ខុន ស៊ី​ចាន់​៖«​ខ្ញុំ​ប្រឹង​ហ្វឹកហាត់​បន្ថែម និង​ឡើង​សង្វៀន​ក្នុងស្រុក​ញឹកញាប់​»
ONE Championship
កីឡាជាតិ
ជាតិ
ខុន ស៊ី​ចាន់​៖«​ខ្ញុំ​ប្រឹង​ហ្វឹកហាត់​បន្ថែម និង​ឡើង​សង្វៀន​ក្នុងស្រុក​ញឹកញាប់​»
13, Feb 2020 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ខុន ស៊ី​ចាន់ ដែល​គេ​ស្គាល់​ថា​ជា​អ្នកលេង​គុន​ចម្រុះ​លេចធ្លោ​ម្នា​ក់នៅ​កម្ពុជា​បាន​តាំងចិត្ត​ខំប្រឹង​ហ្វឹកហាត់​យក​កម្លាំង​ស៊ុ​ហ្វ និង ឡើង​ប្រកួត​នៅ​សង្វៀន​ក្នុងស្រុក​កាន់តែ​ច្រើនជាង​មុន​ដើម្បី​ជា​ទុន​ទៅ​កម្រិត​ល្អ​មួយ​លើ​ឆាក​អន្តរជាតិ​។ ការ​បង្ហើប​អំពី​គម្រោង​នេះ បន្ទាប់ពី​កីឡាករ​មកពី Phmom Penh MMA ចាញ់​កីឡាករ​ជម្រើសជាតិ​ចំបាប់​ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​ទឹក​ទី​១ កាល​ថ្ងៃទី​៧ ខែកុម្ភៈ ក្នុង​កម្មវិធី ONE:WARRIOR'S CODE​។


 
 ខុន ស៊ី​ចាន់ បាន​ថ្លែង​ឲ្យ​ដឹងថា​៖«​ខ្ញុំ​ទទួលស្គាល់​អំពី​បរាជ័យ​នេះ​ដោយសារ​ទប់​ឃ្លេ​គេ​មិន​ជាប់​...​ខ្ញុំ​អាច​និយាយថា​ខ្ញុំ​នៅ​ខ្សោយ​ក្បាច់​ឃ្លេ​។ ខ្ញុំ​មានតែ​ការ​ខំប្រឹង​បន្ថែម និង​បង្កើន​ស៊ុ​ហ្វ​ឲ្យ​កាន់តែ​ល្អ​។ មុន​ឡើង​ប្រកួត​ម្ដងទៀត ខ្ញុំ​ត្រូវ​បំប៉ន​ក្បាច់​ការពារ​ខ្លួន និង​ឃ្លេ​។ មួយទៀត ខ្ញុំ​ទទួល​ការប្រកួត​នៅ​សង្វៀន​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ដើម្បី​កុំ​ឲ្យ​គាំង​ក្បាច់​»​។ 
 
​កីឡាករ​មកពី​ឧ​ត្ត​រ​មានជ័យ​បាន​រំលឹកថា​៖«​ខ្ញុំ​គ្មានអ្វី​ត្រូវ​ដោះសារ​នោះទេ​...​បើ​យើង​អន់​ជា​គេ កម្លាំង​ស្ទើរ​ជាងគេ យើង​ឃ្លេ​អន់​ជា​គេ គឺ​យើង​ចាញ់ហើយ​។ ខ្ញុំ​បាន​ខំ​រើ​និង​គេច​មិន​ឲ្យ​គេ​ចាប់​ច្រើនដង​ដែរ តែ​ចូល​ឃ្លេ​ពីក្រោយ​ទៅវិញ​។ ជំហាន​បន្ទាប់​គឺ​ត្រូវ​បង្កើន​កម្លាំង និង កែ​ឲ្យ​កាន់តែ​ល្អ​ឡើងៗ​នា​ប្រកួត​បន្តបន្ទាប់​នៅ ONE Championship»​។ 


 
​ខុន ស៊ី​ចាន់ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ប្រពន្ធ​កូន​ឯ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ កីឡាករ​វ័យ ៣២ ឆ្នាំ​រូបនេះ​បាន​ឡើង​ចុះៗ មក​ហាត់​ត្រៀម​ប្រកួត​លើស​ង្វៀន​អន្តរជាតិ ONE នៅ​ក្លិប Prodal  និង The Gym Place (​ផ្សារ​ទំនើប AEON I)​។ ខុន ស៊ី​ចាន់ តែងតែ​ហ្វឹកហាត់​ត្រៀម​ជាទូទៅ ដោយ​ប្រើ​រយៈពេល​ជាង​១​ខែ មុន​ឡើង​សង្វៀន​អន្តរជាតិ ONE Championship ម្ដងៗ​។

ក្នុង​ឆ្នាំ ២០២០ នេះ ខុន ស៊ី​ចាន់ កាន់តែ​មមាញឹក​ដោយសា​រ​នៅសល់​ការប្រកួត ៥ លើក​ទៀត នៅលើ​សង្វៀន​កម្រិត​អន្តរជាតិ​មួយ​។ ម្យ៉ាងវិញទៀត រូបគេ​ត្រូវ​ឡើង​ប្រកួត​នៅ​សង្វៀន​ក្នុងស្រុក​ផងដែរ​ដើម្បី​ឲ្យ​ការប្រកួត​កាន់​ទទួលបាន​លទ្ធផល​ល្អ​។ ស៊ី​ចាន់ ត្រូវ​ប្ដូរ​មក​ប្រកួត​នៅ​សង្វៀន​ប៉ុស្តិ៍​បាយ័ន នា​ថ្ងៃទី ២៣ កុម្ភៈ វិញ ព្រោះ​មុនដំបូង​ឡើយ​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី ២១ កុម្ភៈ​។ 
 
​ជាមួយគ្នា​នោះ​គ្រូបង្វឹក​ផ្ទាល់ លោក Alan Mccune បាន​លើកទឹកចិត្ត​ថា លោក​នៅតែ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់ ខុន ស៊ីន​ចាន់ ក្នុងនាម​ជា​កីឡាករ​គុន​ចម្រុះ​ប្រកួត​តំណាង​ខ្មែរ និង លើក​ទង់ជាតិ​ខ្មែរលើ​ឆាក​អន្តរជាតិ​។ លោក​នឹង​បន្ត​ពង្រឹង​ក្បាច់​ឃ្លេ និង ក្បាច់​ការពារ​ខ្លួន​ដល់ ស៊ី​ចាន់ ឲ្យ​ការប្រកួត​កាន់​តែមាន​កម្រិត​ខ្ពស់​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  

© រក្សាសិទ្ធិដោយ thmeythmey.com