ​ការ​រាលដាល​ក្នុង​ឃុំ Son Loi»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងសុខាភិបាល​វៀតណាម ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ AFP ។ ក្រសួង​សង្កត់ធ្ងន់ថា ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក គឺមាន​រយៈពេល ២០ ថ្ងៃ​។​
 
​ឃុំ Son Loi គឺជា​តំបន់​សម្បូរ​ទៅដោយ​ពលរដ្ឋ​វៀតណាម​ធ្វើ​ចម្ការ​។ កន្លងទៅ ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​អះអាងថា មនុស្ស​៥​នាក់​ក្នុង​ឃុំ​ដែល​នៅក្បែរ​រដ្ឋធានី​វៀតណាម​មួយ​នេះ បាន​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​រកឃើញ​ករណី​ទី ៦​ហើយ​។ ទន្ទឹមនេះ អាជ្ញាធរ​តំបន់ បាន​បង្កើត​កន្លែង​ត្រួតពិនិត្យ​នៅ​ជុំវិញ​ឃុំ​នេះ​។ នេះ​បើតាម​អ្នករាយការណ៍​ព័ត៌មាន AFP ហើយ​មើលឃើញថា មន្ត្រី​សុខាភិបាល​ដែល​ពាក់​សម្លៀកបំពាក់​ការពារ បាន​បាញ់ Spray សម្លាប់​មេរោគ​លើ​យានយន្ត​នៅពេល​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ មនុស្ស​ជាង ១៣៥០​នាក់​ហើយ បាន​ស្លាប់​ក្នុងប្រទេស​ចិន ដោយសារ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ហើយ​ជិត​៦​ម៉ឺន​នាក់​បាន​ឆ្លង​វីរុស​នេះ​៕

Tag:
 វៀតណាម​
  កូ​រ៉ូ​ណាវី​រុស​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com