ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​ត្រូពិច​អ្វីខ្លះ​ដែល​ប្រសើរ​បំផុត​ចំពោះ​សុខភាព​?
15, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពិតណាស់​ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​សរសៃ វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​ប្រភេទ​។ សំខាន់​ជាងនេះទៅទៀត​ផ្លែឈើ គឺ​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ឡើយ​។ ប៉ុន្តែ​បើ​និយាយ​ពី​រសជាតិ​និង​សារធាតុចិញ្ចឹម​ដែល​ល្អ​សម្រាប់​សុខភាព គឺ​គ្មាន​ផ្លែឈើ​អ្វី​អាច​យកឈ្នះ​លើ​ផ្លែឈើ​ត្រូពិច​ឡើយ​។ ទោះជា​យ៉ាងណា​ក៏​មិនមែន​មានន័យថា​ផ្លែឈើ​ត្រូពិច​គ្រប់មុខ​សុទ្ធ​តែមាន​ផ្ទុក​បរិមាណ​សារធាតុចិញ្ចឹម​ស្មើៗ​គ្នា​ឡើយ​។


 
​ដូច្នេះ​ទើប​ថ្ងៃនេះ​យើង​នឹង បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​ត្រូពិច​ប៉ុន្មាន​មុខ​ដែល​ប្រសើរ​បំផុត​ចំពោះ​សុខភាព​ជួយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ ៖
 
១. ផ្លែ​បឺ​រ​

​ជា​ផ្លែឈើ​ត្រូពិច​ដែល​ទទួលបាន​ការពេញនិយម​បំផុត​មួយ​នៅក្នុង​ពិភពលោក​។ ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ dietary រួមទាំង​ជាតិ​ទង់ដែង វីតាមីន K វីតាមីន C វីតាមីន D វីតាមីន B វីតាមីន E ប៉ូ​តា​ស្យូ​ម សារធាតុ Sterols សារធាតុ Lutein និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រក្សា​តុល្យភាព​នៃ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ធ្វើឱ្យ​ចរន្តឈាម​រត់​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ បង្កើន​សុខភាព​ភ្នែក និង​ទប់ស្កាត់​ជំងឺមហារីក​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​និង​ខួរក្បាល​ផងដែរ​។ ការទទួល​ទាន​ផ្លែ​បឺ​រ​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទប់ស្កាត់​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​។​
 
២. ផ្លែ​ល្ហុង​

​ផ្លែឈើ​ត្រូពិច​មួយ​មុខ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ចាំបាច់​ពិសេស​វីតាមីន A វីតាមីន C និង​ជាតិ​សរសៃ​។ ការទទួល​ទាន​ផ្លែ​ល្ហុង​ជាប្រចាំ​ថែមទាំង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ទៀតផង​តាមរយៈ​សារធាតុ lycopene ដែលមាន​ផ្ទុក​។​
 
៣. ផ្លែស្វាយ 

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ជំងឺ​ផ្សេងៗ​។ ស្វាយ​ក៏​ជា​ប្រភព​នៃ​ប្រូតេអ៊ីន វីតាមីន K វីតាមីន B6 វីតាមីន A ប៉ូ​តា​ស្យូ​ម ព្រមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ល្អ​សម្រាប់​សុខភាព​ភ្នែក និង​ទប់ស្កាត់​ជំងឺមហារីក​គួរ​ឲ្យ​កត់សម្គាល់​។ ការ​ទទួលទាន​ផ្លែស្វាយ​បង្កើន​ការ​ស្រូបយក​ជាតិ​ដែក​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម និង​រក្សា​អុកស៊ីសែន​ក្នុង​ឈាម​បាន​គ្រប់គ្រាន់​ដែល​បង្កើន​កម្រិត​នៃ​ថាមពល​រាងកាយ​យ៉ាង​ប្រសើរ​។ លើសពីនេះទៅទៀត អង់ស៊ីម និង​ជាតិ​សរសៃ​ធម្មជាតិ​ដែលមាន​ផ្ទុក​ក្នុង​ផ្លែស្វាយ​ក៏​អាចជួយ​បំបែក​ប្រូតេអ៊ីន​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ ក៏ដូចជា​កម្ចាត់​ចោល​នូវ​កាកសំណល់​ផងដែរ​។​
 
៤. ផ្លែ​ដូង​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អេ​ឡិច​ត្រូ​លីត្រ​ដូជជា​សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ទឹកដូង​ជំនួស​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​និង​កាហ្វេ​អ៊ី​ន​។​
 
