ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម៖ អ្នកនាំចេញផលិតផលអាចមានលទ្ធភាពបង់ពន្ធ លើទំនិញ៤០មុខ ដែលអឺរ៉ុបដាក់ពន្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ (រូបពីហ្វេសប៊ុកក្រសួង)
× ភ្នំពេញ៖ ទំនិញដែលកម្ពុជាត្រូវបង់ពន្ធចូលសហភាពអឺរ៉ុបនោះ មានចំនួន៤០មុខ ខណៈជាង៩០០០មុខទៀត ទទួលបានការអនុគ្រោះពន្ធធម្មតា។ នេះជាការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ កុម្ភៈនេះ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការសម្រេចដកផ្នែកខ្លះនៃEBAនេះ បានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាប្រមាណជា២០ភាគរយ ស្មើនឹងទំនិញចំនួន៤០មុខនៃបន្ទាត់ពន្ធ៦ខ្ទង់ ហើយផលិតផលទាំងនេះ អាចមានសមត្ថភាពប្រកួតប្រជែងបាន។ បើតាមក្រសួងពាណិជ្ជកម្ម អ្នកនាំចេញកម្ពុជាលើផលិតផល៤០មុខនេះ មានលទ្ធភាពបង់ពន្ធនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។
ក្រសួងពាណិជកម្ម បានអះអាងដូច្នេះថា៖«តាមការពិគ្រោះយោបល់ជាមួយតំណាងរោងចក្រដែលកំពុងផលិតនិងនាំចេញផលិតផលទាំង៤០មុខទៅកាន់ទីផ្សារអឺរ៉ុប ឃើញថា បើមានការសម្រេចឱ្យព្យួរសម្បទានជាបណ្ដោះអាសន្ននៅចុងឆ្នាំ២០២០មែននោះ បណ្ដារោងចក្រទាំងនោះ នៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដដែល ដោយសាររាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តកំណែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩»។
បើតាមនីតិវិធីនៃបទប្បញ្ញត្តិស្តីពីក្របខណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញដែលបានស្នើសុំព្យួរសម្បទានពន្ធជាបណ្ដោះអាសន្នចំនួន៤០មុខខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសហភាពអឺរ៉ុបពិនិត្យលើទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ២ខែបន្តទៀត ចាប់ពីថ្ងៃទី១២ កុម្ភ ឆ្នាំ២០២០ទៅ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដូច្នេះថា៖«ក្នុងន័យនេះ សភាអឺរ៉ុបមានសិទ្ធិជំទាស់ទៅនឹងសេចក្តីស្នើច្បាប់សុំព្យួរជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់សភាអឺរ៉ុបអាចប្រើពេលប្រមាណ២ខែបន្ថែមទៀត ដើម្បីពិចារណា»។
ដោយឡែកមុខទំនិញជាង៩០០០មុខទៀត ដែលនាំចូលទៅទីផ្សារអឺរ៉ុប នៅតែទទួលបានភាពអនុគ្រោះពន្ធដដែល ហើយវាអាចជួយដល់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនកម្មករកម្មការិនីដូចមុន។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
គណៈកម្មការអឺរ៉ុប បាសម្រេចដកផ្នែកខ្លះនៃ EBA ពីកម្ពុជា ក្រោមហេតុផលថា កម្ពុជា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាលក្ខណប្រព័ន្ធ ទៅលើសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
តាមរយៈការសម្រេចនេះ កម្ពុជា រងផលប៉ះពាល់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ (ដូចជាវ៉ាលី និង កាបូប ជាដើម) ព្រមទាំងស្ករសផងដែរ។ទំនិញដែលត្រូវគណៈកម្មការអឺរ៉ុបដាក់ពន្ធលើនោះមានទំហំប្រមាណ ១ពាន់លានអឺរ៉ូ ឬប្រហាក់ប្រហែលនឹង ១,១ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាវាមិនមានការវាយតម្លៃជាក់លាក់ណាមួយពីការខាតបង់ដែលកម្ពុជានឹងជួបប្រទះ ក្រោយការអនុវត្តពន្ធលើទំនិញនាំចេញនេះឡើយ ប៉ុន្តែកន្លងមកការវាយតម្លៃជាបឋមថា កម្រិតពន្ធ ១២ ភាគរយអាចនឹងធ្វើឲ្យកម្ពុជាខាតបង់រហូតដល់ជាង ១២០ លានដុល្លារក្នុងឆ្នាំ។ការសម្រេចយកពន្ធនេះ នឹងចូលជាធរមាននៅរយៈពេល៦ខែក្រោយ ដែលមានន័យថា ទាល់តែដល់ខែសីហា ឆ្នាំ២០២០ ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជានេះ កើតចេញពីការយល់ច្រឡំ និងទំនើងចិត្តរបស់អឺរ៉ុប។ សម្រាប់រដ្ឋាភិបាល អឺរ៉ុបកំពុងអនុវត្តស្តង់ដារពីរ និងសម្រេចចិត្តទាំងអយុត្តិធម៌ដល់កម្ពុជា៕ © រក្សាសិទ្ធិដោយ thmeythmey.com