ជាតិ
៣ក្រសួង ហាមយុវជនភ្លើតភ្លើន និងធ្វើខុសប្រពៃណី នៅថ្ងៃ១៤ កុម្ភៈនេះ
× ភ្នំពេញ៖ ក្រសួងចំនួន៣ បានប្រាប់ប្រជាពលរដ្ឋ និងយុវជន កុំប្រព្រឹត្តសកម្មភាពខុសប្រពៃណីវប្បធម៍ និងភ្លើតភ្លើន នៅថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់ដែលជាបុណ្យបែបសាសនាអឺរ៉ុប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងទាំងបី។
ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា ប្រជាពលរដ្ឋ ពិសេសយុវជនយល់ច្រឡំចំពោះ អត្ថន័យទិវានៃក្ដីស្រលាញ់ និងប្រើប្រាស់ថ្ងៃនេះ ប្រព្រឹត្តសកម្មភាពខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ និងបាត់បង់តម្លៃកិត្តិយសរបស់ខ្លួន និងគ្រួសារ។
ដើម្បីទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីនៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ក្រសួងអប់រំ ណែនាំឲ្យគ្រឹះស្ថានសិក្សាសាធារណៈ ឯកជនអនុវត្តវិធានការ៤ចំណុច រួមមានទី១ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈគោរពទង់ជាតិ ណែនាំកុំឲ្យសិស្សយល់ខុសអំពីអត្ថន័យទិវាបុណ្យនៃសេចក្តីស្រឡាញ់។ ទី២ ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឺងម៉ាត់ លើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានវត្តមានរបស់សិស្ស។ ទី៣ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។ ទី៤ ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា ដើម្បីផ្តល់ព័ត៌មាននានាដែលពាក់ព័ន្ធសកម្មភាពមិនប្រក្រតីរបស់សិស្សដែលប្រព្រឹត្តខុស ឲ្យទាន់ពេលវេលា។
ជាមួយគ្នានេះ ក្រសួងកិច្ចការនារី រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ គួរប្រើប្រាស់ថ្ងៃទិវានៃក្ដីស្រលាញ់នេះ ទៅជាការចែករំលែកក្ដីស្រលាញ់ឲ្យមានន័យនិងសេចក្ដីថ្លៃថ្លូរ ដល់ក្រុមគ្រួសារ ជនពិការ កុមារកំព្រា អ្នកក្រខ្សត់ជាងខ្លួន តាមរយៈការជួបជុំពិសារអាហារ ជូនអំណាយ និងសសេរលិខិតជូនពរជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com