ជាតិ
សុខភាព
ក្រសួងសុខាភិបាល៖ អ្នកដំណើរ២០​នាក់​នៅ​នាវា​ Westerdam គ្មានCOVID-19 ទេ
13, Feb 2020 , 10:41 pm        
រូបភាព
​លទ្ធផល​ផ្លូវការ​នៃ​ការពិនិត្យ​វិភាគ​សំណាក​ចំពោះ​អ្នកទេសចរ​តាម​នាវា Westerdam ចំនួន​២០​នាក់ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បង្ហាញថា អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID19​។ នេះ​បើតាម​ការអះអាង​របស់​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ​។​



​មូលហេតុ​ដែលនាំឱ្យ​ឈានដល់​ពិនិត្យ​សុខភាព​អ្នកដំណើរ​ទាំង​២០​នាក់ ដោយសារតែ​ពួកគេ​មាន​អាកា​រៈ​ក្អក ឈឺពោះ​និង​រាគរូស ទើប​នាំឱ្យមាន​ការសង្ស័យ និង​ឈានទៅដល់​ការធ្វើ​រោគវិនិច្ឆ័យ​នេះ​។ រដ្ឋាភិបាល បា​នប​ញ្ចូ​ន​ឧទ្ធម្ភាគចក្រ​ទៅ​ទទួលយក​វត្ថុ​សំណាក​របស់​មនុស្ស​ទាំង​២០​នាក់​នេះ ពី​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ មក​ពិ​និត្យនៅ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៣ កុម្ភៈ​នេះ​។​

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វ៉ាន់ឌី​ន ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​ផ្ទាល់ នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ដែលជា​ទីកន្លែង​នាវា​អាមេរិក​ចត​នោះ បាន​ប្រាប់​សារព័ត៌មាន​ថា​៖«​តាមពិតទៅ​គាត់​មាន​រោគសញ្ញា​តិចតួច ប៉ុន្តែ​ដើម្បី​ឱ្យមាន​ភាពច្បាស់លាស់ យើង​ក៏​សម្រេចយក​វត្ថុ​អង្គធាតុ ដើម្បី​យកទៅ​មើល​។ វា​មិន​ចំ​ជា​សង្ស័យ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ជា​រោគសញ្ញា​តិចតួច ដែល​យើង​ត្រូវ​មានការ​ប្រាកដប្រជា ព្រោះ​បញ្ហា COVID-19 នេះ ពេលខ្លះ​វា​មាន​រោគសញ្ញា​តិចតួច​មែន ប៉ុន្តែ​វា​ក៏​អាចមាន​វិជ្ជមាន​នៃ​វីរុស​ដែរ​»​។​

​ដ្បិត​មាន​មនុស្ស​២០​នាក់ ស្ថិតនៅក្នុង​ការតាមដាន​សុខភាព​មែន ប៉ុន្តែ​មនុស្ស​ដទៃ​ជាង​២០០០​នាក់​នេះ គ្មាន​រោគសញ្ញា​គ្រុនក្តៅ ដែល​គួរឱ្យ​បារម្ភ​ខ្លាំង​ឡើយ​។ នេះ​បើតាម​លោកស្រី ឱ វ៉ាន់ឌី ដែល​បាន​បន្ថែមថា អ្នក​នៅលើ​នាវា​ទាំងនោះ មិនទាន់​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​នាវា​ទេ ។​

រដ្ឋាភិបាល បានសម្រេច​ឱ្យ​នាវា​ទេសចរណ៍​អាមេរិក ដែលមាន​ឈ្មោះថា Westerdam ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៣ កុម្ភៈ​នេះ ក្រោយពី​ប្រទេស និង​កោះ​ចំនួន​៥ បាន​បដិសេធ​លើ​ការស្នើសុំ​ចត​របស់​ក្រុមហ៊ុន Holland America Line​។ ក្នុងនោះ​រួមមាន ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វីលីពីន និង​ថៃ ដែល​មិន​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​ចូល​ចត​ឡើយ ដោយសារ​បារម្ភ​ពី COVID-19​។​

​មនុស្ស​នៅលើ​នាវា​នោះ មាន​ជាង​២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ មាន​ជាង​៤០​សញ្ជាតិ និង​បុគ្គលិក​បម្រើ​ការងារ​តាម​ផ្នែក​លើ​នាវា ៨០២​នាក់​។ អ្នកទេសចរ​ដែល​ច្រើនជាងគេ​មាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​...៕​

Tag:
 COVID-19
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com