ជាតិ
៣​ក្រសួង ហាម​យុវជន​ភ្លើតភ្លើន និង​ធ្វើ​ខុស​ប្រពៃណី នៅ​ថ្ងៃ​១៤ កុម្ភៈ​នេះ
14, Feb 2020 , 7:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ចំនួន​៣ បាន​ប្រាប់​ប្រជាពលរដ្ឋ និង​យុវជន កុំ​ប្រព្រឹត្ត​សកម្ម​ភាពខុស​ប្រពៃណី​វប្ប​ធ​ម៍ និង​ភ្លើតភ្លើន នៅ​ថ្ងៃបុណ្យ​ទិវា​នៃ​ក្ដី​ស្រលាញ់​ដែលជា​បុណ្យ​បែប​សាសនា​អឺរ៉ុប​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ក្រសួង​ទាំងបី​។


 
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កេតឃើញថា ប្រជាពលរដ្ឋ ពិសេស​យុវជន​យល់ច្រឡំ​ចំពោះ អត្ថន័យ​ទិវា​នៃ​ក្ដី​ស្រលាញ់ និង​ប្រើប្រាស់​ថ្ងៃនេះ ប្រព្រឹត្ត​សកម្ម​ភាពខុស​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​បាត់បង់​តម្លៃ​កិត្តិយស​របស់ខ្លួន និង​គ្រួសារ​។ 
 
​ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​មិន​ប្រក្រតី​នៅ​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ក្រសួង​អប់រំ ណែនាំ​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ ឯកជន​អនុវត្ត​វិធានការ​៤​ចំណុច រួមមាន​ទី​១ ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ តាមរយៈ​គោរព​ទង់ជាតិ ណែនាំ​កុំ​ឲ្យ​សិស្ស​យល់​ខុស​អំពី​អត្ថន័យ​ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់​។ ទី​២ ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឲ្យ​បាន​ម៉ឺងម៉ាត់ លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​វត្តមាន​របស់​សិស្ស​។ ទី​៣ ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព  «​មិត្ត​អប់រំ​មិត្ត​»​។ ទី​៤ ត្រូវមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា ដើម្បី​ផ្តល់ព័ត៌មាន​នានា​ដែល​ពាក់ព័ន្ធ​សកម្ម​ភាពមិនប្រក្រតីរ​បស់​សិស្ស​ដែល​ប្រព្រឹត្ត​ខុស ឲ្យ​ទាន់ពេលវេលា​។​
 
​ជាមួយគ្នានេះ ក្រសួង​កិច្ចការនារី រួមទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ គួរប្រើ​ប្រាស់​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ ទៅជា​ការចែករំលែក​ក្ដី​ស្រលាញ់​ឲ្យ​មានន័យ​និង​សេចក្ដី​ថ្លៃ​ថ្លូ​រ ដល់​ក្រុមគ្រួសារ ជនពិការ កុមារកំព្រា អ្នកក្រខ្សត់​ជាង​ខ្លួន តាមរយៈ​ការជួបជុំ​ពិសារ​អាហារ ជូន​អំ​ណាយ និង​ស​សេរ​លិខិត​ជូនពរ​ជាដើម​៕ 

Tag:
 យុវជន​
  ១៤​កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com