អន្តរជាតិ
លោក ត្រាំ មិន​ខ្វល់ ក្រោយ​ហ្វីលីពីន​ប្រកាស​បញ្ចប់​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិក
14, Feb 2020 , 7:59 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ និយាយថា លោក​មិន​ខ្វល់​ឡើយ​ចំពោះ​ការសម្រេចចិត្ត​របស់​ហ្វីលីពីន​ក្នុងការ​បញ្ចប់​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិក​។ សម្រាប់​លោក ត្រាំ ការសម្រេចចិត្ត​របស់​រដ្ឋបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​ជួយ​សន្សំ​លុយ​ឲ្យ​អាមេរិក​ទៅវិញ​ទេ​។ យ៉ាងណាមិញ វា​បង្ហាញ​ពី​ការ​ប្រេះឆា​ក្នុងការ​ទំនាក់ទំនងរ​វាង​អាមេរិក និង​សម្ពន្ធមិត្ត​យូរ​ឆ្នាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

 
​ហ្វីលីពីន នៅ​ថ្ងៃទី​១១ ខែកុម្ភៈ បាន​ជូនដំណឹង​ផ្លូវការ​ទៅកាន់​អាមេរិក​ពី​បំណង​របស់ខ្លួន​ក្នុងការ​បញ្ចប់​កិច្ចព្រមព្រៀង​ទទួល​កម្លាំង​បរទេស (VFA) ។ កិច្ចព្រមព្រៀង​ដែលមាន​អាយុ​២០​ឆ្នាំនេះ ចែង​ពី​លក្ខខណ្ឌ​នានា​ក្នុងការ​ទទួលយក​កង​ទ័ព​អាមេរិក​សម្រាប់​គោលដៅ​ផ្សេងៗ​ដូចជា​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាដើម​។ វា​ស្ថិត​ក្នុងចំណោម​កិច្ចព្រមព្រៀងទ្វេភាគី​ជាច្រើន​ដែល​អាមេរិក​ចុះហត្ថលេខា​ជាមួយ​ហ្វីលីពីន​ដែលជា​សម្ពន្ធមិត្ត​សំខាន់បំផុត​មួយ​នៅក្នុង​តំបន់​អាស៊ី​។​
 
​យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិន​បារម្ភ​អ្វី​នឹង​ការសម្រេចចិត្ត​របស់​ទីក្រុង​ម៉ានីល​ឡើយ​។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថា លោក​នឹង​បញ្ចុះបញ្ចូល​សម​ភាគី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ឲ្យ​ពិចារណា​ឡើងវិញ​ឬ​យ៉ាងណា​នោះ លោក ត្រាំ និយាយ​ដោយ​ត្រង់ៗ​ថា លោក​មិន​ខ្វល់​អ្វី​នឹង​រឿង​នេះឡើយ​។ ប៉ុន្តែ​លោក​បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​នា​ពេលកន្លងមក​រវាង​យោធា​ប្រទេស​ទាំងពីរ​។​
 
«​យើង​បាន​ជួយ​ហ្វីលីពីន​ច្រើនណាស់​។ យើង​ជួយ​ពួកគេ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​... ខ្ញុំ​មិនជា​អី​ឡើយ​ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​បែប​នោះ ហើយ​វា​ជួយ​សន្សំ​លុយ​យើង​បាន​ច្រើនណាស់​។ ទស្សនៈ​របស់ខ្ញុំ​ខុសពី​គេ​ផ្សេង​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ពី​សេត​វិមាន​។ យ៉ាងណាមិញ លោក​អះអាងថា លោក​នៅតែមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក ឌូ​ទើ​តេ ដដែល ហើយនឹង​បន្ត​រង់​ចាំមើល​សភាពការណ៍​បន្តទៀត​។ 
 
​ការសម្រេចចិត្ត​របស់​លោក ឌូ​ទើ​តេ ក្នុងការ​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ផ្ដើមចេញពី​ការលុបចោល​ទិដ្ឋាការ​សមាជិក​ព្រឹទ្ធសភា​ម្នាក់ ដែល​ធ្លាប់ជា​មេ​ប៉ូលិស​ជាតិ​ដឹកនាំ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដ៏​បង្ហូរឈាម​។ អាមេរិក ក៏បាន​រិះគន់​រដ្ឋាភិបាល​ម៉ានីល​លើ​បញ្ហា​ដែរ​។ ទាំង​ការរិះគន់​លើ​សង្គ្រាម​កម្ចាត់​គ្រឿងញៀន និង​ការប៉ះពាល់​មនុស្ស​ជំនិត​របស់លោក ឌូ​ទើ​តេ ផង​នោះ ក៏​នាំ​ឲ្យ​ទំនាក់ទំនង​ហ្វីលីពីន និង​អាមេរិក​ល្អក់​ករ​ខ្លាំង ខណៈ​ហ្វីលីពីន​ក៏​ខិតជិត​ចិន​ទៅទៀត​។​
 
VFA គឺជា​កិច្ចព្រមព្រៀង​សំខាន់​មួយ​ក្នុង​ទំនាក់ទំនង​ជារួម​រវាង​យោធា​អាមេរិក និង​ហ្វីលីពីន​។ អស់​កិច្ចព្រមព្រៀង វត្តមាន​យោធា​អាមេរិក​នៅក្នុង​តំបន់​ប្រឈមមុខ​បញ្ហា​ខ្លាំង ខណៈ​កំពុង​ជួប​បញ្ហា​រក្សា​ចំនួន​ទ័ព​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន​ផង​នោះ​៕

Tag:
 ​អាមេរិក​
  ហ្វីលីពីន​
  ដូ​ណា​ល់ ត្រាំ​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
© រក្សាសិទ្ធិដោយ thmeythmey.com