ជាតិ
កាដូ Valentine’s Day ពីកម្ពុជាសម្រាប់អ្នកជិះនាវា Westerdam!
× ក្រមា បាច់ផ្កា រួមជាមួយនឹងការស្វាគមន៍ដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ទាំងនេះជាកាដូដ៏រីករាយសម្រាប់អ្នកជិះនាវា Westerdam ចំនួន២២៥៧នាក់ (ភ្ញៀវ១៤៥៥នាក់ និងបុគ្គលិកនាវា៨០២នាក់) នាថ្ងៃទិវានៃក្តីស្រឡាញ់១៤កុម្ភៈ នេះ។ ក្រោយតែលតោលនៅលើសាគរអស់រយៈពេល២សប្តាហ៍ នាវាអាមេរិកមួយនេះ បានសំចតនៅកំពុងផែព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ហើយមួយថ្ងៃក្រោយ មកមនុស្សប្រមាណ១០០នាក់ដំបូង ត្រូវបានអនុញ្ញាតឲ្យចេញពីនាវា និងបន្តហោះហើរទៅកាន់ប្រទេសរៀងៗខ្លួន បន្ទាប់ពីអាជ្ញាធរសុខាភិបាលកម្ពុជា ពិនិត្យឃើញថា មនុស្ស២០នាក់ដែលមានអាការមិនស្រួលខ្លួន មានសញ្ញាអវិជ្ជមានពីមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19)។
«អ្វីដែលយើងចង់បង្ហាញនោះ គឺការបំបាត់ជំងឺភ័យខ្លាច»។ នេះជាការរំលឹកឡើងវិញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពេលជូនដំណើរមនុស្សប្រមាណ១០០នាក់ដំបូង បន្តដំណើរពីអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុននឹងហោះហើរបន្តទៅប្រទេសពួកគេ។
ក្រោយជប៉ុន តៃវ៉ាន់ ហ្គាម ហ្វីលីពីន និងថៃ បដិសេធ ក្រោមហេតុផលព្រួយបារម្ភបញ្ហា COVID-19 សម្តេច ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលបានទទួលសំណើរពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីផ្តល់ភ្លើងបៃតង។
«ខ្ញុំបញ្ជូនសារនេះទៅកាន់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមន៍អន្តរជាតិផងដែរថា ពេលនេះមិនមែនជាពេលភ័យខ្លាច និងរើសអើងនោះទេ តែជាពេលដែលត្រូវរួបរួមសាមគ្គីដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបាន និងកំពុងយាយី...។ […] បើគ្រោះថ្នាក់ដល់ខ្លួនខ្ញុំ វាក៏សក្តិសមនឹងពលីកម្មដែលខ្ញុំធ្វើដើម្បីមនុស្សជាតិផងដែរ»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន សែន។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គេមិនអាចនិយាយពីសិទ្ធិមនុស្សនោះឡើយ ប្រសិនបើសិទ្ធិរស់រានមានជីវិតមិនត្រូវបានគោរពទេនោះ។ កម្ពុជាបានយកករណីនេះជាបញ្ហាចម្បង។ «ប្រសិនបើមានអ្នកជំងឺនៅលើនាវា ខ្ញុំនឹងធ្វើយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន… តើយើងឲ្យអ្នកជំងឺស្លាប់នៅលើនាវានេះ ដែលត្រូវទម្លាក់ចោលសាកសពលើសមុទ្រ ឬត្រូវទុកលើនាវា។ នេះជាបញ្ហាដែលត្រូវឃើញអំពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជា ការទទួលខុសត្រូវរបស់យើងក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិ»៕
© រក្សាសិទ្ធិដោយ thmeythmey.com