ជាតិ
កាដូ Valentine’s Day ពី​កម្ពុជា​សម្រាប់​អ្នកជិះ​នាវា Westerdam!
14, Feb 2020 , 9:43 am        
រូបភាព
ដោយ: រួបរួម
​ក្រមា បាច់ផ្កា រួម​ជាមួយនឹង​ការស្វាគមន៍​ដោយផ្ទាល់​ពី​សំណាក់​នាយករដ្ឋមន្ត្រី​កម្ពុជា ទាំងនេះ​ជា​កាដូ​ដ៏​រីករាយ​សម្រាប់​អ្នកជិះ​នាវា Westerdam ចំនួន​២២៥៧​នាក់ (​ភ្ញៀវ​១៤៥៥​នាក់ និង​បុគ្គលិក​នាវា​៨០២​នាក់​) នា​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ នេះ​។ ក្រោយ​តែលតោល​នៅលើ​សាគរ​អស់​រយៈពេល​២​សប្តាហ៍ នាវា​អាមេរិក​មួយ​នេះ បាន​សំចត​នៅ​កំពុងផែ​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ ហើយ​មួយថ្ងៃ​ក្រោយ មក​មនុស្ស​ប្រមាណ​១០០​នាក់​ដំបូង ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​នាវា និង​បន្ត​ហោះហើរ​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន បន្ទាប់ពី​អាជ្ញាធរ​សុខាភិបាល​កម្ពុជា ពិនិត្យឃើញថា មនុស្ស​២០​នាក់​ដែលមាន​អា​ការមិន​ស្រួលខ្លួន មាន​សញ្ញា​អវិជ្ជមាន​ពី​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។​

 
«​អ្វីដែល​យើង​ចង់បង្ហាញ​នោះ គឺ​ការបំបាត់​ជំងឺ​ភ័យខ្លាច​»​។ នេះ​ជាការ​រំលឹក​ឡើងវិញ​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពេល​ជូន​ដំណើរ​មនុស្ស​ប្រមាណ​១០០​នាក់​ដំបូង បន្តដំណើរ​ពី​អាកាសយានដ្ឋាន​កងកេង ខេត្ត​ព្រះសីហនុ ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុននឹង​ហោះហើរ​បន្តទៅ​ប្រទេស​ពួកគេ​។​
 
​ក្រោយ​ជប៉ុន តៃវ៉ាន់ ហ្គា​ម ហ្វីលីពីន និង​ថៃ បដិសេធ ក្រោម​ហេតុផល​ព្រួយបារម្ភ​បញ្ហា COVID-19 សម្តេច ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល​បានទទួល​សំណើរ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ផ្តល់​ភ្លើង​បៃតង​។​
 
«​ខ្ញុំ​បញ្ជូន​សារ​នេះ​ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស ក៏ដូចជា​ទៅកាន់​សហគមន៍​អន្តរជាតិ​ផងដែរ​ថា ពេលនេះ​មិនមែនជា​ពេល​ភ័យខ្លាច និង​រើសអើង​នោះទេ តែ​ជា​ពេលដែល​ត្រូវ​រួបរួមសាមគ្គី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បាន និង​កំពុង​យាយី​...​។ […] បើ​គ្រោះថ្នាក់​ដល់​ខ្លួន​ខ្ញុំ វា​ក៏​សក្តិសម​នឹង​ពលី​កម្ម​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​មនុស្សជាតិ​ផងដែរ​»​។ នេះ​ជាការ​អះអាង​របស់​សម្តេច ហ៊ុន សែន​។​
 

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បញ្ជាក់ថា គេ​មិនអាច​និយាយ​ពី​សិទ្ធិមនុស្ស​នោះឡើយ ប្រសិនបើ​សិទ្ធិ​រស់រានមានជីវិត​មិនត្រូវ​បាន​គោរព​ទេនោះ​។ កម្ពុជា​បាន​យក​ករណីនេះ​ជា​បញ្ហា​ចម្បង​។ «​ប្រសិនបើ​មាន​អ្នកជំងឺ​នៅលើ​នាវា ខ្ញុំ​នឹងធ្វើ​យ៉ាង​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​… តើ​យើង​ឲ្យ​អ្នកជំងឺ​ស្លាប់​នៅលើ​នាវា​នេះ ដែល​ត្រូវ​ទម្លាក់ចោល​សាកសព​លើ​សមុទ្រ ឬ​ត្រូវ​ទុក​លើ​នាវា​។ នេះ​ជា​បញ្ហា​ដែល​ត្រូវ​ឃើញ​អំពី​ការទទួលខុសត្រូវ​រប​ស់​ពិភពលោក ក៏ដូចជា ការទទួលខុសត្រូវរ​បស់​យើង​ក្នុងនាម​ជា​សមាជិក​របស់​សហគម​ន៍​អន្តរជាតិ​»៕







Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com