៥. ម្នាស់​

​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C រួមទាំង​សារធាតុចិញ្ចឹម​សំខាន់ៗ​ផ្សេងទៀត​ដូចជា ម៉​ង់​កា​ណែ​ស វីតាមីន B ជាតិ​សរសៃ និង​ជាតិ​ទង់ដែង​ដែល​ល្អ​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​រឹងមាំ​។ ម្នាស់​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប​បំផុត ដូច្នេះ​អ្នក​អាច​ទទួលទាន​វា​បាន​គ្រប់ពេល​ដោយ​គ្មាន​ការបារម្ភ​។ ក៏​ព្រោះតែ​បរិមាណ​នៃ​វីតាមីន C ខ្ពស់ ការទទួល​ទាន​ផ្លែ​ម្នាស់​ទៀងទាត់​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​ជាច្រើន​។ ជាតិ​សរសៃ​នៃ​ផ្លែ​ម្នាស់​ក៏មាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​រក្សា​សម្ពាធ​ឈាម​ធម្មតា និង​ការរំលាយ​អាហារ​ប្រក្រតី​ផងដែរ​។ លើសពីនេះទៅទៀត សារធាតុ​ម៉​ង់​កា​ណែ​ស​នៃ​ផ្លែ​ម្នាស់ គឺ​ចាំបាច់​ណាស់​ក្នុងការ​បង្កើន​ពង្រឹង​សុខភាព​ឆ្អឹង និង​សុខភាព​ជាលិកា​ភ្ជាប់​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​ផ្លែ​ម្នាស់​ទៀងទាត់​អាចជួយ​ឱ្យ​អ្នក​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ជាពិសេស​ចំពោះ​ស្ត្រី​ដែល​អស់​រដូវ​។ ការទទួល​ទាន​ផ្លែ​ម្នាស់​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន​យ៉ាង​ប្រសើរ ជាពិសេស​ជំងឺមហារីក​ពោះវៀនធំ​តាមរយៈ​បរិមាណ​នៃ​សារធាតុ  bromelain ដែល​វា​មាន​ផ្ទុក​។ សារធាតុ  bromelain អាច​រារាំង​ទប់ស្កាត់​ការលូតលាស់​នៃ​កោសិកា​មហារីក និង​ថែមទាំង​ធ្វើឱ្យ​កោសិកា​មហារីក​ងាប់​ទៀតផង​។​
 
៦. ផ្លែ​គី​វី​

​ក្រៅពី​វីតាមីន C ខ្ពស់​ហើយ​នោះ ផ្លែ​គី​វី​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប​វីតាមីន k, វីតាមីន E, ជាតិ​ស​សៃ និង​ប៉ូ​តា​ស្យូ​ម​ផងដែរ​។ វីតាមីន C ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ហើយ​សម្រួល​ដល់​ផ្លូវដង្ហើម​ទប់ស្កាត់​ជំងឺហឺត​, ជាតិ​សរសៃ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ និង​រក្សា​សុខភាព​បេះដូង​តាមរយៈ​ការកាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង​សម្ពាធ​ឈាម ខណៈដែល​វីតាមីន R ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​។ ផ្លែ​គី​វី​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ phytochemical lutein ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ងងឹតភ្នែក​ទាក់ទង​នឹង​កត្តា​អាយុ​។ វា​ក៏​ជួយ​ការពារ​ភ្នែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៧. ចេក​

​ជា​ផ្លែឈើ​ត្រូពិច​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉​ង់​កា​ណែ​ស ជាតិ​ដែក​ជាតិ​សរសៃ វីតាមីន B6 ជាតិ​ទង់ដែង ប៉ូ​តា​ស្យូ​ម ជាតិ​សរសៃ និង​វីតាមីន C ដែល​ទប់ស្កាត់​បញ្ហា​សុខភាព​ជាច្រើន រួមបញ្ចូល​ទាំង​ជំងឺលើសឈាម ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជំងឺ​ពុក​ឆ្អឹង កង្វះ​គ្រាប់​ឈាមក្រហម អាកា​រៈ​ទល់លាមក និង​ជំងឺ​តម្រងនោម​។​
 
៨. មៀន​

​និយាយ​ដល់​ផ្លែឈើ​ត្រូពិច​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​មិនគួរ​រំលង​ផ្លែ​មៀន​ឡើយ​។ ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​សំខាន់​សម្រាប់​សុខភាព​ស្បែក​និង​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com