អន្តរជាតិ
COVID-19៖ ចិន​បន្ថយ​ចំនួន​អ្នកស្លាប់​មក​ត្រឹម​១៣៨១​នាក់ ព្រោះ​ច្រឡំ​រាប់​តួលេខ​ទ្វេដង​
14, Feb 2020 , 11:40 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
​តួលេខ​អ្នកស្លាប់​អ្នក​ជាង​១៤៨០​នាក់​នៃ​ជំងឺ​រលាក​សួត COVID-19 ត្រូវបាន​កាត់បន្ថយ​ម​ក​នៅត្រឹម​១៣៨១​នាក់​វិញ ដោយសារ​អាជ្ញាធរខេត្ត Hubei បាន​អះអាង​ពី​ការរាប់​ច្រ​លំ​តួលេខ​ទ្វេដង​។ កាលពីពេល​ព្រឹក ខេត្ត Hubei បានប្រកាសថា អ្នកស្លាប់​បន្ថែម​មាន​១០៨​នាក់ ប៉ុន្តែ​ឈានដល់​វេលា​ថ្ងៃ​ត្រង់នេះ មានការ​កែប្រែ​មក​នៅត្រឹមតែ​៥​នាក់​ប៉ុណ្ណោះ បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​



​គិត​ត្រឹម​វេលា​ម៉ោង​១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ នេះ គណៈកម្មការ​សុខាភិបាល​ជាតិចិន បានបង្ហាញ​តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 មាន​ចំនួន​សរុប​១៣៨៣​នាក់ ក្នុងនោះ ១៣៨១​នាក់​នៅ​ចិន ១​នាក់​នៅ​ហ្វីលីពីន និង​១​នាក់​ទៀត​នៅ​ជប៉ុន​។​

​តួលេខ​នេះ ត្រូវបាន​កាត់បន្ថយ​ពី​ជាង​១៤៨០​នាក់ ដោយសារតែ​អាជ្ញាធរខេត្ត Hubei ច្រឡំ​រាប់​តួលេខ​ស្ទួន​។ ទាក់ទង​នឹង​ករណីនេះ គណៈកម្មការ​សុខាភិបាល​ជាតិចិន មិនបាន​បញ្ជាក់​ពី​មូលហេតុ​លំអិត​ឡើយ​។​

​ស្ថិតិ​ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នកជំងឺ​ឡើងដល់​ប្រមាណ​៦៥០០០​នាក់ ក្នុងនោះ​មាន​ជិត​៧០០០​នាក់ ត្រូវបាន​ព្យាបាល​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ខេត្ត Hubei តែមាន​អ្នកជំងឺ​ជាង​៥​ម៉ឺន​នាក់ ដោយ​ស្លាប់​ជាង​១៣០០​នាក់ និង​ជាសះស្បើយ​ជាង​៣៨០០​នាក់​។​

​បន្ទាប់ពី​ចិន ជប៉ុន​មាន​អ្នកជំងឺ​៣៤​នាក់ ដែល​ក្នុងនោះ​១​នាក់​ស្លាប់ និង​១០​នាក់​ជាសះស្បើយ​។ តួលេខ​នៅ​ជប៉ុន​កើន​ដល់​២១៨​នាក់​បន្ថែមទៀត​ដោយ​រាប់បញ្ចូល​ករណី​នៅក្នុង​នាវា​ទេសចរណ៍ Diamond Princess​។ ប្រទេស​ផ្សេងទៀត​ដែលមាន​ករណី​ឆ្លង​រួមមាន សិង្ហ​បុរី ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី អាល្លឺម៉ង់ វៀតណាម អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង អង់គ្លេស អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា ឥណ្ឌា ហ្វីលីពីន អ៊ីតាលី រុស្ស៊ី អេ​ស្ប៉ា​ញ បែលហ្ស៊ិក កម្ពុជា ហ្វាំ​ង​ឡង់ ណេ​ប៉ាល់ ស្រីលង្កា និង​ស៊ុយអែត​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com