កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool អនុញ្ញាត​ឲ្យ Salah ទៅ​ជួយ​អេ​ហ្ស៊ី​ប​នៅ​អូឡាំពិក​ក្រុង​តូ​ក្យូ ២០២០
14, Feb 2020 , 8:59 am        
រូបភាព
​ដោយមាន​ការអនុញ្ញាត​ពី​សំណាក់​ក្លិប Liverpool ខ្សែបម្រើ​ឆ្នើម Mohamed Salah នឹងចូលរួម​ជាមួយ​ក្រុម​ឈុត​យុវជន​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ដើម្បី​ប្រកួតប្រជែង​វិញ្ញាសា​កីឡាបាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ​២០២០​។ គ្រូបង្វឹក​អេ​ហ្ស៊ី​បលោក Shawky Gharib ជឿជាក់ថា​ការចូលរួម​របស់ Salah នឹង​បង្កើន​សក្តានុពល​ថែមទៀត​សម្រាប់​ក្រុម និង​ព្រឹត្តិការណ៍​ទាំងមូល​។​


 
Salah ស្ថិតក្នុង​បញ្ជី​បេក្ខភាព​កីឡាករ​ទាំង​៥០​រូប​របស់​អេ​ហ្ស៊ី​ប​បណ្តោះអាសន្ន មុន​សម្រេច​ចុងក្រោយ​ដើម្បី​ឈានទៅដល់​ការប្រកួត​បាល់ទាត់​ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី​៨ ខែសីហា ពោល​គឺជា​ថ្ងៃ​ដំបូង​នៃ​ការបើក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ Premier League ២០២០-២១​។​
 
​ច្បាប់​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក សម្រាប់​វិញ្ញាសា​បាល់ទាត់​តម្រូវ​ឲ្យ​ក្រុម​នីមួយៗ​ប្រើប្រាស់​កីឡាករ​ក្រោម​អាយុ​២៣​ឆ្នាំ ប៉ុន្តែ​ក៏​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​លើស​អាយុ​ចំនួន​៣​រូប​ចូលរួម​ផងដែរ​។​
 
«​យើង​មិនអាច​បង្ខំ Salah ឲ្យ​ចូលរួម​ជាមួយ​យើង​បានទេ គឺ​ទាល់តែ​គាត់​ព្រម​ខ្លួនឯង​។ ការចូលរួម​របស់ Salah ជាមួយ​ក្រុម​អេ​ហ្ស៊ី​ប គឺជា​ការសម្រេចចិត្ត​ដែល​ត្រូវធ្វើឡើង​ដោយ Salah និង​ក្លិប Liverpool ព្រមទាំង​អ្នកចាត់ការ​លោក Jurgen Klopp»​។ លោក Shawky Gharib គ្រូ​អេ​ហ្ស៊ី​ប ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដូច្នេះ​។​
 
​ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​បង្កើត​ភាពលេច​ធ្លោ​ក្រោយ​ផ្លាស់​ពី AS Roma ទៅ​ចូលរួម​ជាមួយ​ក្រុម​រហ​ស្សនាម​ហង្ស​ក្រហម​កាលពី​ឆ្នាំ​២០១៧​។ Salah បាន​ជួយ Liverpool ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League នៅ​រដូវ​កាល ២០១៧-១៨ ដោយ​ទទួលបាន​ត្រឹម​រងជើង​ឯក មុន​ឈ្នះ​ជើងឯក​នៅ​រដូវ​កាល​បន្ទាប់​។​
 
Salah ក៏​ជា​ម្ចាស់​ស្បែកជើង​មាស (Golden Boot) ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​ចំនួន​ពីរ​រដូវ​កាល​ចុងក្រោយ​ជាប់ៗ​គ្នា​ផងដែរ​៕

Tag:
 Mohamed Salah
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com