ជាតិ
EU អរគុណ​កម្ពុជា​ដែល​ព្រមឱ្យ​នាវា​ទេសចរណ៍ Westerdam ចូល​ចត​
13, Feb 2020 , 7:57 pm        
រូបភាព
នាវាទេសចរណ៍ Westerdam ដែលចូលចតនៅក្រុងព្រះសីហនុ
នាវាទេសចរណ៍ Westerdam ដែលចូលចតនៅក្រុងព្រះសីហនុ
​ភ្នំពេញ​៖ ប្រតិភូសហភាព​អឺរ៉ុបប្រចាំកម្ពុជា ​នៅ​ល្ងាច​ថ្ងៃទី​១៣ កុម្ភៈ បាន​សរសេរ​សារ​ខ្លី​ដោយ​សម្ដែង​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ព្រមឱ្យ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយគ្រឿង គឺ Westerdam ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ប្រតិភូសហភាព​អឺរ៉ុបប្រចាំកម្ពុជា​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖« ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​កម្ពុជា​ដែល​បានផ្តល់​សិទ្ធិ​ឱ្យ​នាវា Westerdam ចូល​ចត​»​។​

 
​បន្ថែម​ពី​ខ្លឹមសារ​ខាងលើនេះ សហភាព​អឺរ៉ុបប្រចាំកម្ពុជា ក៏បាន​សម្ដែង​នូវ​ការអាណិតអាសូរ​ដល់​អ្ន​ក​ដំណើរ និង​សមាជិក​នាវិក​នៃ​នាវា​ទាំងអស់ ហើយ​សង្ឃឹមថា​ពួកគេ​នឹងធ្វើ​មាតុភូមិនិវត្តន៍​ដោយ​សុវត្ថិភាព​នាពេល​ឆាប់ៗ​។ តាម​ការបញ្ជាក់​ពី​សហភាព​អឺរ៉ុបប្រចាំកម្ពុជា ស្ថានទូត​មួយចំនួន​ដែលជា​សមាជិក​ខ្លួន និង​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ក្រុងព្រះសីហនុ ដើម្បី​ផ្តល់​សិទ្ធិ​ជំនួយ​ដល់​អ្នកដំណើរ ក៏ដូចជា​នាវិក​ទាំងអស់​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា​បានសម្រេច​ឱ្យ​នាវា​ទេសចរណ៍ Westerdam របស់​សហរដ្ឋអាមេរិក​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ បន្ទាប់ពី​ប្រទេស​និង​កោះ​ចំនួន​៥ បដិសេធ​ដោយ​បារម្ភ​ថា​មាន​អ្នក​ផ្ទុក​ជំងឺ​ប្រភេទ​ថ្មី កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នាវា​នេះ​ផ្ទុក​អ្នកដំណើរ​២,២៥៧​នាក់ ក្នុងនោះ​មាន​ពលរដ្ឋ​អឺរ៉ុប ២៦០​នាក់ មកពី​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២០​ប្រទេស​៕

Tag:
 កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com